ដោយ អាំង ជូលាន
ខ្ញុំធ្លាប់បាននិយាយបន្តិចដែរពីព្រះបាទអង្គចន្ទ្រទី១ (ល្បាក្សត្រហៅថា “ព្រះចន្ទរាជា”) ដែលផ្តួចផ្តើមនាំខ្មែរឱ្យងើបឡើងវិញនៅសតវត្សទី១៦ ហើយដែលទៅគង់នៅរាជធានីអង្គរមួយ រយៈ ដើម្បីរៀបចំលើកតម្លៃបុរាណដ្ឋានមកវិញ (សូមអានជំពូកទី៤, លេខរៀងទី១៨)។ រោងទងនៅអង្គរវត្ត, ត្រង់រួតដែលសព្វថ្ងៃយើងឃើញមានផ្ទាំងចម្លាក់ជុំវិញនោះ, កាលជំនាន់ដែលព្រះបាទសូរ្យវរ្ម័នទី២សាង គឺពុំទាន់មានចម្លាក់ទេ នៅផ្ទាំងពីរដែលទល់គ្នាបង្កើតជាមុមឦសាន (រូបលេខ១, កន្លែងដែលផាត់ពណ៌បៃតង)។ ទាល់តែប្រមាណបួនរយឆ្នាំក្រោយមកទើបព្រះបាទអង្គចន្ទ្រមកបំពេញចម្លាក់ ឱ្យចប់ចុងចប់ដើម។ ការឆ្លាក់បំពេញនេះគួរឱ្យចាប់អារម្មណ៍ជាទីបំផុត ត្បិតគេអាចគិតថា ពេលនោះខ្មែរកាន់ព្រះពុទ្ធសាសនាថេរវាទពេញលេញបានប្រមាណពីររយឆ្នាំរួចមកហើយ ហេតុអ្វីបានជាត្រឡប់ទៅឆ្លាក់រឿងរ៉ាវព្រហ្មញ្ញសាសនា នៅក្នុងនិកាយព្រះនារាយណ៍លើផ្ទាំងទាំងពីរទៅវិញ? នៅរបៀងខាងកើត, ចំហៀងខាងជើង ចម្លាក់នោះនិយាយពីជ័យជំនះនៃព្រះនារាយណ៍លើពពួកអសោរ។ រីឯនៅរបៀងខាងជើង, ចំហៀងខាងកើត គឺនិយាយអំពីជ័យជំនះរបស់ព្រះក្រឹស្ណាលើ “ពាណ”។
បើមើលអក្សរដែលចារលើផ្ទាំងនោះតែម្តង ទើបយល់ពីព្រះតម្រិះនៃព្រះបាទអង្គចន្ទ្រ។ តាមពិតទៅពាក្យចារឹកពន្យល់ ពីរកន្លែង ដែលពុំសូវវែងប៉ុន្មាននោះ ចោទជាបញ្ហាដល់អ្នកស្រាវជ្រាវ អស់រយៈពេលជាងពាក់កណ្តាលសតវត្ស។ លុះមកដល់ឆ្នាំ១៩៦២ ទើបលោក George Coedès ទម្លុះទម្លាយបញ្ហានិងចម្ងល់ទាំងពួងបានជ្រះស្រឡះ។ លោកបានពន្យល់រឿងអស់នេះក្បោះក្បាយណាស់ នៅក្នុងអត្ថបទមួយចុះក្នុងទស្សនាវដ្តី Journal Asiatique ក្នុងឆ្នាំនោះ។ នៅទីនេះ ខ្ញុំគ្រាន់តែចម្លងយកពាក្យពេចន៍ ដែលចារមកដាក់ជាអក្សរពុម្ភយើងសព្វថ្ងៃ។ ខ្ញុំសូមបញ្ជាក់ថាអក្សរចារឹកនោះ ក្នុងមួយផ្ទាំងៗសរសេររៀងគ្នាវែងតែមួយបន្ទាត់ប៉ុណ្ណោះ ដូច្នេះពុំអាចយករូបមកដាក់បង្ហាញបានឡើយ។ បើយកមកបង្ហាញអក្សរនោះនឹងតូចល្អិតខ្លាំងពេក ហើយចារនោះក៏ពុំស្មើដៃទាល់តែសោះទៀតផង ធ្វើឱ្យលំបាកអានជាទីបំផុត។ សូមសង្កេតថា ខ្មែរសម័យនោះនៅរក្សាអក្សរ “ឞ ” ដូចបុរាណកាល ដើម្បីគោរពអក្ខរាវិរុទ្ធពាក្យសំស្ក្រឹតបានដូចដើមនៅឡើយ ។ របៀងខាងកើត, ចំហៀងខាងជើង៖
