កំណាយសង្គ្រោះនៅគោកទ្រាស

ដោយ  ហេង សុផាឌី និង ហេង ថាន

 

ជាទូទៅ ពាក្យថា “កំណាយសង្គ្រោះ” (អង់គ្លេសថា Rescue excavation) សំដៅលើកំណាយធ្វើឡើងតាមបែបបទបុរាណវិទ្យា ប៉ុន្តែដែលគ្រាន់តែមានលក្ខណៈជាការស្រោចស្រង់ខ្លះៗ ដ្បិតស្ថានីយដែលត្រូវធ្វើកំណាយនោះ កំពុងតែរងការខូចខាតតិចឬច្រើនទៅហើយ។ រីឯការខូចខាតនោះអាចមានមូលហេតុផ្សេងៗគ្នា គឺជួនកាលមនុស្សនាំគ្នាទៅគាស់កាយដើម្បីយកបុរាណវត្ថុក្នុងដីនោះទៅលក់ ជួនកាលទៀតគឺដោយសារការងារអភិវឌ្ឍ ដូចជាការធ្វើផ្លូវ,  សង់សាលារៀន ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ កំណាយមួយបែបទៀតគេនិយមហៅថា “កំណាយបង្ការ” (អង់គ្លេសថា Preventive excavation) ដែលគេធ្វើឡើងដោយមានពេលវេលាគ្រប់គ្រាន់ ដើម្បីកត់ត្រាទិន្នន័យគ្រប់បែបយ៉ាងដែលមានក្នុងផ្ទៃដីណាមួយ ដោយសារទីកន្លែងនោះនឹងមានការសាងសង់នៅលើ ជាការចាំបាច់ចៀសពុំផុត។

គោកទ្រាសជាឈ្មោះទួលកប់ខ្មោចមួយកន្លែងក្នុងសម័យបុរេប្រវត្តិ ដែលសព្វថ្ងៃនេះស្ថិតក្នុងភូមិបន្ទាយឆ្មារខាងជើង, ឃុំបន្ទាយឆ្មារ, ស្រុក ថ្មពួក, ខេត្តបន្ទាយមានជ័យ។ បើប្រៀបមកប្រាសាទបន្ទាយឆ្មារដ៏ល្បីល្បាញនោះ គឺមានចម្ងាយប្រមាណ៥គ.ម.ទៅទិសខាងជើងប៉ុណ្ណោះ (រូបលេខ១)។ បានជាប្រទះឃើញស្ថានីយនេះគឺមកពីមានគម្រោងស្តារនិងកែលម្អផ្លូវជាតិលេខ៥៦ ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅក្រុងសំរោង (ខេត្តបន្ទាយមានជ័យ)។  ក្រសួងវប្បធម៌និងវិចិត្រសិល្បៈយល់ឃើញថា នេះជាករណីបន្ទាន់ដែលត្រូវតែស្រោចស្រង់ឲ្យបានខ្លះ ដ្បិតអីមនុស្សខ្លះដែលដឹងថាទីនេះមានបុរាណវត្ថុ ដោយសារមានការឈូសផ្លូវនោះ ក៏ចាប់ផ្តើមជីកកកូរកកាយទាំងថ្ងៃទាំងយប់ ដើម្បីយកវត្ថុទៅលក់។ ដូច្នេះហើយក្រសួងក៏ពិភាក្សាជាមួយស្ថាប័ននានាដើម្បីដោះស្រាយបញ្ហានេះ ដោយធ្វើកំណាយសង្គ្រោះ។

នៅតាមមាត់រណ្តៅនីមួយៗដែលគេលួចជីកកកាយ យើងឃើញមានសំណល់បុរាណដូចជាបំណែកក្អមឆ្នាំង, បំណែកឆ្អឹងមនុស្សនិងសត្វ ព្រមទាំងកម្ទេចកម្ទីរឧបករណ៍ធ្វើពីលោហៈ។

