ដោយ ច័ន្ទ វិត្ថារ៉ុង
បើពោលជាទូទៅ កម្រមានបូជនីយដ្ឋានណាមួយដែលសាងឡើងហើយ នៅរក្សាទ្រង់ទ្រាយដើមដោយគ្មានការកែកុនឬបន្ថែមបន្ថយអ្វីសោះ ត្បិតជាធម្មតាបូជនីយដ្ឋាននោះតែងតែឆ្លងកាត់សម័យកាលច្រើន កុំថាឡើយតែក្នុងបរិបទប្រវត្តិសាស្ត្រឬសាសនាតែមួយ សូម្បីតែសាសនាដូរហើយក៏អាចមានប្រជាជននៅតែទុកជាទីបូជាដដែល។ ប្រការនេះ អ្នកស្រាវជ្រាវតែងដឹងជាធម្មតា ពុំមានអ្វីប្លែកឡើយ។ ទោះជាដូច្នេះក្តី ក៏នៅទីនេះខ្ញុំចង់លើកឧទាហរណ៍មួយតូចមកជូនអ្នកអានដែលពុំមែនជាអ្នកឯកទេសខាងសិល្បៈឬសំណង់បុរាណជ្រាប។ ករណីដែលលើកមកនេះគឺប្រាសាទស្រីគ្រប់លក្ខណ៍នៅសម្បូណ៌ព្រៃគុក។
ជាដំបូងសូមជ្រាបថា “ព្រៃគុក” ដែលពោលនេះមានក្រុមប្រាសាទច្រើន មានឈ្មោះផ្សេងៗគ្នា។ ម៉្យាងទៀតដោយសារជាបុរាណដ្ឋានដ៏ធំមួយ អ្នកស្រាវជ្រាវបានសិក្សាជាយូរមកហើយ និងបន្តរហូតមកដល់សព្វថ្ងៃ ជាអាទិ៍ក្នុងវិស័យស្ថាបត្យកម្ម, សិល្បៈ និងសិលាចារឹក។ ក្នុងចំណោមនេះ ប្រាសាទស្រីគ្រប់លក្ខណ៍ស្ថិតនៅពាយ័ព្យនៃក្រុម “ប្រាសាទសម្បូណ៌” ដែលគេស្គាល់ជាងគេ។ បើប្រៀបនឹងក្រុមរបងរមាសវិញគឺនៅអាគ្នេយ៍នៃក្រុមនេះ(រូបលេខ១)។ ក្រុមប្រាសាទស្រីគ្រប់លក្ខណ៍មានប៉មផ្សេងៗច្រើន ក្នុងនេះខ្ញុំយកតែសំណង់ដែលមានចុះលេខសំគាល់ L5, L6 និង L7 ប៉ុណ្ណោះមកពិចារណា (សូមមើលប្លង់លម្អិតនៅរូបលេខ២)។ ដើមឡើយមានតែតួប៉ម L5 ទេ ដែលសង់ជំនាន់ជាមួយគ្នានឹងប្រាសាទភាគច្រើនក្នុងព្រៃគុកនេះ ពោលគឺនៅសតវត្សទី៧។ L5 នោះសោត ក៏ពោលតែផ្នែកសំខាន់ដែលហៅថាគភ៌គ្រឹះប៉ុណ្ណោះ (រូបលេខ៣-៤) ព្រោះក្បូរក្បាច់រចនាផ្សេងៗដូចជាចម្លាក់ម៉្យាងដែលអ្នកស្រាវជ្រាវហៅថា “សំបុកចាប” ហើយពុំតែប៉ុណ្ណោះ សិលាចារឹកដែលនៅទីនោះ (ចុះលេខជំរឿន K.151)សុទ្ធសឹងជាតឹកតាងស្រាប់។ រីឯយ៉ដែលលយមកខាងកើត ឬហៅថាមណ្ឌបនោះ ប្រហែលជាសាងបន្ថែមនៅជំនាន់ក្រោយមកទៀតទេ។ ពោលនេះ ដោយយោងទៅតាមរចនាបថផ្តែរដែលធ្លាក់មកដី ហើយដែលសព្វថ្ងៃគេថែរក្សាទុក។ បើមើលផ្តែរនោះទៅឃើញថាមានចម្លាក់សងខាងដែលជាប្រការចម្លែក។ ម្ខាងមានចេញជាសណ្ឋានរូបរាងព្រាលៗដែលមួយភាគខាងក្រោមដងធ្នូរលំបាក់នឹងសន្មត់ឲ្យច្បាស់ថា តើគេឆ្លាក់ហើយ ក្រោយមកខូចខាតទៅវិញ ឬមួយក៏ឆ្លាក់ចោលការនៅកណ្តាលទី (រូបលេខ៥)។ ឯម្ខាងទៀតនោះ (រូបលេខ៦)ទើបឆ្លាក់ហើយជាស្ថាពរ ហើយយើងឃើញថាចម្លាក់នោះមិននៅក្នុងរចនាបថណាមួយនៃសម័យមុនអង្គរឡើយ។ បើយោងតែទៅតាមលំនាំសិល្បៈសុទ្ធនោះ គេអាចពោលថានៅក្នុងរចនាបទបាភួន មានន័យថាអាចនៅក្នុងផ្នែកទី២នៃសតវត្សទី១១ ឃើញថា៤សតវត្សក្រោយគភ៌គ្រឹះ។ សំណង់ ដែលស្ថិតនៅអាគ្នេយ៍នៃ L5 ហើយបាក់បែកស្ទើរតែអស់ តែយ៉ាងណាក៏នៅតែមើលដឹងថាបែរមុខទៅខាងលិច។ យើងជឿថាជាហោត្រៃ។ ជាទូទៅ ហោត្រៃតែងមាន២ បែរបញ្ច្រាស់ទៅទិសប្រាសាទ។ តែម្តងៗឃើញមានហោត្រៃ ទោលតែឯងដែរ។ ក្នុងករណីនេះ គឺតែងតែនៅអាគ្នេយ៍ដូច្នេះ។ នេះហើយដែលធ្វើឲ្យយើងជឿថាជាហោត្រៃ។ លោក Jean Boisselier ដែលជាអ្នកសិក្សាសិល្បៈខ្មែរជ្រៅជ្រះធ្លាប់បង្ហាញថា ក្នុងសិល្បៈខ្មែរ ហោត្រៃលេចឡើងមុនគេបង្អស់នៅសតវត្សទី៩ នៅប្រាសាទព្រះគោ (ខេត្តសៀមរាប)។ ដូច្នេះ L5 យ៉ាងឆាប់ណាស់ក៏កើតមកប្រមាណ២០០ឆ្នាំក្រោយ L5 ដែរ ។ ទាំងនេះធ្វើឲ្យយើងគិតថាក្លោងទ្វារដែលចុះលេខ L6 សង់តម្រូវទៅតាមសំណង់បន្ថែមក្រោយ ដើម្បីផ្តាច់ប៉ម L5និង L7 ឲ្យទៅជាក្រុមមួយ ត្បិតកាលណាមានក្លោងទ្វារហើយគឺគេសន្មត់ថាមានកំពែងព័ទ្ធជុំវិញ។ បើយោងតាមបរិបទទាំងមូលនេះ ក្លោងទ្វារ, ហោត្រៃ និងមណ្ឌប សមតែសាងឡើងព្រមគ្នានៅសតវត្សទី១១។
នេះជាឧទាហរណ៍មួយដែលបង្ហាញថាបូជនីយដ្ឋានតែងតែឆ្លងកាត់សម័យកាលយូរអង្វែង បើមនុស្សបោះបង់ចោលលុះត្រាតែមានព្រឹត្តិការណ៍អ្វីមួយសំខាន់ខ្លាំង។