ចម្លាក់រូបប្រដាល់និងចំបាប់នៅតាមប្រាសាទ

ដោយ ភឹង តារា, ធឿន សុខុន, ឡេង សត្យា, ឡេង វិទូ

 

នៅជំពូកទី២ អត្ថបទលេខ៣ អ្នកអានអាចឃើញខ្លះហើយពីចម្លាក់នៅតាមជញ្ជាំងប្រាសាទ និងគំនូរនៅតាមជញ្ជាំងព្រះវិហារ ដែលបង្ហាញអំពីការប្រកួតចំបាប់និងល្បែងផ្សេងៗដែលប្រើរាងកាយមនុស្ស។ រូបដែលយើងខ្ញុំនឹងយកមកបង្ហាញបន្ទាប់ទៅនេះ ជាពត៌មានបន្ថែមប៉ុណ្ណោះ។ បានជាយើងខ្ញុំលើកយកមកនិយាយ ពីព្រោះតាមពិតទៅ ចម្លាក់ទាំងនេះតូចល្អិតណាស់ អ្នកដែលទៅទស្សនាប្រាសាទ តែងតែទៅហួស មកហួស ពុំងាយនឹងចាប់អារម្មណ៍ឡើយ។ ម៉្យាងវិញទៀត សូម្បីតែប្រាសាទបាយ័ន្តនិងបន្ទាយឆ្មារ ដែលច្រើនមានបង្ហាញទិដ្ឋភាពនានាក្នុងជីវិតរាល់ថ្ងៃរបស់មនុស្ស ក៏ពុំប្រទះឃើញរូបរបៀបនេះដែរ។

នៅរូបលេខ១ ជាខឿនប្រាសាទតាព្រហ្ម (ដែលមានរូបលេខ២ជាគំនូរបង្ហាញបន្ថែម) ត្រង់កន្លែងមួយនោះ គេឃើញមានមនុស្សពីរនាក់កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញយកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។ តាមស្មានមើល នេះប្រហែលជាប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប យើងឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។ បើក្រឡេកមកសព្វថ្ងៃវិញ ក្បាច់ប្រហាក់ប្រហែលគ្នានេះក៏នៅតែមាន ដូចអាចឃើញនៅរូបលេខ៣ស្រាប់។

ចម្លាក់ដែលបង្ហាញនៅរូបលេខ៤ និងគំនូរបញ្ជាក់នៅរូបលេខ៥ ឃើញនៅលើសសរផ្អោបនៃប្រាសាទព្រះខ័ន ឃើញថាមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន។

ចម្លាក់ប្រហាក់ប្រហែលគ្នានេះឃើញមាននៅសសរផ្អោបនៃប្រាសាទប្រី ដែលសាងឡើងក្នុងសម័យកាលជាមួយគ្នានឹងប្រាសាទព្រះខ័នដែរ (រូបលេខ៦-៧) ខុសគ្នានៅត្រង់អ្នកខាងស្តាំចាប់កាច់គូសត្រូវពីលើ ហើយគឺអ្នកខាងឆ្វេងទៅវិញ ដែលចាប់ឱបភ្លៅគូខ្លួន។

ក្រៅពីក្បាច់ឡើងជង្គង់ សសរផ្អោបដដែលនៃប្រាសាទព្រះខ័ននោះក៏មានបង្ហាញស្នៀតក្បាច់ផ្សេងៗទៀតដែរ ដូចនៅរូបលេខ៨ ដែលយើងឃើញគូប្រកួតឈរកាច់ព័ន្ធជើងគ្នា ឬនៅរូបលេខ៩ ដែលអ្នកនៅខាងឆ្វេងយកជើងឆ្វេងទៅខ្ទាស់ជើងស្តាំរបស់ដៃគូខ្លួន។