កុលាលភាជន៍៖ ផ្គុំអំបែងទៅរកវត្ថុដើម

ដោយ ទេព សុខា

 នៅជំពូកទី៤ លេខរៀងទី១៩ កញ្ញា ពេជ្រ ធីតាបានពន្យល់ម្តងហើយថាកុលាលភាជន៍ជាវិស័យសិក្សាមួយសំខាន់ណាស់នៅក្នុងបុរាណវិទ្យា ហើយបញ្ជាក់ថាបំណែករាយប៉ាយដែលមើលទៅហាក់ដូចជាខូចខាតអស់ទៅហើយចំពោះភ្នែកជនសាមញ្ញ តាមពិតបុរាណវិទូយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះគេដឹងថាអាចនឹងផ្គុំឡើងវិញ ទោះជាមិនបានពេញលេញដូចដើម ក៏អាចយល់បានពីរូបរាងដើមដែរ។

នៅទីនេះ ខ្ញុំចង់យកឱទាហរណ៍ជាក់ស្តែងមួយមកបង្ហាញ។ វត្ថុនោះជាក្អមមួយធ្វើពីដីដុត ដែលរកឃើញនៅកណ្តាលបារាយទឹកថ្លាក្នុងខេត្តសៀមរាប ត្រង់ចំណុចមួយហៅកោះតាមាស។ ខ្ញុំពុំមានបំណងរៀបរាប់ពីស្ថានីយ៍បុរេប្រវត្តិនោះទេ តែយ៉ាងណាក៏ត្រូវតែនិយាយមួយម៉ាត់ពីរ ដើម្បីឲ្យយល់ថាទីនោះជាអ្វីសិនដែរ។ បារាយដែលនិយាយនេះ សាងឡើងនៅស.វ.ទី១១ តែទឹកដីនៅទីនោះមានមនុស្សរស់នៅតាំងពីបុរេប្រវត្តិម្លេះ ដូច្នេះមានន័យថាមុននឹងក្លាយទៅជាបារាយ ទឹកដីនោះជាភូមិករដែលមនុស្សរស់នៅមុននោះច្រើនជំនាន់ណាស់ហើយ។

ក្រុមអ្នកស្រាវជ្រាវខ្មែរនិងបារាំងបានសហការគ្នាធ្វើកំណាយនៅកោះតាមាសដើម្បីយល់អំពីស្ថានីយ៍បុរេប្រវត្តិសាស្ត្រនេះ។ លទ្ធផលនៃការសិក្សាដំបូងធ្វើឲ្យយើងគិតថាស្ថានីយ៍នេះ មានអាយុប្រមាណ១០០០ឆ្នាំមុនគ្រឹស្តសករាជ។ តាមពិតទៅ ទីនេះជាទីបញ្ចុះសព (កាលនោះពុំទាន់មានការបូជាសពដោយដុតឡើយ) ដូច្នេះហើយវត្ថុដែលប្រទះឃើញក្នុងកំណាយនោះសុទ្ធសឹងជាឆ្អឹងនិងវត្ថុប្រើប្រាស់ដែលគេបញ្ចុះជាមួយសពនោះ ដើម្បីឲ្យសព យកទៅប្រើប្រាស់ក្នុងជាតិមុខ។ ក្អមដែលខ្ញុំយកមកនិយាយនេះ នៅក្នុងចំណោមវត្ថុទាំងនោះហើយ។ មើលតែរូបលេខ១-២ ទៅឃើញហើយថាអំបែងដែលប្រមូលបានមកដើម្បីផ្គុំនៅក្នុងមន្ទីរពិសោធន៍ខ្ទេចខ្ទីយ៉ាងណា ត្បិតបើរាប់ឲ្យអស់គឺមានជាង៣០០បំណែក។

