ដោយ ហេង សុផាឌី
កូនក្លឹងដែលលើកមកនិយាយនៅទីនេះ ជាឧបករណ៍មួយដែលជាដៃគូនឹង «ទ្រនះ» (អ្នកស្រុកខ្លះទៀតហៅថា «ល្ក») សម្រាប់ប្រើក្នុងការធ្វើក្អមឆ្នាំង។ បើមើលរូបលេខ១ យើងឃើញថា ដៃស្ដាំរបស់ស្មូនកាន់ទ្រនះដើម្បីវាយទះថ្នមៗលើផ្ទៃក្រៅនៃភាជន៍ឲ្យស្មើល្អ រីឯដៃឆ្វេងវិញកាន់កូក្លឹងទប់ពីខាងក្នុង ដើម្បីកុំឲ្យការវាយនោះបណ្តាលឲ្យបែកដី។ បានជាប្រើពាក្យថា «ក្លឹង» គឺមកអំពីគេទប់ពីក្នុងនោះធ្វើចលនាក្រឡឹងជុំវិញផ្ទៃក្នុងមួយជុំហើយមួយជុំទៀត លុះត្រាតែសាច់ភាជន៍ទាំងមូលម៉ដ្ឋហើយមានកម្រាស់ស្មើគ្នា។ បច្ចេកទេស
នេះមានបង្ហាញម្ដងមកហើយដែរ នៅជំពូកទី១ លេខរៀងទី៥០ ប៉ុន្តែនៅទីនេះខ្ញុំចង់បង្ហាញថា គេប្រើបច្ចេកទេសនេះតាំងពីសម័យបុរេប្រវត្តិមកម៉្លេះ។
នៅជំនាន់ជាយូរមកហើយនោះកូនក្លឹងភាគច្រើនដែលប្រទះឃើញសុទ្ធសឹងធ្វើពីដីដុត ហើយមានតិចតួចណាស់ដែលផលិតពីថ្មភក់ ដូចមានឧទាហរណ៍នៅស្ថានីយម្លូព្រៃ។ កូនក្លឹងភាគច្រើនមានរូបរាងស្រដៀងផ្សិត (រូបលេខ២) ខ្លះទៀតរាងដូចកូនជញ្ជីង (រូបលេខ៣ បានមកពីស្ថានីយបន្ទាយគូ នៅក្រែក ខេត្តកំពង់ចាម)។ ជាទូទៅ នៅតាមស្ថានីយបុរេប្រវត្តិសាស្ត្រ មិនថានៅកម្ពុជាបច្ចុប្បន្ន ឬប្រទេសណាទៀតនៃអាស៊ីអាគ្នេយ៍ឡើយ គេតែងប្រទះឃើញកូនក្លឹងនៅលាយឡំជាមួយបំណែកភាជន៍និងឧបករណ៍ប្រើប្រាស់ដទៃទៀត។ រូបលេខ៤បានមកពីស្ថានីយសំរោងសែន, រូបលេខ៥ ជាគំនូរចម្លងពីវត្ថុបានមកពីស្ថានីយម្លូព្រៃ ខេត្តព្រះវិហារ, រូបលេខ៦ បានមកពីអង្គរបុរី ខេត្តតាកែវ,រូបលេខ៧ បានមកពីភូមិសុរភី ខេត្តបន្ទាយមានជ័យ។
នាបច្ចុប្បន្ននេះ ស្មូននៅតាមតំបន់ផ្សេងៗប្រើបច្ចេកទេសដែលវិវឌ្ឍហួសពីការប្រើកូនក្លឹងនិងទ្រនះនេះដែរ មានការប្រើអន្ទោកឬឈ្នាន់បង្វិលជាដើម ដែលធ្វើឲ្យការផលិតនោះលឿងឆាប់រហ័ស។ប៉ុន្តែនៅអត្ថបទខ្លីនេះ គោលបំណងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការប្រើកូនក្លឹងមានជាយូរអង្វែងមកហើយ រីឯសព្វថ្ងៃសោតក៏មិនទាន់បាត់បង់រលត់ទៅដែរ។