ព្រះបាទមហាវិឞ្ណុលោកថ្វេព្វុំទានស្រចនៅផេនព្យរ លុះថ្លេងរាជព្រះបាទស្តចព្រះរាជឱង្ការ បម៌្មរាជាធិរាជរាមាធិបតិ បម៌្មចក្រពត៌្តរាជ ប្រេព្រះមហីធរ នារាជសិល្បិបុនះឆ្លកផេននិយាយ អនុ ... កំលុងអឞ្ឋសក មមិនកត្រ ពុទ្ធពារបុណ៌្ណមិ ភទ្របទ្ទ
សង្ខេបនិងសម្រួលឱ្យអ្នកអានសម័យថ្មីងាយយល់ មានន័យថា៖
ព្រះបាទសូរ្យវរ្ម័នទី២សាងពុំបានសព្វគ្រប់ទេ នៅសល់ផ្ទាំងពីរទៀត។ លុះព្រះបាទអង្គ ចន្ទ្រឡើងជាព្រះរាជាមក ព្រះអង្គប្រើព្រះមហីធរ ដែលនៅក្នុងក្រុមជាងវាំងឱ្យឆ្លាក់រៀបរាប់រឿង...[ទីនេះថ្មបែកខូចអក្សរ] នៅថ្ងៃពុធ ទី៨ ខែកញ្ញា គ.ស.១៥៤៦។
របៀងខាងជើង, ចំហៀងខាងកើត៖
វ្រះបាទមហាវិឞ្ណុលោកថ្វេព្វុំទានសំរចនៅផ្ទាងព្យរ ថ្លេងរាជវ្រះបាទសំតេចវ្រះរាជឱង្ការ បម៌្មរាជាធិរាជតបម៌្មបវិត្រ ឱ្យឆ្លាកនិយាយ ឱសាសំរចនាលុះតឯកចត្វរអឞ្ឋបញ្ចសក កុន៌កត្រ បូន៌្នមី ផល្គុណ អាទិត្យពារ សំរចនុប៌្បៀង ភ្នាកតៃព្យរមុម រុវ្រេង
សង្ខេបនិងសម្រួល៖
ព្រះបាទសូរ្យវរ្ម័នទី២ សាងពុំបានសព្វគ្រប់ទេ នៅសល់ផ្ទាំងពីរទៀត។ លុះព្រះបាទអង្គ ចន្ទ្រឡើងជាព្រះរាជាមក ព្រះអង្គឱ្យគេឆ្លាក់រឿងនិទាន។ គេប្រឹងប្រែងឆ្លាក់លុះសម្រេចចប់នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ គ.ស.១៥៦៤ នូវរបៀងទាំងពីរដូចបុរាណកាល។
ការឆ្លាក់នេះ យើងពុំអាចដឹងថាមានផ្អាកពេលខ្លះ ហើយប្រសិនបើមាន ផ្អាកនោះប៉ុន្មានដងឡើយ គ្រាន់តែឃើញថារយៈពេលទាំងអស់គឺជាង១៧ឆ្នាំ។ តែប្រការដែលខ្ញុំចង់គូសសង្កត់ នៅទីនេះគឺពាក្យចុងក្រោយដែលសម្រួលថា “ដូចបុរាណកាល”។ ពាក្យដើមលើអក្សរថ្មនោះគឺ “រុវ្រេង” ប្រែឱ្យចំថា “ដូចព្រេង” មានន័យថាដូចពីព្រេងនាយ, គោរពតាមគំនិតពីព្រេងនាយ។ ពាក្យពីម៉ាត់ចុងក្រោយនេះ សំខាន់ក្រៃលែង ព្រោះបង្ហាញថា សាសនាដែលកាន់ខ្ជាប់ខ្ជួននៅសតវត្សទី១៦នោះ ជាសាសនាព្រះពុទ្ធក៏មែនពិត តែមរតកសាសនានិងវប្បធ៌មព្រាហ្មណ៍ពីបុរាណកាលមក ក៏នៅតែគោរពរក្សា ពុំកែប្រែឱ្យវៀចវេទៅណា។