ដោយ អាំង ជូលាន
បើយកវិស័យនយោបាយ, សេដ្ឋកិច្ច និងយោធាមកពោល ឃើញថា “សម័យកណ្តាល” នៃប្រទេសកម្ពុជា (ស.វ.ទី១៤-ដើម១៩) មានការចុះស្រុតជាទូទៅ ជួនស្រាល ជួនធ្ងន់ធ្ងរ ពុំអាចប្រៀបទៅសម័យបុរាណ (ស.វ.ទី៦-១៤) ដែលច្រើនតែថ្កុំថ្កើងនោះបានឡើយ។ ខ្ញុំពុំលើកពីវិស័យស្ថាបត្យកម្មនិងសិល្បៈឈើ, តម្បាញគ្រប់បែបយ៉ាង, អក្សរសាស្ត្រ, ទំនៀមទម្លាប់, សីលធម៌ជាដើមនោះមកពោលទេ ត្បិតវិស័យអស់ទាំងនេះគ្មានចុះស្រុតឱនថយអ្វីទាំងអស់។ តែវិស័យនយោបាយ... ដូចពោលខាងលើឃើញថាមានការប្រែប្រួលខ្លាំងនៅ ស.វ.ទី១៥ ហើយការក្រឡាប់ចាក់ធំជាងគេ គឺរាជធានីអង្គររលំនៅរវាងគ.ស.១៤៣២។ ការចុះដុនដាបក្នុងវិស័យដដែលនេះឃើញថាធ្ងន់ធ្ងរណាស់ដែរនៅស.វ.ទី១៨ ព្រមទាំងផ្នែកដំបូងនៃស.វ.ទី១៩។ បើនៅស.វ.ទី១៧ ហាក់ដូចជានៅទ្រឹង។
ចំណែកឯស.វ.ទី១៦ បើដកយកប៉ែកខាងដើមនិងប៉ែកខាងចុងចេញ ឃើញថាខុសគេ។ ខ្មែរមួយរយៈនោះងើបឡើងបានមួយគ្រា។ ព្រះបាទអង្គច័ន្ទទី១ (ព្រះរាជពង្សាវតារហៅថា ព្រះច័ន្ទរាជា) ជាអ្នកផ្តួចផ្តើមចលនានេះ។ ថ្វីត្បិតតែរាជធានីពេលនោះនៅបន្ទាយលង្វែក ព្រះអង្គទៅគង់នៅអង្គរវិញមួយរយៈយូរ ដើម្បីរៀបចំបុរាណដ្ឋានខ្លះៗឱ្យបានសមរម្យឡើងវិញ។ ជញ្ជាំងពីរផ្ទាំងធំៗនៅមុមឦសាននៃប្រាសាទអង្គរវត្ត កាលជំនាន់ដែលសាងសង់ដំបូង (ស.វ.ទី១២) គឺពុំទាន់មានចម្លាក់អ្វីទាំងអស់។ គឺព្រះបាទអង្គច័ន្ទនេះឯងហើយ ដែលបានទៅឱ្យគេឆ្លាក់បំពេញ ពោលគឺផ្តើមនៅគ.ស.១៥៤៦ ហើយចប់នៅគ.ស.១៥៦៤។ ទឹកដីតំបន់នគររាជ ដែលច្រើនតែប្រជារាស្ត្រខ្មែររស់នៅនោះ ក៏ដណ្តើមបានមកវិញមួយពេល។ ការរៀបចំកសាងបុរាណដ្ឋានចេះតែមានជាហូរហែក្នុងរាជ្យ បន្ទាប់ៗមក មិនថាតែនៅទឹកដីអង្គរ ឬតំបន់ផ្សេងៗនៃស្រុកខ្មែរឡើយ។ បើនិយាយតែកន្លែងសំខាន់ៗនៅតំបន់អង្គរ ការរៀបចំមានធ្វើឡើងនៅប្រាសាទអង្គរវត្តតទៅទៀត។ បើនៅប្រាសាទបាភួន គឺជាន់កណ្តាលនៃជ្រុងខាងលិចទាំងមូល ដែលគេកសាងទៅជាព្រះពុទ្ធរូបចូលនិព្វាន។ ឯនៅប្រាសាទបាខែងវិញ គឺគេសាងព្រះពុទ្ធរូបទ្រង់ព្នែនមួយមានទំហំដែលគួរឱ្យស្ញប់ស្ញែង ត្បិតព្នែននោះគ្រប ដណ្តប់ស្ទើរតែលប់បាត់ខឿនខាងលើទាំងមូល។ នៅគ.ស.១៩២២ គេអាចមើលឃើញព្រះពុទ្ធអង្គនោះពីត្រឹមចង្កេះចុះមកក្រោមនៅឡើយ។ រូបលេខ១ ដែលគូរឡើងដោយស្ថាបត្យករ Jacques Dumarçay បង្ហាញពីរង្វង់ព្នែនដែលនៅលើខឿននោះ។ នៅរូបលេខ២ យើងឃើញព្នែននោះមួយផ្នែកនៅមុមឦសាននៃខឿនខាងលើ។ នេះពុំនិយាយពីប្រាសាទតូចៗរាប់ពុំអស់ដែលទទួលការរៀប ចំនោះផង។ នៅទីដទៃជិតឬឆ្ងាយពីអង្គរ ក៏ការរៀបចំទាំងនេះកើតឡើងដែរនៅស.វ.ទី១៦។ ឧទាហរណ៍ ប្រាសាទបាជ័យ ឬវត្តនគរ ជាប់ក្រុងកំពង់ចាមក៏មានការរៀបចំប្រែប្រួលខ្លាំងដែរ ពោលគឺប្រាសាទដែលសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្លាយមកជាចេតិយថ្មដ៏ស្ញប់ស្ញែងមួយនៅស.វ.ទី១៦នេះ។
