ដោយ ស៊ីយ៉ុន សុភារិទ្ធ
គេដឹងថារឿងព្រះវេស្សន្តរជាតក ខ្មែរស្គាល់ជាយូរណាស់មកហើយ។ ជាទូទៅគេច្រើនឃើញចម្លាក់រឿងនេះ នៅតាមប្រាសាទ ដែលឧទ្ទិសទៅព្រះពុទ្ធសាសនាមហាយាន ដូចជាប្រាសាទតាព្រហ្មនៅទន្លេបាទី និងប្រាសាទតានៃនៅអង្គរជាដើម។ នេះជាប្រការដែលគួរឲ្យចាប់អារម្មណ៍មួយ ត្បិតមានន័យថា ពុំមែនទាល់តែកាន់ព្រះពុទ្ធសាសនាថេរវាទទេទើបខ្មែរស្គាល់ជាតកដ៏ល្បីល្បាញនេះ។ មានប្រការមួយទៀត ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀត គឺគេឃើញចម្លាក់រឿងនេះនៅលើប្រាសាទព្រហ្មញ្ញសាសនា។ នៅទីនេះខ្ញុំចង់លើកករណីប្រាសាទធម្មនន្ទមកបង្ហាញ។
ប្រាសាទធម្មនន្ទកសាងនៅស.វ.ទី១២។ បើមើលលើចម្លាក់ ប្រាសាទនេះទំនងជានៅក្នុងនិកាយព្រះនារាយណ៍។ គួរគត់សម្គាល់ថានៅសតវត្សទី១២ មានសំណង់ជាច្រើនឧទ្ទិសចំពោះព្រះនារាយណ៍ ដែលសល់ឃើញថានិកាយនេះរីកចម្រើនខ្លាំង ឬអាចនិយាយបានថា និកាយព្រះនារាយណ៍មានការ គាំទ្រខ្លាំងជាពិសេសពីមន្ត្រីធំៗនិងព្រះរាជា។ នេះមិនទាំងនិយាយ ដល់សាច់រឿងទាក់ទងនឹងនិកាយព្រះឥសូរ ដែលមាន ច្រើនរាប់ មិនអស់ នៅលើប្រាសាទទាំងនោះផង។ ចម្លាក់ព្រះ ពុទ្ធសាសនានៅលើប្រាសាទព្រហ្មញ្ញសាសនាពុំសូវសម្បូរណ៌ដូចចម្លាក់ព្រហ្មញ្ញសាសនានៅលើប្រាសាទ ពុទ្ធសាសនាទេ។ ប៉ុន្តែយើងដឹងជាហូរហែមកតាម តឹកតាងមួយចំនួន ជាអាទិសិលាចារឹកឃើញថាព្រហ្មញ្ញសាសនា និងព្រះ ពុទ្ធសាសនាពុំមានផុលរមាស់អ្វីនឹងគ្នាឡើយ ពិសេសនៅក្រោមរាជបល្ល័ង្កដែលមានព្រះរាជាជាកំពូល (ឧទាហរណ៍ សិលាចារិកថ្នល់បារាយ)។
ប្រាសាទធម្មនន្ទ ដែលខ្ញុំមានបំណងនឹងលើកមកនិយាយនៅពេលនេះ មានចម្លាក់មួយផ្ទាំង ដែលនិយាយអំពីតាជូជក។ ចម្លាក់មួយផ្ទាំងនេះ ឆ្លាក់នៅហោជាងមួយនៃខ្លោងទ្វារខាងមុខប្រាសាទ។ ចម្លាក់នេះចែកជាពីរជាន់។ ជាន់ខាងលើ មានរូបឥសីមួយព្រះអង្គអង្គុយបន្ទន់ខ្លួនបន្តិចដោយលាព្រះហស្ថទាំងពីរទៅមុខ។ នៅពីមុខឥសី នេះ មានរូបក្មេងប្រុសម្នាក់ស្រីម្នាក់។ រូបតមកទៀតរលុបអស់។
នៅជាន់ក្រោមមានរូបទេពប្រណម្យប្រាំអង្គ។ នៅខាងស្តាំរូបនោះមានរូបស្រីម្នាក់ឈរ។ នៅក្បែរនោះមានរូបក្មេងពីរនាក់ឈរនៅគល់ឈើមួយ។ នៅលើដើមឈើនោះ មានព្រាហ្មណ៍ម្នាក់សម្រាកយ៉ាងស្រួល។ ចម្លាក់នេះបង្ហាញយ៉ាងច្បាស់ថាជាសាច់រឿងនៅក្នុងមហាវេស្សន្តរ ពោលគឺជាចម្លាក់”កណ្ឌកុមារបាព៌”។ រូប ជាន់ ខាងលើនិយាយអំពីព្រះវេស្សន្តរឲ្យទានព្រះរាជបុត្រទាំងពីរពោលគឺជាលី និង គ្រឹស្នាទៅតាជូជក។ តែរូបឥសី នោះពុំប្រាកដ៏ថាជាតាជូជកឬព្រះវេស្សន្តរទេ។ រូបនៅជាន់ក្រោមនោះគឺនិយាយអំពីពេលដែលតាព្រាហ្មណ៍ស្មូមកំណាញ់នាំព្រះរាជ កុមារទាំងពីរទៅតាមផ្លូវ ហើយលុះដល់ពេលរាត្រី តាព្រាហ្មណ៍ចងកុមារតូចទាំងពីរនៅនឹងគល់ឈើ រីឯខ្លួន គាត់ឡើងទៅដេកសំងំសុខលើចុងឈើ ត្បិតគាត់ខ្លាចមានសត្វសាហាវមកយាយី។