ក្រុមការងារចាប់ផ្តើមធ្វើការដោយពុំបង្អែបង្អង់ឡើយ ហើយដោយសារនេះជាការងារបន្ទាន់យើងប្រើគ្រឿងចក្របន្តិចបន្តួចជាជំនួយក្នុងការជីក ដោយប្រើម៉ាស៊ីនជីកដី ហៅថា Excavator (រូបលេខ២)។ តែទោះជាយ៉ាងណាក៏យើងតាមដានប្រុងប្រយ័ត្នខ្ជាប់ខ្ជួន ពុំឲ្យមានការថ្លោះធ្លោយក្នុងការធ្វើកំណាយក្នុងភាពអាសន្ននេះ។ កំណាយទាំងមូលធ្វើឡើងនៅទីតាំងចំនួន៧កន្លែង ស្មើនឹង៧០ម៉ែត្រក្រឡា (រូបលេខ៣)។ ក្នុងចំណោមរណ្តៅទាំង៧នោះ គឺ៤ជាផ្នូរខ្មោច។ នៅផ្នូរទី១មានសពមនុស្សចាស់ម្នាក់នៅក្នុងជម្រៅ១,៨ម. ដែលគេកប់បែរក្បាលទៅខាងកើត ក្នុងឥរិយាបថបញ្ឈរជង្គង់ទាំងពីរ ហើយដៃឆ្វេងបត់ឡើងដាក់លើទ្រូង ដោយប្រអប់ដៃបត់ចុះក្រោម រីឯដៃស្តាំបត់ដាក់លើឆ្អឹងដងកាំបិត។ ថ្វីដ្បិតតែឆ្អឹងទាំងនោះ ពុកផុយខ្លាំង តែគេអាចឃើញទ្រង់ទ្រាយគ្រោងឆ្អឹងទាំងមូលដែរ។ ក្រៅពីសព គេឃើញមានភាជន៍ចំនួន៥, ផ្លែជំនីកដែកចំនួន៣  និងឧបករណ៍ដែកផ្សេងទៀតទំនងជាកាំបិត ព្រមទាំងខ្នារថ្ពេចអំបោះធ្វើពីដីដុត។ វត្ថុទាំងអម្បាលម៉ាននេះមើលទៅឃើញថាជាគ្រឿងដែលគេកប់សម្រាប់សព្វនោះឯងយកទៅប្រើប្រាស់ (រូបលេខ៤)។

នៅផ្នូរទី២ សពដែលកប់នោះគេដាក់ក្បាលទៅទិសខាងលិច នៅជិតនោះមានភាជន៍៤ រាយពីក្បាលដល់ជើង គេឃើញមានបំណែកចានសម្រឹតនៅត្រង់ប្រអប់ជើង, ជង្គង់ និងក្បាល។ លើទ្រូងមានអង្កាំធ្វើពីថ្មហៅថា Agate ពណ៌ខ្មៅ, ថ្ម Cornelian មូលពណ៌ខ្មៅ។ ក្រៅពីនោះមានកណ្តៀវធ្វើពីដែក, ផ្លែឧបករណ៍អ្វីមួយដែលអាចជាកាំបិតស្នៀតឬលំពែង ព្រមទាំងផ្លែជំនីកមួយ (រូបលេខ៥)។ នៅក្រៅរណ្តៅផ្នូរទី២នេះមានឃើញមានអង្កាំថ្ម Agate រាងដូចបំពង់ ពណ៌ត្នោតចាស់និងក្រមៅ២គ្រាប់។ បើមុជទៅក្នុងដីបន្តិច យើងឃើញគ្រាប់អង្កាំផ្សេងៗទៀត (រូបលេខ៦)។ តាមស្មានមើលទៅ នៅទីនេះប្រហែលជាផ្នូរមួយទៀត តែខូចខាត បាត់បង់ដោយសារការលួចជីក។

នៅផ្នូរលេខ៣ សពនោះប្រហែលជាក្មេង ក្នុងជម្រៅដី១,៥ម.។ នៅជាមួយសពនេះក៏មានរបស់របរដែរ ដូចជាភាជន៍ចំនួន៣ ផ្លែជំនីកមួយ និងកាំបិតដែកមួយ ក្រៅពីនេះមានបំណែកភាជន៍តូចៗច្រើនស្អេកស្កះ ដែលនៅលាយឡំគ្នាជាមួយកម្ទេចឆ្អឹងសត្វនិងមនុស្ស (រូបលេខ៧)។