ខ្ញុំសូមត្រឡប់មកប្រាសាទបាខែងវិញ ព្រោះនៅទីនេះគេបានប្រទះឃើញសិលាចារឹកពីរដែលមានសេចក្តីដូចគ្នាបេះបិទ។ មួយនោះលេខ K.285 សព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរមួយនៅក្រុងប៊ែរឡាំង, ប្រទេសអាល្លឺម៉ង់។ រីឯមួយទៀតលេខ K.465 តម្កល់ទុកនៅមន្ទីរអភិរក្សអង្គរ, ក្រុងសៀម
រាប។ ខ្ញុំពុំយកសេចក្តីទាំងស្រុងនោះមកបង្ហាញទេ គឺស្រង់យកតែ៨បន្ទាត់ដំបូង ដោយសារចង់បង្ហាញពីព្រះសង្ឃមួយអង្គ និមន្តទេសទៅទីផ្សេងៗដើម្បីកសាងបុរាណដ្ឋានខ្លះដែលបាក់បែក ឱ្យប្រសើរឡើងវិញ។ អ្នកដែលចង់ដឹងរឿងនេះឱ្យចប់ចុងចប់ដើម គប្បីអានការសិក្សាជ្រៅជ្រះនៃអ្នកគ្រូ ពៅ សាវរស ៖ Saveros Pou, Nouvelles inscriptions du Cambodge.I, EFEO, Paris 1989, pp.20-27។
សម្រង់នេះច្បាប់ដើមនៅរូបលេខ៣។ ខាងក្រោមនេះជាអក្ខរាវិរុទ្ធដើមទាំងស្រុង កែតែតួអក្សរមកជាអក្សរពុម្ពដើម្បីងាយអាន៖
សុព្ភមស្តុ ១៥០៥សក មមែ អ្នក្សត្រ អត្ថមិរោជ ជេស អាទិត្យពារ សំតេចព្រះរាជ្ជមន្និបពិត្រ មោកសាងសូតម ឰតលេព្នមបាខែងនោះយល ព្រះ [ពុ] ទរុបបោរាន តបាកបែកអន្តរធាន សំតេចបពិតមោករន្តាប្បសាងវិង លាបជាតុហិង្គុល បិតមាសរត្ចនាប្រពៃបរបូ ព្រះអង្គ២៦សុរេច កាលអ្នកសំតេចបពិត្រ ស្ឋិតនោវនាពម្នំរាជទ្រាព្យ អ្នករន្តាប្បសាងព្រះពុទ្ធរុប នាបាកបែក លាបជាតុបរដ្ត បិតមាស រត្ចនាប្រពៃបរបុណ៌ ព្រះអង្គ៥០ ថ្វាយនុតរព្រះបាទ ត្រៃភូមគ្របគូវ ព្រះពុទនិព្វា [ន] មយ ប្រេវងព្យាម៦ នុព្រះពិហារមយ ជាសុរេចបរបូណ៌ឱ្យតកេន្តព្រះសាស្នា (...)
បន្ទាប់ទៅនេះ គឺអត្ថបទដើមដដែល, ពាក្យដដែល គ្រាន់តែសម្រួលមកជាអក្ខរាវិរុទ្ធសម័យថ្មី ៖
សុភមស្តុ ១៥០៥សក មមែ នក្សត្រ អដ្ឋមិរោជ ជេស្ឋ អាទិត្យពារ សម្តេចព្រះរាជមុនិបពិត្រ មកសាងស្តម្ភ ឰដ៏លើភ្នំបាខែងនោះ យល់ ព្រះពុទ្ធរូបបុរាណ ដ៏បាក់បែកអន្តរធាន សម្តេចបពិត្រមករណ្តាប់សាងវិញ លាបជាតិហិង្គុល បិទមាសរចនាប្រពៃបរិបូណ៌ ព្រះអង្គ២៦សូរេច កាលអ្នកសម្តេចបពិត្រ ស្ថិតនៅនាភ្នំរាជទ្រព្យ អ្នករណ្តាប់សាងព្រះពុទ្ធរូប នាបាក់បែក លាបជាតិបារ៉ត បិទមាស រចនាប្រពៃបរិបូណ៌ ព្រះអង្គ៥០ ថ្វាយនូវដ៏ព្រះបដ ត្រៃភូមិគ្រប់គូ ព្រះពុទ្ធនិព្វានមួយ ប្រវែងព្យាម៦ នូវព្រះវិហារមួយ ជាសូរេចបរិបូណ៌ឱ្យដ៏កើន ដ៏ព្រះសាសនា (...)
នេះជាឧទាហរណ៍ដ៏ខ្លីបង្ហាញថាព្រះសង្ឃមួយអង្គបានមកជ្រោមជ្រែង រៀបចំបុរាណដ្ឋានពីរស្ថិតនៅដាច់ស្រយាលពីគ្នា។ ដំបូងគឺនៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ក្រោយមកនៅភ្នំបាខែង (អង្គរ)។ យើងពុំដឹងថាលោកបានសាងអ្វីខ្លះទៀតទេ តែឧទាហរណ៍នេះបញ្ជាក់ពីចលនាខ្មែរទូទៅ ដែលខំប្រឹងងើបកសាងស្រុកឡើងវិញនាស.វទី១នោះ។