ឥន្ទធនូ

ដោយ សាឃឿន សក្តា និងកញ្ញា ឡាំ សុជាតា

ជាតិសាសន៍ច្រើនណាស់នៅលើលោកនេះ ដែលមើលឃើញបាតុភូតម៉្យាងនៅលើអាកាសថាជា “ធ្នូ”។ ខ្មែរហៅថា “ឥន្ទធនូ” ប្រែថា “ធ្នូព្រះឥន្ទ្រ”, បារាំងសេសថា Arc-en-ciel ប្រែថា “ធ្នូនៅលើមេឃ”, អង់គ្លេសថា Rainbow  ប្រែថា “ធ្នូភ្លៀង”។ សេចក្តីពន្យល់បាតុភូតតាមវិទ្យាសាស្ត្រនោះគឺគេដឹងជាធម្មតា ពុំចាំបាច់រៀបរាប់នៅទីនេះទេ ព្រោះយើងខ្ញុំចង់ផ្តោតគំនិតតែទៅលើជំនឿប៉ុណ្ណោះ។

ក្នុងធម្មជាតិ ឥន្ទធនូតែងមានរាងកោង ហាក់ដូចជាភ្ជាប់មេឃឲ្យមកប៉ះនឹងដី ប្រៀបបានទៅនឹងស្ពានចម្លងភពមនុស្សឲ្យទាក់ទងនឹងភពសួគ៌ (រូបលេខ១-២)។ ជួនកាលរាងដងធ្នូនោះមានដល់ទៅពីរស្របគ្នាផង។ នៅរូបលេខ៣ ដងធ្នូមួយមើលឃើញច្បាស់ ឯមួយទៀតដែលស្របជាមួយគ្នានោះ មើលឃើញព្រាលៗ បើនៅរូបលេខ៤ ទើបច្បាស់ជាងនេះបន្តិច។

ជាមួយគ្នានោះជាតិសាសន៍ដែលទទួលឥទ្ធិពលវប្បធម៌ច្រើនពីឥណ្ឌា ដូចជាខ្មែរជាដើមនេះតែងយល់ថា ដងធ្នូជាសត្វនាគ។ ដូច្នោះហើយបានជានៅតាមគំនូរនានា ដូចជានៅរូបលេខ ៥-៦ជាដើម យើងតែងឃើញគេគូរដងធ្នូជានាគដូច្នោះឯង។ រីឯនៅតាមរបំាព្រះរាជទ្រព្យក៏ដូចគ្នា (រូបលេខ៧)។

គំនិតទាំងពីរនេះឯងដែលចូលគ្នាទៅចេញជាគំនិតថា ឥន្ទធនូដែលជាស្ពានភ្ជាប់ស្ថានមនុស្សទៅស្ថានទេពនោះ ជានាគផង។ សូមរំលឹកថា នាគទាក់ទងទៅនឹងភ្លៀង ឯឥន្ធធនូវិញក៏ដូចគ្នា គឺច្រើនតែលេចចេញមកជុំវិញពេលភ្លៀង។ រូបលេខ៨ បង្ហាញពីព្រះពុទ្ធអង្គយាងចុះពីប្រោសមាតានៅស្ថានត្រៃត្រិង្សមកស្ថានមនុស្សវិញតាមជណ្តើរកែវ ហើយយើងឃើញថា ភ្នាក់ដៃជណ្តើរនោះជាសត្វនាគ ហើយនៅក្បាលជណ្តើរជាក្បាលនាគ។ គំនិតនេះពុំមែនទើបតែកើតនោះឡើយ គឺខ្មែរមានមកតាំងពីបុរាណកាលម៉្លេះ។ បើមើលទៅប្រាសាទបាគងដែលសាងឡើងនៅស.វ.ទី៩ យើងឃើញថា ផ្លូវដែលដើរចូលទៅនោះឆ្លងកាត់កសិន្ធុទឹកដែលជាខ្សែក្រវាត់ចក្រវាលមួយជាន់សិន ឯស្ពានហាលដែលឆ្លងទៅនោះគឺអមទៅដោយសត្វនាគសងខាង ដូចឃើញនៅរូបលេខ៩-១០។ បើមើលរូបលេខ១១ ដែលបង្ហាញពីប្រាសាទបន្ទាយស្រី (ស.វ.ទី១០) ថតពីលើ ក៏យើងឃើញថាមានស្ពានសងខាងចម្លងពីភពមនុស្សទៅភពទេពដែរ មិនខុសអ្វីពីប្រាសាទបាភួន (ស.វ.ទី១១) ដែលមានស្ពានហាលយ៉ាងវែងនោះដែរ។ បើពោលពីប្រាសាទអង្គរវត្តដែលសាងនៅស.វ.ទី១២ផង គឺស្ពានហាលឆ្លងកសិន្ធុដ៏ធំនោះកាន់តែមានភាពស្ញប់ស្ញែងទៅទៀត (រូបលេខ១៣) ហើយនៅដើមស្ពាននោះមានរូបនាគដែរ ដែលអ្នកស្រុកហៅថា “មុខនាគ”។ រូបលេខ១៤ បង្ហាញពីស្ពានមួយដែលឆ្លងកាត់កសិន្ធុព័ទ្ធជុំវិញក្នុងចំណោមស្ពានទាំង៥នៃអង្គរធំ។ ភ្នាក់ដៃស្ពាននោះគេឆ្លាក់ជាសត្វនាគដែលដើរតួជាព្រ័ត្រដើម្បីឲ្យពួកទេពម្ខាង និងម្ខាងទៀតជាពួកយក្សរូតទៅមកក្នុងការកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្រឹត។ ឧទាហរណ៍ប្រាសាទទាំងអម្បាលម៉ាននេះបង្ហាញថា ដែលយើងជាមនុស្សរំកិលខ្លួនទៅរកទេពនោះ គឺត្រូវឆ្លងកាត់ស្ពានដែលជាគ្រឿងចម្លងភ្ជាប់មនុស្សទៅទេព ដូចជាឥន្ទធនូដូច្នោះដែរ។