ដោយ អាំង ជូលាន
សិលាចារឹកប្រទេសកម្ពុជាដែលស្គាល់មកទល់សព្វថ្ងៃនេះ មាន១២៨០ ហើយរកឃើញនៅគ្រប់ទិសទីនៃទឹកដីកម្ពុជាសម័យបុរាណ ពោលគឺកម្ពុជាបច្ចុប្បន្ន, ភាគខ្លះនៃប្រទេសថៃឡង់ដ៍, ភាគខ្លះនៃប្រទេសវៀតណាម, ភាគខ្លះនៃប្រទេសលាវ។ ជួនកាលជាភាសាខ្មែរសុទ្ធ ជួនកាលជាភាសាសំស្ក្រឹតសុទ្ធ ហើយជួនកាលទៀតនោះ ប្រើភាសាទាំងពីរឆ្លាស់គ្នាតាមសាច់រឿងផងនៅក្នុងសិលាចារឹកតែមួយ។ រីឯអក្សរនោះ គឺមានការវិវឌ្ឍន៍ជាធម្មតា តាំងពី ស.វ.ទី៦មកដល់សព្វថ្ងៃ។ ក្រៅពីការវិវឌ្ឍន៍ គេអាចនិយាយថាមានបែបពពួកអក្សរដែរ បើនិយាយតាមសិល្បៈ ស្ទើរតែអាចពោលថាមាន “រចនាបថ” ផង។ អក្សរមួយពួកនោះតែងឃើញរាងមូល ឯបែបខ្លះទៀតរាងជ្រុង។ អក្សរខ្លះទៀតផ្តេកទ្រេតមកខាងស្តាំ ជួនមានសោភ័ណ ជួនណាទៀតនោះ អ្នកចារខ្វៀកពុំគិតខ្វល់រឿងសម្រស់អ្វីឡើយ។ នេះហើយដែលក្រោយមកហៅថា “អក្សរជ្រៀង”។
យើងដឹងហើយថា អក្សរខ្មែរមានកំណើតមកពីឥណ្ឌា តែតាំងពីមានមក គឺមានលក្ខណៈ ឬបែបបទពិសេសរបស់ខ្លួនទៅហើយ ពុំអាចពោលថាអក្សរខ្មែរគឺអក្សរឥណ្ឌាឡើយ។ លើកលែងតែនៅសម័យព្រះបាទយសោវរ្ម័នទី១មួយគត់ ដែលគេឃើញមានអក្សរប្រភេទ “នាគរី ” ពីភាគខាងជើងនៃប្រទេសឥណ្ឌា យកមកចារនៅលើផ្ទាំងថ្មមួយចំនួន។ មកដល់សម័យនោះ (ចុងស.វ.ទី៩-ដើមស.វ.ទី១០) អក្សរខ្មែរតែម្តងមានអាយុប្រមាណជាង៣០០ឆ្នាំហើយ ដូច្នោះការដែលយកអក្សរនាគរីមកប្រើ គឺពុំមែនមានតម្រូវការអ្វីមួយឡើយ។ នេះពិតជាមកពី “ចង់ប្លែក”។ មួយវិញទៀត មានសិលាចារឹកចំនួន១២ ដែលគេរកឃើញនៅទិសទីផ្សេងៗនៃប្រទេសកម្ពុជាសម័យបុរាណ ដូចមានរូបលេខ១ជាឧទាហរណ៍។ សិលាចារឹកទាំងនេះប្រើអក្សរទាំងពីរ៖ នៅផ្ទាំងថ្មម្ខាងហៅថា “ក” គេប្រើអក្សរនាគរី (រូបលេខ ២)។ ឯនៅផ្ទាំង “ខ” ប្រើអក្សរខ្មែរធម្មតា ហើយពាក្យពេចន៍ទាំងសងខាងនោះដូចគ្នាបេះបិទ លើកលែងតែសេចក្តីខ្លីមួយ ក្រៅអត្ថបទដើម្បីបញ្ចប់។ ក្រៅពីនេះមានសិលាចារឹកមួយចំនួនតូច បើរាប់ទៅមិនដល់១០ទេ ដែលប្រើតែអក្សរនាគរីសុទ្ធ។