ក្នុងរណ្តៅលេខ៤ មានសព៣កប់ក្នុងជម្រៅខុសៗគ្នា (រូបលេខ៨)។ ផ្នូរទី១ក្នុងចំណោមផ្នូរទាំង៣នោះ ស្ថិតនៅក្នុងជម្រៅ១,៨៦ម. ហើយពុំមានរូបរាងច្បាស់លាស់ទេ រីឯឆ្អឹងក៏បាក់បែក រប៉ាត់រប៉ាយ ទំនងជានៅជំនាន់ណាមួយនោះ មានឫសឈើមកចាក់ញែក។ វត្ថុកប់ជាមួយសព មានភាជន៍ចំនួន៥, ឧបករណ៍ដែករាងដូចកាំបិតស្នៀតមួយ, កណ្តៀវមួយ, ឧបករណ៍រាងដូចផ្លែពន្លាកមួយ។ ផ្នូរទី២ស្ថិតនៅជម្រៅ២,២ម. រីឯក្រោងឆ្អឹងនៅមានរូបរាងជាទូទៅល្អ។ សពនោះពាក់កងសម្រឹត៤នៅដៃខាងឆ្វេង និង៣នៅដៃស្តាំ។ ការវិភាគគ្រោងឆ្អឹងបង្ហាញថាជាមនុស្សពេញវ័យ តែពុំដឹងថាជាភេទប្រុសឬស្រី។ វត្ថុដែលគេកប់ជាមួយ សពនោះមាន ភាជន៍, ផ្លែជំនីក, ឧបករណ៍ដែក ដែលមើលពុំដឹងថាជាអ្វី និងខ្នារថ្ពេចអំបោះ។ ផ្នូរទី៣មានជម្រៅ២,៦ម. ឯគ្រោងឆ្អឹងក៏នៅពេញលេញទាំងស្រុង។ វត្ថុដែលកប់ជាមួយ មានភាជន៍, កាំបិតស្នៀតឬលំពែង, ជំនីក, កណ្តៀវ, ខ្នារថ្ពេចអំបោះ និងឧបករណ៍ខ្លះទៀតដែលមើលពុំស្គាល់ថាជាអ្វីច្បាស់។

ដូចយើងដឹងស្រាប់ ស្ថានីយបុរេប្រវត្តិដែលជាផ្នូររបៀបនេះ គេធ្លាប់ប្រទះឃើញនៅច្រើនទីកន្លែងហើយ បើពោលតែពីប្រទេសកម្ពុជា គឺដូចជានៅភូមិស្នាយ, ភូមិសូរភី, ភូមិក្រសាំងថ្មី ក្នុងខេត្តបន្ទាយមានជ័យ ឬក៏ភូមិព្រហា ក្នុងខេត្តព្រៃវែង ឬក៏ភូមិឈ្មោះ១.៨ ក្នុងចម្ការកៅស៊ូមួយនៅខេត្តកំពង់ចាម។ បើសិក្សាប្រៀបធៀបទៅនឹងស្ថានីយទាំងនេះ ព្រមទាំងស្ថានីយខ្លះៗទៀតនៅប្រទេសវៀតណាម, ថៃឡងដ៍ និងភូមាផង យើងអាចសន្និដ្ឋានក្នុងជំហានដំបូងថា ទីកប់សពគោកទ្រាសនេះប្រហែលជានៅក្នុងយុគដែក ពោលគឺចន្លោះ២០០០ ទៅ២៥០០ឆ្នាំមុនបច្ចុប្បន្ន។ តែយ៉ាងណាក៏ដោយយើងនៅរង់ចាំលទ្ធផលតាមការវិភាគដោយប្រើធ្យូងហៅថា C14 ដើម្បីឲ្យជាក់ច្បាស់។