ដោយ ចាន់ សុវិចិត្រា
បើយើងលើកលែងចោលតំបន់ខ្លះ ដូចជានៅប៉ែកឦសាន ហើយបើយើងពោលថាដីប្រទេសកម្ពុជា ពោរពេញទៅដោយមរតកបុរាណនោះ ឃើញថាមិនមែននិយាយបំផ្លើសទេ។ នេះនិយាយត្រឹមតែក្នុងព្រំដែនបច្ចុប្បន្នផង បើយកអតីតកាលមកគិត មរតកមួយភាគធំទៀតស្ថិតក្នុងទឹកដីប្រទេសជិតខាងទាំងអស់ ដែលជាប់ទល់ដែនជាមួយខ្មែរ។ ការដែលខ្ញុំយកភ្នំស្រុកមកនិយាយនៅទីនេះ គឺគ្រាន់តែដើម្បីជូនជាឧទាហរណ៍តូចមួយដល់អ្នកអានប៉ុណ្ណោះ ហើយពុំមានន័យថាជាតំបន់អ្វីពិសេសដែលមានមរតកបុរាណលើសគេលើសឯងឡើយ។ នេះគឺមកពីខ្ញុំបានទៅទីនោះច្រើនដង។ តំបន់ដែលស្ថិតនៅខាងត្បូងជួរភ្នំដងរែក និងខាងជើងទន្លេសាបនេះ បើនិយាយពីធនធានធម្មជាតិក៏គួរឱ្យចាប់អារម្មណ៍ ៖ សត្វព្រៃក៏នៅមានគួរសម រហូតដល់មានអង្គការក្រៅរដ្ឋាភិបាលអភិរក្សសត្វ មកឃ្លាំមើលថែរក្សាសត្វនៅទីនោះ ដូចជាសត្វគ្រាលជាដើមកុំឱ្យដាច់ពូជ។ ប៉ុន្តែនៅទីនេះ ខ្ញុំសូមនិយាយតែពីបេតិកភណ្ឌបុរាណប៉ុណ្ណោះ ហើយម៉្យាងទៀតខ្ញុំនឹងនិយាយយ៉ាងសង្ខេបជាទីបំផុត។ នៅសម័យបុរាណ ខ្មែរសាងបារាយមួយនៅទីនោះ ហើយសព្វថ្ងៃក៏គេនៅប្រើប្រាស់ដោយរៀបចំកែកុនទំនប់នោះទៅតាមតម្រូវការ។ បានជាមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងនេះ មកពីនៅសម័យបុរាណគេធ្វើផ្លូវភ្ជាប់រាជធានីអង្គរទៅកាត់តាមប្រាសាទស្តុកកក់ធំ ដែលសព្វថ្ងៃស្ថិតក្នុងដីប្រទេសថៃឡង់ដ៍ ហើយដែលឆ្លងកាត់តំបន់ភ្នំស្រុកនេះ។ ដោយសារលើកផ្លូវដូច្នោះហើយ បានជាយើងឃើញស្ពានបុរាណយ៉ាងវែងមួយនៅទីនោះ ថ្វីត្បិតតែផ្នែកខាងក្រោមនៃស្ពានកប់ក្នុងដីអស់ហើយ (រូបលេខ១-២)។ បើនិយាយពីដីស្រុកភ្នំស្រុកទាំងមូល ឃើញថាមានស្ពានបុរាណរហូតដល់ទៅ៦ឯណោះ (ឧទាហរណ៍មួយទៀតនៅរូបលេខ៣)។ ក្នុងចំណោមនោះ “ស្ពានស្រែង” ធំវែងជាងគេ តែនៅក្នុងសម័យ “កម្ពុជាប្រជាធិបតេយ្យ” គេលប់ស្ពាននេះស្ទើរតែជិតឈឹងអស់ទៅហើយ ដោយសារមានតម្រូវការក្នុងការសាងទំនប់មួយ ។ រីឯសំណង់បុរាណ ដូចជាប្រាសាទខ្លះៗ ដែលអ្នកស្រាវជ្រាវបារាំងបានសិក្សា និងចុះបញ្ជីសារពើភណ្ឌនៅដើមស.វ.ទី២០ ទើបនឹងបាត់បង់ ហិនហោចខ្លះក្នុងប៉ុន្មានទសវត្សកន្លងទៅប៉ុណ្ណោះ។ និយាយមកប៉ុន្មានខាងលើនេះ គឺពុំគិតពីសំណល់ជំនាន់បុរេប្រវត្តិផងទេ។ តាមពិតទៅ គឺមានស្ថានីយ៍មុនសម័យប្រវត្តិសាស្ត្រនៅតំបន់នោះ។ ឧទាហរណ៍ គេប្រទះឃើញមានកុលាលភាជន៍ដោយចៃដន្យនៅក្នុងឃុំប៉ោយយចារ និងឃុំស្វាយខ្មៅ (រូប លេខ៤-៥)។ បើពិនិត្យភិនភាគភាជន៍ទាំងនោះ ឃើញថាប្រហាក់ប្រហែលគ្នានឹងភាជន៍ដែលរកឃើញនៅភូមិស្នាយ ដែលជាស្ថានីយ៍បុរេប្រវត្តិស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំពោះប្រាសាទសម័យប្រវត្តិសាស្ត្រវិញ ខ្ញុំសូមជូនឧទាហរណ៍មួយពីរ ដូចនៅរូបលេខ៦-៧ ដែលបង្ហាញពីប្រាសាទកូនខ្លែង ស្ថិតនៅប្រមាណ១៥គ.ម.ខាង ពាយព្យទីរួមស្រុក ព្រមទាំងរូបលេខ៨ ជាហោត្រៃនៃប្រាសាទប្រាំ ស្ថិតនៅចម្ងាយ ១៥គ.ម.ខាងកើតទីរួមស្រុក។