ដោយ សួន សុភ័ក្ត្រា
«វជ្របាណិ» (អាចហៅថា «វជ្រិន» ក៏បាន) ប្រែថា «អ្នកដែលកាន់រន្ទះ» ជាព្រះពោធិសត្វមួយអង្គក្នុងព្រះពុទ្ធសាសនានិកាយវជ្រយាន (ពេជ្រយាន ៖ នៅក្នុងពពួកមហាយាន) ដែលខ្មែរកាលពីបុរាណគោរពដែរ តែសព្វថ្ងៃភ្លេចអស់ ដោយសារដូរមកកាន់ព្រះពុទ្ធសាសនាថេរវាទជាយូរមកហើយ។ សព្វថ្ងៃ គេនៅគោរពទេពនេះនៅទីបេត៍, នេប៉ាល់, ភូតាន់, កូរ៉េ និងជប៉ុន ដោយមានរូបតំណាងជាទេព ក្នុងកាយវិការប្រុងប្រៀបនឹងប្រយុទ្ធ ហើយមានមុខមាត់កាចដូចយក្ស។
ទេពអង្គនេះ ឃើញលេចឡើងដំបូងនៅក្នុងសិល្បៈគន្ធារ (តំបន់ប៉ាគីស្ថាន - អាហ្វកានីស្ថានសព្វថ្ងៃ) ដែលទទួលឥទ្ធិពលក្រិច ដោយគេយកលំនាំរាងរៅតាមរូបទេពហ៊ែរគុល (Hercule) ដែលជាទេពមានកម្លាំងខ្លាំងមហិមា។ ត្រង់នេះគឺចង់បង្ហាញថា ព្រះវជ្របាណិជាទេពមួយដែលមានកម្លាំងខ្លាំង ឬអាចនិយាយថាតំណាងឱ្យកម្លាំងឬអំណាចនៃព្រះពុទ្ធសាក្យមុនី។ ជាទូទៅ វជ្របាណិមានកេតនភណ្ឌបួនគឺ វជ្រ (គ្រាប់រន្ទះ), ដាវ, ខ្សែចង និង ឃណ្ដា (កណ្ដឹង)។
នៅកម្ពុជាសម័យបុរាណ យើងឃើញមានឈ្មោះព្រះពោធិសត្វវជ្របាណិនេះ លេចឡើងយ៉ាងហោចណាស់ប្រាំដងដែរ។ សិលាចារឹកទាំងបីផ្ទាំងនៃមេទ្វារប្រាសាទបាតជុំ (K. 266, K. 267 និង K. 268) មានចារ ឈ្មោះទេពអង្គនេះ។ គេទំនងជាកសាងរូបទេពនេះតម្កល់ក្នុងប្រាសាទដែរ។ សិលាចារឹកវត្ត ស៊ីធរ (K. 111) និយាយពីការកសាងឡើងវិញនូវរូបព្រះពោធិសត្វវជ្របាណិ (គេប្រើពាក្យ «វជ្រិន») និងព្រះពោធិសត្វលោកេសូរ ដែលបាក់បែក។ សិលាចារឹកថ្មពួក (K. 225) និយាយពីអាចារ្យម្នាក់ដែលសាងរូបទេពព្រះពុទ្ធសាសនាប្រាំំមួយអង្គគឺ ៖ ព្រះពុទ្ធ, ព្រះប្រាជា្ញបារមី, ព្រះលោកេសូរ, ព្រះស្រីអារ្យមេត្រីយ, ព្រះវជ្របាណិ (គេប្រើពាក្យ «វជ្រិន») និង ព្រះឥន្ទ។ គួរឱ្យកត់សម្គាល់ថា សិលាចារឹកទាំងប្រាំនេះចារនៅក្នុងសតវត្សទី១០ ហើយសុទ្ធតែតាក់តែងឡើងជាកាព្យសំស្ក្រឹត។