 ការងារផ្គុំមុនដំបូងបង្អស់លំបាកណាស់ បើមានបទពិសោធន៍ធ្លាប់ភ្នែកអាចស្មានត្រូវខ្លះថាបំណែកនេះប្រហែលជាជាប់នឹងបំណែកនោះ។ ក្នុងករណីដែលយកមកបង្ហាញនេះ ដោយសារផ្នែកខាងកភាជន៍មានបំណែកធំៗជាងគេ យើងផ្គុំផ្នែកកនោះមុន (រូបលេខ៣)។ លុះចប់ប៉ែកនោះសព្វគ្រប់ហើយ ទើបយើងប្រមូលអំបែងឯទៀតជាក្រុមៗ។ បំណែកណាដែលយើងយល់ថាជាក្អេងផ្នែកលើជាប់ជាមួយនឹងក យើងយកមករៀបគ្នាមួយដុំដោយឡែក រីឯបំណែកណាដែលមើលទៅសមជាបាតក្អម យើងយកមករៀបមួយដុំផ្សេងទៀត (រូប លេខ៤)។ លុះធ្វើដូច្នេះរួច ទើបចាប់ផ្តើមយកកាវពីរមុខ (B72+B48) មកលាយជាមួយសាំងក្រអូប (acetone) ដើម្បីបិតតភ្ជាប់បំណែកមួយទៅបំណែកមួយទៀត ។ ភ្ជាប់ហើយត្រូវទុកចោលមួយរយៈដើម្បីឲ្យរឹងជាប់ ហើយពេលនោះយើងបិតបំណែកផ្សេងទៀតដើម្បីកុំឲ្យខាតពេល។ រូបលេខ៤ បង្ហាញតំណាក់កាលសំខាន់មួយដែលយើងឃើញថាពីរផ្នែកធំៗនៃក្អមនោះចេញជារូបរាងស្ទើរតែពេញលេញ។ ឯការងារបិតភ្ជាប់គ្នាចុងក្រោយ ក៏ត្រូវធ្វើដោយប្រយ័ត្នប្រយែងណាស់ដែរ ព្រោះផ្គុំផ្នែកទាំងពីរហើយ ត្រូវផ្កាប់ភាជន៍នោះដោយមានអ្វីទល់ទ្រពីខាងក្នុង ពុំតែប៉ុណ្ណោះត្រូវផ្អោបផ្នែកទាំងពីរឲ្យជាប់គ្នាជិតល្អ ដោយខ្សែមកចង ផង ព្រមទាំងមានទៃខ្សាច់ដែលមិនធ្ងន់ ពេកមិនស្រាលពេក សមល្មមនឹងសង្កត់ឲ្យជិតចូលគ្នា ដូចយើងអាចឃើញនៅរូបលេខ៦ស្រាប់។ រូបលេខ៧ ជាក្អមដែលផ្គុំស្រេចបាច់ជាស្ថាពរ។  បើពុំបានមើលហើយគិតទៅតែរូបលេខ១ មិនគួរឲ្យជឿថាអាចចេញលទ្ធផលដូច្នេះទេ។ តាមពិតទៅសេចក្តីអំណត់ព្យាយាម ព្រមទាំងបទពិសោធន៍បច្ចេកទេស បង្ហាញ ថាធ្វើទៅរួច។ ភាជន៍ដែលយើងយកមកនិយាយនេះ ផ្គុំឡើងអស់រយៈពេលជាង១០អាទិត្យ។


បានជារូបរាងដូច្នេះមកហើយ បុរាណវិទូយកទៅសិក្សាវែងឆ្ងាយទៅទៀត មានការសិក្សារូបរាង, តួនាទី និងគុណភាពនៃភាជន៍, បច្ចេកទេសផលតិ៘ ម៉្យាងទៀត វត្ថុនិមួយៗដែលយកចេញពីស្ថានីយ៍ណាមួយតែងតែជាទិន្នន័យតិចឬច្រើនសម្រាប់ឲ្យយើងយល់អារ្យធម៌នៃស្ថានីយ៍នោះ ក្នុងសម័យកាលនោះ។