ក្រឡិកក្រឡុកការដ្ឋានថ្មបាយក្រៀមបុរាណ?

­­ដោយ ឃុត សុខាន

 

“ក្រឡិកក្រឡុក” ជាឈ្មោះតំបន់មួយដែលអ្នកភូមិដាក់ឲ្យ តម្រូវតាមស្ថានភាពជាក់ស្តែងនៅទីនោះ។ តំបន់ នេះស្ថិតនៅភាគខាងជើងក្រុមប្រាសាទអង្គរនៃខេត្តសៀមរាប ប្រមាណជា២១គ.ម.ពីអង្គរធំ ដែលត្រូវនឹងទីតាំង កូអរដោនេភូមិសាស្ត្រ ១៣០៣៨,២៦៨ ខាងជើង និង ១០៣០៥១,៩៥៦ ខាងកើត។ បើប្រៀបនឹងឃុំពាក់ស្នែង តំបន់នេះ ចម្ងាយប្រមាណ៦ គ.ម.ខាងជើងទីរួមឃុំ និងប្រមាណ១,៥០គីឡូម៉ែត្រខាងកើតផ្លូវទទឹងថ្ងៃ ឬផ្លូវខាងជើងដែល ជាផ្លូវបុរាណមួយក្នុងចំណោមផ្លូវបុរាណសំខាន់ៗទាំង៥ដែលភ្ជាប់បុរីយសោធរទៅតំបន់ផ្សេងៗ (សូមអាន អ៊ឹម សុខរិទ្ធី, ២០០៥, “បណ្តាញផ្លូវសម័យអង្គរ និងរចនាសម្ព័ន្ធពាក់ព័ន្ធ”, Udaya 5)។ ដើម្បីទៅដល់ទីនោះ យើងអាចធ្វើដំណើរតាមផ្លូវគ្រួសក្រហមដែលចេញពីជ្រុងពាយព្យនៃប្រាសាទព្រះខ័នទៅទីប្រជុំជនឃុំពាក់ស្នែង ហើយបន្តទៅជើងរហូតដល់ភូមិខ្ទីង រួចចេញពីភូមិ នេះតាមទិសឦសានប្រមាណជា២,៥ គ.ម.ទៀតទើបដល់កន្លែងនោះ (មើលផែនទីបង្ហាញនៅរូបលេខ១)។