បន្ថែមពីនេះទៀត មានប្រតិមាមួយចំនួន ដែលគេអាចកំណត់អត្តសញ្ញាណបានថាជាព្រះពោធិសត្វវជ្របាណិដែរ។ ក្នុងចំណោមរូបទាំងនោះ រូបដែលមើលទៅឃើញថាចាស់ជាងគេ គឺប្រតិមាមួយដែលមានប្រភពពីម្ដុំភ្នំត្រប់ សព្វថ្ងៃរក្សាទុកនៅសារមន្ទីរហ្គីម៉េត៍ ឯក្រុងប៉ារីស៍។ រូបនោះនៅក្នុងក្រុមរូបដែលមានប្រតិមាបី គឺព្រះពោធិសត្វលោកេសូរ, ព្រះពុទ្ធ និងព្រះពោធិសត្វវជ្របាណិ។ (រូបលេខ១ ៖ ពីឆ្វេងមកស្ដាំ ប្រតិមាទី៣)។ នៅរូបលំអិត លេខ២ យើងឃើញថាបាត់បង់អស់កេតនភណ្ឌ មិនអាចថាឱ្យប្រាកដបាន តែបើយើងប្រៀបធៀបមើលនឹងរូបក្រោយៗមកទៀត នៅលើគោលពីរសាងឡើងនៅសតវត្សទី១១ យើងអាចគិតថារូបនេះជាព្រះពោធិសត្វវជ្របាណិមែន។ នៅលើថ្មគោលនីមួយៗ គេឆ្លាក់ព្រះពោធិសត្វវជ្របាណិជាទេពមានដៃបួន កាន់កេតនភណ្ឌនៅគ្រប់ដៃ ជើងហាក់ដូចជាប្រុងនឹងប្រយុទ្ធ និងមានមុខមាត់កាច (មានចង្កូម និងភ្នែកធំក្រឡោត)។ នៅរូបលេខ៣-៤ យើងឃើញមានកេតនភណ្ឌដូចនឹងសេចក្ដីរៀបរាប់ យ៉ាងហោចណាស់ក៏បីដែរ (គ្រាប់រន្ទះ, កណ្ដឹង និងខ្សែចង) ដែលនាំឱ្យប្រាកដថាជាព្រះពោធិសត្វអង្គនេះ។
រូបលេខ១
ក្រៅពីរូបជាប្រតិមា និងចម្លាក់លើថ្មគោល ក៏មានរូបមួយនៅលើជញ្ជាំងប្រាសាទឥដ្ឋ ដែលទំនងជារូបព្រះពោធិសត្វវជ្របាណិដែរ (រូបលេខ៥)។ រូបនោះស្ថិតនៅលើជញ្ជាំងប៉មខាងជើងនៃប្រាសាទភ្នំត្រប់ (ស្រុកបាធាយ, ខេត្តកំពង់ចាម) ដែលយើងមើលឃើញជាទេពប្រុសមានភ្នែកធំក្រឡោត មាត់មានចង្កូម មានដៃបួនកាន់កេតនភណ្ឌនៅគ្រប់ដៃ (ដៃស្ដាំទំនងជាកាន់គ្រាប់រន្ទះ ឯដៃខាងឆ្វេងទំនងជាកាន់កណ្ដឹង)។ ទីតាំងដែលគេរកឃើញរូបទាំងបីដែលបាននិយាយមកពីខាងលើ (រូបលេខ១) នៅមិនឆ្ងាយប៉ុន្មានពីប្រាសាទភ្នំត្រប់ឡើយ។ ដូច្នេះយើងអាចគិតថា នៅក្នុងបរិបទសាសនា និងសម័យកាលតែមួយ។
ជាសរុបមក ដូចមានបង្ហាញពីខាងលើ ព្រះពោធិសត្វវជ្របាណិ ដែលមានរូបតំណាងជាទូទៅក្នុងសិល្បៈខ្មែរ ជាទេពប្រុសដែលមានដៃបួនកាន់កេតនភណ្ឌដែលជាអាវុធយ៉ាងហោចណាស់បីដែលទៀងទាត់មិនផ្លាស់ប្តូរ (វជ្រ, កណ្ដឹង, ខ្សែចង) មានទឹកមុខកាច និងមានជំហរប្រុងប្រៀបនឹងប្រយុទ្ធ។