ចម្លាក់រូបជនបរទេសនៅប្រាសាទសម្បូណ៌ព្រៃគុក

 ដោយ  ហេង ពិភាល់

  អ្នកដែលចូលចិត្តរំពៃមើលចម្លាក់បុរាណនៅប្រាសាទសម្បូណ៌ព្រៃគុក រមែងមានចម្ងល់លើចម្លាក់រូបមនុស្សប្លែកៗមួយចំនួនដែលមានភ្នែកក្រឡោតធំៗ, ក្បាលមានពាក់មួកច្រើនបែបយ៉ាង ខុសពីសិល្បៈជំនាន់អង្គរ។ ឧទាហរណ៍ នៅរូបលេខ១ យើងឃើញចម្លាក់មនុស្សផ្សេងៗឈរនៅលើភិមានអាកាស ដែលគេឆ្លាក់លើផ្ទាំងជញ្ជាំងប៉មលេខ N15។ បើពិនិត្យលើរូបលេខ២ ដែលជារូបពង្រីកជួរក្រោម យើងឃើញថាអ្នកឈរនៅកៀនទាំងសងខាងពាក់មួករាងទ្រវែងស្តួចចុង ហើយមានរំយោលធ្លាក់មកចំហៀង (សូមមើលរូបពង្រីកលេខ៣)។ ជួនកាលមួករបៀបនេះក៏មានស្រីពាក់ដែរ (រូបលេខ៤) ដូចឃើញនៅប៉មផ្សេងទៀតក្នុងក្រុមប្រាសាទសម្បូណ៌ព្រៃគុកដដែល។

ឥឡូវនេះគួរយើងពិនិត្យមួកដែលឃើញក្នុងរូបលេខ៥ (ប៉ម S11) ត្បិតករណីរបៀបនេះពុំត្រឹមតែប្លែកដូចនិយាយមកអម្បាញ់មិញប៉ុណ្ណោះទេ គឺថែមទាំងមាននៅលើចម្លាក់ក្រុមមនុស្សសាសន៍ឆ្ងាយ ៗ ដែលអាចគិតថាមានជះឥទ្ធិពលមកលើសិល្បៈប្រទេសកម្ពុជា។ បើប្រៀបមួកនេះមកមួកដែលមនុស្សនៅរូបលេខ៦ពាក់ ឃើញថាស្រដៀងគ្នាដែរ តែរូបខាងក្រោយនេះជារូបដែលគេប្រទះឃើញនៅបុរាណដ្ឋាន Ku Bua ក្នុងខេត្តរាជបុរី, ប្រទេសថៃឡង់ដ៍ ហើយដែលគេយល់ថាជារូបជនបរទេស។ ម៉្យាងទៀត ប្រាក់កាក់ដែលគេរកឃើញនៅអូរកែវ ជាកំពង់ផែសមុទ្រនៃនគរហ្វូណាន់ (ដែលយើងជឿថាជានគរខ្មែរតាំងពីមុនប្រវត្តិសាស្ត្រ)ក៏បង្ហាញពីមួកដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នាដែរ។ មើលមុខមនុស្សនោះទៅឃើញថា ជាជនជាតិសាសន៍ដទៃដែលគ្មានឈាមជ័រអាស៊ីភាគអាគ្នេយ៍នេះឡើយ តែករណីនេះមិនគួរឲ្យឆ្ងល់អ្វីទេ ត្បិតអូរកែវជាកំពង់ផែពាណិជ្ជកម្មធំមួយ ហើយម៉្យាងទៀតប្រាក់កាសតែងធ្វើដំណើរជាមួយមនុស្សទៅទីជិតឆ្ងាយ។ ពុំតែប៉ុណ្ណោះ រូបលេខ៨ ជារូប “បិង្គល” ជាសេនានៃព្រះសូរ្យ ដែលគេឃើញនៅតំបន់ Punjap ផ្នែកពាយព្យនៃប្រទេសឥណ្ឌា ហើយដែលគេជឿថាចេញមកពីសន្តតិវង្ស Indo-Sassanid (ស.វ.ទី៥-៧) ក៏ពាក់មួកប្រភេទនេះដែរ។

ឥឡូវនេះចូរយើងមើលរូបលេខ៩ ដែលជារូបពង្រីកនៃរូបលេខ២វិញ។ មនុស្សឈរកណ្តាលគេពាក់មួកម៉្យាងមានចុងស្រួចឡើងលើ ឯហាមមួកនោះធ្លាក់បត់មកលើស្មាទាំងសងខាង អាចយកមកប្រៀបនឹងរូបមនុស្សទាំងអម្បាលម៉ាន ដែលឃើញនៅរូបលេខ១០ ហើយដែលជាជនជាតិ Sassanian នៅក្រុង Persepolis នៃប្រទេសពែរ្សសម័យបុរាណ។

ការប្រៀបធៀបពីរបីខាងលើនេះនាំឲ្យយើងគិតថា រូបចម្លាក់មនុស្សច្រើនដែលឃើញនៅប្រាសាទសម្បូណ៌ព្រៃគុក (ហើយដែលខ្ញុំបង្ហាញតែមួយភាគតូចប៉ុណ្ណោះក្នុងអត្ថបទនេះ) បង្ហាញពីជនបរទេស បើពុំនោះទេ ក៏គង់ជាសិល្បៈដែលទទួលឥទ្ធិពលមកពីក្រៅដែរ។ ជាទូទៅខ្ញុំយល់ថា ពុំមែនមកត្រង់អំពីប្រទេសពែរ្សជាដើមនោះឡើយ គឺឆ្លងកាត់ឥណ្ឌាមួយដំណាក់សិន ទើបមកដល់ខ្មែរ។ ការស្មាននេះក៏ពុំមែនកើតឡើងដោយឥតមូលដ្ឋានដែរ ព្រោះមានសិលាចារឹកនៅទីនេះតែម្តងដែលហាក់ដូចជាឲ្យតម្រុយគួរយកមកពិចារណា គឺសិលាចារឹកលេខ K.438 ដែលនិយាយពីមន្ត្រីម្នាក់ឈ្មោះ ទុគ៌ស្វាមី ដែលបម្រើព្រះបាទឦសានវរ្ម័ននៅស.វ.ទី៧ ជំនាន់សាងប្រាសាទសម្បូណ៌ព្រៃគុកនោះ ហើយពុំតែប៉ុណ្ណោះ ព្រះរាជាបានលើកព្រះរាជបុត្រីឲ្យទៅជាភរិយាគាត់ផង។ ទុគ៌ស្វាមី ថ្នាក់ជា “ម្រតាញ” ដែលជាគោរម្យក្នុងរាជការខ្មែរជាធម្មតា តែគាត់បញ្ជាក់ថា គាត់ជាជាតិ សក មកពី ទក្សិណបថ ហើយដែលលោកតា George Coedès ពន្យល់ថានៅតំបន់ Deccan ស្រុកឥណ្ឌាភាគកណ្តាល។ មួយវិញទៀត ការដែលលើកយករូបលេខ៧ នៅ Ku Bua ខាងលើនេះមកបង្ហាញក៏ពុំខុសគ្នាអ្វីដែរ ឧទាហរណ៍ មានឯកសារចិនរវាងស.វ.ទី៣ក៏មាននិយាយពីនិគមជនពែរ្ស ដែលមករស់នៅនគរទ្វារវតី (សព្វថ្ងៃជាស្រុកថៃឡង់ដ៍) ដែរ។

ខ្ញុំសង្ឃឹមថា ទៅអនាគតនឹងមានការស្រាវជ្រាវប្រធានបទដែលលើកឡើងនេះឲ្យកាន់តែពិស្តារជាងនេះវែងឆ្ងាយទៅទៀត។