ដោយ អ៊ុំ វុត្ថា
មកទល់បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវរកឃើញទីដែលមនុស្សបុរាណកាត់យកថ្មមកសង់ប្រាសាទធំៗ នាសម័យអង្គរជាច្រើនកន្លែង ដូចជានៅតំបន់ភ្នំគូលែន (សម្រាប់សង់ប្រាសាទក្នុងតំបន់អង្គរ), អូរថ្មដាប់ ក្បែរប្រាសាទបឹងមាលា, តំបន់កោះកេរ, តំបន់ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទបន្ទាយឆ្មារជាដើម។ ដោយឡែកចំពោះប្រាសាទក្នុងខេត្តបាត់ដំបង ពីមុនមកយើងមិនដែលដឹងថាមានការដ្ឋានយកថ្មនៅទីណាឡើយ។ ទើបតែថ្មីៗនេះ កាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ លោកពូ ជុំ រី ជាឆ្មាំប្រាសាទស្នឹងបាននាំខ្ញុំទៅមើលកន្លែងមួយ ដែលបន្ទាប់ពីទៅឃើញហើយ នាំឲ្យខ្ញុំយល់ថាទំនងជាកន្លែងយកថ្មសម័យបុរាណ។ ទីតាំងនោះស្ថិតនៅចំកណ្តាលចម្ការដំឡូងមីរបស់អ្នកស្រុក ក្នុងដែនរដ្ឋបាលភូមិស្នឹងខាងត្បូង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ចម្ងាយប្រហែល១គ.ម.ពីជើងភ្នំតូចមួយ និងនៅខាងត្បូងផ្លូវជាតិលេខ៥៧ ដែលភ្ជាប់ពីបាត់ដំបងទៅប៉ៃលិន (សូមមើលផែនទីនៅរូបលេខ១)។ យើងពុំទាន់បានវាស់វែងកំណត់ពីទំហំជាក់លាក់របស់ការដ្ឋានយកថ្មនេះនៅឡើយ ប៉ុន្តែបើតាមការស្មានជាបណ្តោះអាសន្ន ដោយមើលនឹងភ្នែកជាក់ស្តែង និងមើលតាមរូបថតពីលើអាកាស ទីនោះអាចមានទំហំរវាង២៤ហិចតា។
រូបលេខ១
បានជាខ្ញុំហ៊ានសន្និដ្ឋានថាទីនោះជាកន្លែងយកថ្មភក់នាសម័យបុរាណ ដ្បិតឃើញថានៅទីតាំងនោះផ្ទាល់មានសល់ថ្មជាច្រើននៅរាយប៉ាយ ដែលខ្លះយកទៅពុំទាន់អស់ ខ្លះកាត់ពុំទាន់ហើយ និងខ្លះទៀតកាត់ខូចប្រើពុំកើតទើបគេទុកចោល (រូបលេខ២-៣)។ ចំពោះទំហំថ្មដែលកាត់រួច និងដុំដែលកាត់មិនទាន់ចប់មានខ្នាតធំតូចមិនប៉ុនគ្នាទេ។ ដុំថ្មដែលយើងឃើញនៅលើទីតាំងផ្ទាល់នោះ ភាគច្រើនមានទំហំចន្លោះ ៩០ស.ម. X ១៣០ស.ម. ប៉ុន្តែក៏មានដែរដុំដែលមានបណ្តោយវែងរហូតដល់៣.ម. ដែលទំនងជាថ្មប្រើសម្រាប់ធ្វើជាស៊ុំទ្វារ, ស៊ុំបង្អួច ឬធ្វើជាផ្តែរ ដែលជាទូទៅគេធ្វើពីថ្មតែមួយដុំវែងតែម្តង (រូបលេខ៤)។ ចំពោះបច្ចេកទេសកាត់វិញ យើងឃើញថានៅទីនេះអ្នកកាត់ដាប់ក្រឡឹងជុំវិញដុំថ្មតាមទំហំដែលគេចង់បាន ហើយចន្លោះគម្លាតពីថ្ម១ដុំទៅថ្ម១ដុំទៀត មានប្រវែងពី១៥ទៅ២០ស.ម.។ ការដែលយើងឃើញថាទំហំថ្មដែលកាត់នោះធំតូចមិនប៉ុនគ្នាដូច្នោះ នាំឲ្យគិតថាប្រហែលជាស្ថាបត្យករដែលទទួលខុសត្រូវលើកិច្ចការសាងសង់ប្រាសាទបានគិតគូរគណនាមុនស្រេចហើយពីចំនួននិងទំហំថ្មដែលគេចង់បាន និងបានប្រាប់ទៅអ្នកទទួលខុសត្រូវខាងកាត់ថ្ម ឲ្យកាត់ឲ្យត្រូវតាមការចង់បាន?
បើមើលទៅលើទំហំការដ្ឋានយកថ្មមួយនេះ ទំនងជាមិនអាចផ្គត់ផ្គង់ថ្មឲ្យសាងប្រាសាទបានច្រើន ឬប្រាសាទអ្វីមួយធំដុំឡើយ។ ទីតាំងនេះមានចម្ងាយប្រមាណតែ៤គ.ម.ប៉ុណ្ណោះពីប្រាសាទស្នឹង និងប្រមាណ១១គ.ម.ពីប្រាសាទភ្នំបាណន់។ គួរបញ្ជាក់ដែរថានៅទីតាំងប្រាសាទស្នឹងមានក្តីប្រាសាទសំខាន់ពីរ គឺខាងកើតសង់ពីឥដ្ឋ (ហៅថាប្រាសាទស្នឹងខាងកើត) និងខាងលិចសង់ពីថ្នភក់សុទ្ធ (ហៅថាប្រាសាទស្នឹងខាងលិច) ហើយក្តីទាំង២នេះ សង់ឡើងក្នុងសម័យកាលប្រហាក់ប្រហែលគ្នា។ បើគិតទៅចម្ងាយទីតាំងយកថ្ម និងទំហំការដ្ឋាន យើងទំនងជាអាចសន្និដ្ឋានជាបឋមថា ទីនោះជាការដ្ឋានយកថ្មសម្រាប់សាងសង់ប្រាសាទស្នឹងខាងលិច។ បើពិនិត្យលើសាច់ថ្មទៀត ការសន្និដ្ឋាននេះរិតតែមានទម្ងន់ ដ្បិតប្រភេទថ្មដែលសល់នៅនឹងកន្លែងកាត់ជាមួយប្រភេទថ្មដែលសង់ប្រាសាទស្នឹងខាងលិចមានលក្ខណៈប្រហាក់ប្រហែលគ្នា ពោលគឺជាប្រភេទថ្មភក់ពណ៌ត្នោតខ្ចី និងគ្រាប់ខ្សាច់ម៉ត់ដូចគ្នា។