ដោយ ឈូក សុម៉ាឡា និង ភឹង តារា
ពីមុនមកមនុស្សរស់នៅជាមួយធម្មជាតិខ្លាំងជាងសព្វថ្ងៃ។ ធម្មជាតិនោះ និយាយតាំងពីបរិស្ថានជិតៗទីលំនៅរហូតដល់ព្រៃតូចព្រៃធំបឹងបួរនៅទីឆ្ងាយ។ សត្វតូចឬធំក្នុងធម្មជាតិនោះជាប្រភពមួយយ៉ាងសំខាន់ដែលផ្តល់ធនធានអាហារឬអ្វីៗផ្សេងទៀតដល់មនុស្ស។ ឧបករណ៍នានាដែលមនុស្សបង្កើតសម្រាប់ចាប់យកសត្វទាំងនោះក៏មានច្រើនបែបយ៉ាងណាស់ដែរ អាស្រ័យទៅតាមប្រភេទសត្វដែលចង់បានឬដែលប្រទះឃើញ។ រីឯការចាត់ចែងរៀបចំក៏មានច្រើនបែបយ៉ាង។ បើទៅរកត្រីអាចទៅម្នាក់ឯងឬមានគ្នា បើទៅរកសត្វធំៗត្រូវដេកព្រៃច្រើនយប់នោះ ការចាត់ចែងត្រូវគោរពទៅតាមក្បួនច្បាប់ពិសេសៗ ដូចជាត្រូវមានព្រានជាមេលើក្រុមប្រម៉ាញ់ទាំងមូល, មានរបៀបរបបសណ្តាប់ធ្នាប់ដែលត្រូវគោរព។ ឧបមាថាក្នុងការទាក់ដំរី មេហៅថា «ហ្ម» នោះមាននាទីខុសពី «គង្វាល» ដែលតូចជាងខ្លួន, បាយទឹកឬនិយាយស្តីក្នុងព្រៃមានត្រណមពិសេស, ចំណែកដែលបានមកពីការទាក់ក៏ពុំស្មើគ្នាដែរ គឺត្រូវចែកដោយគោរពទៅតាមច្បាប់ជាទំនៀម។ ឧបករណ៍ទាក់ដំរីនេះគ្មានអាវុធជាគ្រឿងសម្លាប់ទេ គឺមានតែព្រ័ត្រដែលវេញពីស្បែកក្របីនិងដងកញ្ចាំជាដើម។
ក្នុងឧបករណ៍គ្រប់បែបយ៉ាងដែលគេប្រើក្នុងការរកសត្វ មានមួយនោះមិនដែលឃើញប្រើទេក្នុងប្រទេសកម្ពុជាសម័យក្រោយៗមកនេះ។ ឧបករណ៍នោះឃើញមានប្រើក្នុងចំណោមជាតិពន្ធុផ្សេងៗក្នុងតំបន់ព្រៃ Amazon ដ៏ធំធេង ដូចឃើញមាននៅរូបលេខ១ (© Wikipedia) និងរូបលេខ២-៤ (© gettyimages)។ បើនៅអាស៊ីអាគ្នេយ៍នេះ ក៏ឃើញមានតែនៅតាមជាតិពន្ធុខ្លះរស់នៅកោះ Borneo ឬក៏នៅខាង Papou-New Guinea ជាដើម។
ឧបរកណ៍នេះជាព្រួញដែលបាញ់ចេញពីបំពង់វែងត្រង់ភ្លឹងមួយ ហើយក្នុងការបាញ់នោះគ្នានយិតខ្សែអ្វីឡើយ គឺចេញពីការផ្លុំដោយមាត់។ ព្រួញចេញទៅនោះគឺបំពង់វែងហើយត្រង់ស្មើនេះឯងជាគ្រឿងតម្រង់។ ដែលធ្វើឲ្យសត្វឬអ្វីមួយនោះស្លាប់ គឺដោយសារគេលាបជ័រឆក់នៅចុងព្រួញ។