សារុបឲ្យខ្លីមក ក្នុងចំណោមសិលាចារឹកប្រទេសកម្ពុជាចំនួន១២៧៧ដែលស្គាល់មកទល់ពេលនេះ មានតែ១២ប៉ុណ្ណោះដែលប្រើអក្សរពីរយ៉ាងសម្រាប់អត្ថបទតែមួយដដែល និងមួយចំនួនតូចជាងនោះទៅទៀត ដែលប្រើអក្សរនាគរីសុទ្ធ។ ទាំងអស់នេះជាសិលាចារឹកភាសាសំស្ក្រឹតទាំងស្រុង មានត្រឹមតែឃ្លាខ្មែរខ្លីមួយនៅក្រៅអត្ថបទជាបញ្ចប់ប៉ុណ្ណោះនៅផ្ទាំង “ខ”។ ឯនិយាយថា អក្សរពីរបែបនេះ គឺយើងជាអ្នកស្រាវជ្រាវទេ ដែលថាដូច្នេះ ត្បិតអី បើយើងយកសិលាចារឹកដែលមានអក្សរពីរនោះមកមើលឃើញថា នៅផ្ទាំង “ខ” ដែលគេចារអក្សរធម្មតានោះ ពាក្យបញ្ចប់ក្រោយអត្ថបទមានដូចតទៅ ៖ នេះស្លោកនេះ គិមន៑ស្រសិ រ៑នុ កម្វុជាក្ឞរ (រូបលេខ៣) មានន័យថា “ស្លោកនេះសរសេរជាអក្សរខ្មែរ”។ ពាក្យដើមសំដៅអក្សរខ្មែរនោះ គឺ កម្វុជាក្ឞរ (រូបលេខ៤) មកពី កម្វុជ + អក្ឞរ។ នៅសម័យបុរាណ តួ “ស” មាន៣យ៉ាង គឺ “ស្ស”, “ឞ្ឞ”, “‚ឝ្ឝ” ។ “ អក្ឞរ” ក្នុងសិលាចារឹកនេះ បើសរសេរសព្វថ្ងៃគឺ “អក្សរ”។ ចំណែកឯ ដែលប្រែថា “ខ្មែរ” នៅទីនេះ គឺពាក្យដើមថា “កម្វជុ” មានន័យថា “អ្នកដែលតពូជពង្សពីឥសីកម្ពុ” (កម្វុ - ជ)។ ចំណែកឯផ្ទាំង “ក” ដែលចារអត្ថបទដដែលជាអក្សរប្រភេទនាគរីនៃប្រទេសឥណ្ឌាប៉ែកខាងជើងវិញ ឃ្លាក្រៅអត្ថបទជាបញ្ចប់នោះ ជាភាសាសំស្ក្រឹត (តែប្រើអក្សរខ្មែរធម្មតា) ដូចខាងក្រោមនេះ ៖
អម្វុជេន្ទ្រប្រតាបេន កម្វុជេន្ទ្រេណនិម្មិតម៑
អម្វុជាក្ឞេណតេនេទំ អម្វុជាក្ឞរមាខ្យយា
ដែលអាចប្រែសម្រួលមកថា ឲ្យ “ព្រះមហាក្សត្រនៃកម្ពុជាដែលមានអនុភាពចែងចាំងបីដូចព្រះអាទិត្យ ហើយដែលមានព្រះនេត្រដូចផ្កាឈូក បានត្រាស់ឲ្យចារអក្សរនេះ ហៅថា កម្ពជាក្សរ (អក្សរអ្នកតពូជពង្សពីឥសីកម្ពុ ពោលគឺអក្សរខ្មែរ)”។