ខ្ញុំពុំហានអះអាងថា “ក្រឡិកក្រឡុក”ជាកន្លែងអ្វីច្បាស់លាស់ទេ ហើយពុំដឹងថាអាយុកាលចំណាស់ណាដែរ។ តាមការចុះពិនិត្យផ្ទាល់ឃើញថា ដុំថ្មបាយក្រៀមជាច្រើនរាងបួនជ្រុងទ្រវែង ខ្លះធំ ហើយខ្លះតូច ប្រមូលផ្តុំគ្នា នៅក្នុងទីតាំងបីផ្សេងគ្នា ដែលកន្លែងនីមួយៗមានទំហំប្រហែលពី១ទៅ៣    គ.ម.ក្រឡា។ ជាទូទៅ កន្លែងទាំងនោះ គ្របដណ្តប់ដោយព្រៃឈើ លើកលែងតែផ្នែកខ្លះដែលអ្នកភូមិរានព្រៃធ្វើចម្ការ ដែលយើងអាចមើលឃើញគំនរថ្មបាយក្រៀមទាំងនោះច្បាស់ (រូបលេខ២)។ នៅតាមកន្លែងមួយៗ ទាំងនៅក្នុងព្រៃ និងនៅលើដីចម្ការ ថ្មបាយក្រៀមជាច្រើនដែលស្ថិតនៅទីតាំងផ្សេងៗគ្នា ជាទូទៅ តាំងនៅជុំវិញរណ្តៅ ឬស្រះវែងៗដែលមានប្រវែងប្រមាណពី៦ទៅ ៣០ម . និងជម្រៅពី៣ទៅ៦ម.។ ថ្មបាយក្រៀមនៅតាមគំនរនីមួយៗត្រូវគេរៀបបញ្ឈរៗ និងផ្អែកបន្តបន្ទាប់ពីលើគ្នាយ៉ាងរៀបរយ លំនាំដូចគេតម្រៀបក្បឿងប្រក់ដំបូលផ្ទះដូច្នេះដែរ (រូបលេខ៣-៥)។ ការ រៀបចំនេះធ្វើឲ្យខ្ញុំមន្ទិលសង្ស័យថា រណ្តៅឬស្រះដែលគេជីកនៅក្បែរគំនរដុំថ្មបាយក្រៀម ប្រហែលជាកន្លែងជីក យកថ្មបាយក្រៀម។ ជម្រៅស្រះអស់ទាំងនោះប្រហាក់ប្រហែលគ្នានឹងកម្រិតស្រទាប់ថ្មបាយក្រៀម (កម្រាស់១ម.) ដែលអាចជីកយកបានក្នុងជម្រៅ៤ម.នៅជុំវិញបរិវេណអង្គរ។ យើងដឹងហើយថា ថ្មបាយក្រៀមទន់បន្តិចពេលទើប ជីកយកពីក្នុងដី ប៉ុន្តែចាប់ផ្តើមរឹងនៅពេលត្រូវកំដៅថ្ងៃ។ ដូច្នេះពុំមានអ្វីគួឲ្យសង្ស័យឡើយដែលថាដុំថ្មបាយក្រៀម នោះត្រូវគេជីកយកពីរណ្តៅនិងស្រះទាំងអស់នោះ។ សំណួរចោទឡើងនៅត្រង់ចំណុចនេះ ៖ តើកន្លែងនោះ ជាការដ្ឋានដែលគេជីកយកថ្មបាយក្រៀមសម្រាប់កសាងប្រាសាទ និងសំណង់ផ្សេងៗក្នុងបរិវេណអង្គរ ឬយ៉ាងណា? រហូតមកទល់ពេលនេះ គេគ្រាន់តែដឹងពីទីតាំងការដ្ឋានយកថ្មភក់សំខាន់មួយ ស្ថិតនៅខាងជើងប្រាសាទបេងមាលា ទិសអាគ្នេយ៍ភ្នំគូលែន។ ចំពោះការដ្ឋានជីកយកថ្មបាយក្រៀមគេពិបាកសន្និដ្ឋានណាស់  ព្រោះថ្មនេះមាននៅស្ទើរគ្រប់ទិសទី។ ប៉ុន្តែបរិវេណនិងទីតាំងធំៗទាំងបីដែលមានគំនរថ្មបាយក្រៀម និងរណ្តៅ ឬស្រះជាច្រើននៅក្នុងតំបន់      “ក្រឡិកក្រឡុក”នៅតែធ្វើឲ្យខ្ញុំគិតថា ទីនោះអាចប្រហែលជាការដ្ឋានជីកយកថ្មបាយក្រៀមមួយដែរ។ ផ្លូវបុរាណមួយខ្សែ (ផ្លូវ ខាងជើង) ដែលស្ថិតនៅប្រមាណ១,៥ គ.ម.ខាងលិចកន្លែងនោះ ប្រហែលគេប្រើសម្រាប់ដឹកជញ្ជូនថ្មបាយក្រៀម ទាំងនោះផងក៏មិនដឹង ក្រៅពីតួនាទីផ្សេងទៀត។

 ការសិក្សាបន្ថែមទៀតអំពីតំបន់“ក្រឡិកក្រឡុក”នេះគួរតែធ្វើឡើងឲ្យបានហ្មត់ចត់ដើម្បីឱ្យដឹងច្បាស់ថា ជាការដ្ឋានពិតប្រាកដ យ៉ាងណា។