ក្នុងភាសាខ្មែរ ពាក្យសម្រាប់ហៅឧបករណ៍នេះបាត់បង់ទៅហើយ ប៉ុន្តែពីមុនមកច្បាស់ជាមាន ដ្បិតយើងឃើញថាជំនាន់ដើមគេប្រើប្រាស់វត្ថុនេះតាមរយៈចម្លាក់ថ្មនៅតាមប្រាសាទនានា។ ក្នុងចម្លាក់តូចមួយនៅប្រាសាទបាភួន (រូបលេខ៥) គេឃើញមានមនុស្សពីរនាក់ ម្នាក់នោះកំពុងផ្លុំបំពង់វែងមួយដោយតម្រង់បំពង់នោះទៅសត្វស្លាបមួយទុំលើមែកឈើ។ ទល់មុខបុរសនោះមានម្នាក់ទៀតកាន់សត្វមួយចង្កោមដែលបាញ់បាន ហើយមិនតែប៉ុណ្ណោះទេ គឺចង្អុលប្រាប់គូកនរបស់ខ្លួនឲ្យបាញ់សត្វនៅលើដើមឈើនោះ។ នៅប្រាសាទអង្គរវត្តវិញ មានចម្លាក់មួយចំនួននៅតាមស៊ុមទ្វារដែលជាចម្លាក់ស្តើងៗខ្លាំងណាស់ បើគ្មានពេលពិនិត្យល្អិតល្អន់យើងមិនអាចឃើញរូបមនុស្សឬសត្វដែលនៅលាយឡំជាមួយក្បាច់ជារុក្ខជាតិឡើយ។ ក្នុងនេះយើងឃើញរូបលេខ៦-៧ បង្ហាញពីមនុស្សម្នាក់លាក់ខ្លួនចេញតែពាក់កណ្តាលខ្លួនមកខាងលើកំពង់ផ្លុំបាញ់សត្វពីរដែលប្រហែលជាសត្វកំប្រុក ហើយដែលកំពុងប្រឡែងគ្នាដោយមិនដឹងខ្លួន។ បើនៅរូបលេខ៨-៩វិញ ឃើញមានសត្វកំប្រុកតែមួយប៉ុណ្ណោះ។
រូបលេខ១០-១១ បង្ហាញពីប្រម៉ាញ់ម្នាក់ទំនងជាលបៗដែរ ដោយសារយើងឃើញតែពាក់កណ្តាលខ្លួនចេញពីរុក្ខជាតិ បម្រុងនឹងបាញ់សត្វស្លាបប្រភេទសេកមួយដែលបែរខ្នងមក។ រូបលេខ១២-១៣ក៏បង្ហាញពីទិដ្ឋភាពនៅក្នុងព្រៃ។ ក្នុងនោះមានស្វាមួយអង្គុយស៊ីអ្វីមិនដឹង ហើយមានព្រានប្រម៉ាញ់ដែលពុំរវល់នឹងស្វានោះទេ គឺបែរតម្រង់បំពង់បាញ់ទៅរកសត្វសា្លបមួយនៅខ្ពស់បន្តិច។
នៅរូបលេខ១៤-១៥ មានប្រម៉ាញ់ពីរនាក់ ហើយម្នាក់នោះកំពុងតម្រង់បំពង់មករកសត្វស្លាបមួយដែរ។ សត្វនៅរូបលេខ១៦-១៧ មើលទៅទំនងជាសត្វទន្សាយ ប៉ុន្តែអាចជាឈ្លូសដែរក៏មិនដឹង។ រីឯរូបលេខ១៨-១៩វិញ ធ្វើឲ្យលំបាកបកស្រាយណាស់ដ្បិតបើពោលថាប្រម៉ាញ់នោះកំពុងតម្រង់បំពង់ទៅលើអ្វីដែលនៅមុខខ្លួនដែលទំនងជាសត្វស្វា ហេតុអ្វីស្វានោះមានកាន់ដំបង? ឬមួយក៏មនុស្សពីរនាក់ឈ្លោះគ្នា? ឧទាហរណ៍ចម្លាក់ទាំងអម្បាលនេះ បង្ហាញពីឧបករណ៍ដែលយើងលែងស្គាល់ឈ្មោះនោះតែមួយទេ ប៉ុន្តែជាការពញ្ញាក់អារម្មណ៍យើងឲ្យដឹងថាអាចមានអ្វីផ្សេងៗទៀតដែលនៅបុរាណកាលគេស្គាល់ជាធម្មតា តែដែលបាត់បង់អស់នៅសម័យបច្ចុប្បន្ននេះ។