ជ័យពុទ្ធមហានាថ

 ដោយ អ៊ឹម សុខរិទ្ធី

 ប្រាសាទបាយ័ន្តសាងឡើងនៅចុងស.វ.ទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីតម្កល់ទេពនានាចំនួនច្រើន។ ទេពខ្លះជាពុទ្ធបដិមា ខ្លះទៀតជាទេពសាសនាព្រាហ្មណ៍។ ទេពនីមួយៗនោះសឹងមានព្រះនាមផ្ទាល់ខ្លួន។ រីឯទេពដែលធំលើគេ ហើយតម្កល់នៅជាន់លើកណ្តាលប្រាសាទបាយ័ន្តនោះមានព្រះនាមថា “ជ័យពុទ្ធមហានាថ”។ ផុតពីរាជ្យព្រះបាទជ័យវរ្ម័ន ទី៧បន្តិចមក សាសនាព្រាហ្មណ៍ក៏ត្រឡប់មកមានតួនាទីជាសាសនាទី១ឡើងវិញ។ ប្រាសាទបាយ័ន្តក៏ពុំខុសប្លែកអ្វីពីប្រាសាទពុទ្ធសាសនាមហាយានឯទៀតឡើយ គឺគេកែប្រែ ឱ្យទៅជាទីបូជានៃព្រហ្មញ្ញសាសនា។ នៅពេលនោះហើយដែលជ័យពុទ្ធមហានាថបាត់បង់តួនាទីជាព្រះរូបសំខាន់បំផុតនៅទីនោះ។ ដូច្នេះគ្មានអ្វីគួរឆ្ងល់ទេ ដែលគេទម្លាក់រូបនោះចោលទៅក្នុងអណ្តូងនៃតួប៉មកណ្តាលប្រាសាទ។ តែចំណុចនេះពុំមាននរណាម្នាក់មានការចងចាំឡើយ ទើបតែដល់គ.ស.១៩៣៣  ទើបបុរាណវិទូបារាំងឈ្មោះ  Georges Trouvé ដែលធ្វើការនៅអភិរក្សអង្គរ បានប្រទះឃើញបំណែកព្រះរូបនោះក្នុងឱកាសដែលលោកធ្វើកំណាយស្រាវជ្រាវអំពីគ្រឹះនៃតួប៉មកណ្តាលប្រាសាទនៅជម្រៅ១៤ម.ទៅក្រោម។ ពុំយូរប៉ុន្មាន លោកក៏យកបំណែកទាំងនោះមកផ្គុំ (រូបលេខ១) ចេញបានជាព្រះបដិមាពេញលេញឡើងវិញ ឃើញថាមានកម្ពស់៣,៦០ម. (រូបលេខ២)។ ព្រឹត្តិការណ៍នេះមានការខ្ចរខ្ចាយទៅឆ្ងាយ ដោយសារខ្មែរកាន់ព្រះពុទ្ធសាសនាជាយូរមកហើយ។

នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៣៤ ព្រះករុណាព្រះបាទមុនីវង្ស ព្រះអង្គបានរៀបចំពិធីអភិសេកព្រះបដិមានោះឡើងវិញ ហើយទ្រង់ព្រះតម្រិះឱ្យតម្កល់នៅខឿនព្រះវិហារប្រាំពីរល្វែង ដែលស្ថិតនៅខាងឦសាននៃប្រាសាទបាយ័ន្តក្នុងអង្គរធំ សម្រាប់ឱ្យប្រជាជនគោរពបូជាឡើងវិញ។ តាំងពីពេលនោះមកគ្មានការដូរកន្លែងទៀតទេ មានតែការរើរុះសំណង់នៅលើខឿន ពីឈើមកស៊ីម៉ងត៍ (រូបលេខ៣-៤)។