ដោយ ព្រាប ចាន់ម៉ារ៉ា
ដែលយើងដឹងជាទូទៅហើយនោះ គឺថាប្រាសាទបុរាណសម្បូណ៌ទៅដោយចម្លាក់ណាស់ សូម្បីតែជញ្ជាំងឥដ្ឋក៏ឧស្សាហ៍ឃើញមានក្បូរក្បាច់រចនា ឬរូបទេពនានាដែលគេឆ្លាក់ឲ្យ លេចផុសឡើងជាទីត្រកាលភ្នែកដែរ។ ភាគច្រើនកាលណាឆ្លាក់លើឥដ្ឋ គេច្រើនយកបាយអ មកបូកពីលើដើម្បីឲ្យចម្លាក់នោះចេញរាងក្រឡោតឡើង ដូចធ្លាប់បង្ហាញម្តងហើយនៅជំពូកទី៤ លេខរៀងទី៥៤។ ប៉ុន្តែចម្លាក់ខ្លះទៀត គេឆ្លាក់ជ្រៅទៅក្នុងសាច់ឥដ្ឋតែម្តង ដោយមិនពឹងលើបាយអអ្វីទាំងអស់។ ឧទាហរណ៍នេះមាននៅប្រាសាទមួយចំនួន ហើយដែលស្តែងជាងគេនោះគឺនៅប្រាសាទក្រវាន់ ក្នុងតំបន់អង្គរ ដូចមានបង្ហាញនៅរូបលេខ១-៣។
ជួនកាលទៀតមិនមែនជាចម្លាក់ឡើយ តែជាគំនូរដែលគេផាត់ពណ៌ទៅវិញ។ យើងពុំដឹងថា ករណីនេះសម្បូណ៌ឬយ៉ាងណាឡើយ ដ្បិតកាលឆ្លងកាត់ពេលវេលាយូរមិនអាចឲ្យពណ៌នោះគង់ជាអង្វែងបានទេ ជាពិសេសនៅប្រទេសខ្មែរដែលសម្បូណ៌ទៅដោយសំណើម។ ទោះជាគំនូរនោះគេគូរនៅលើជញ្ជាំងខាងក្នុងប្រាសាទ ក៏មិនអាចគង់បានយូរណាស់ដែរ ព្រោះជាទូទៅដំបូលប្រាសាទតែងរលុះ ធ្វើឲ្យភ្លៀងនិងពន្លឺចូលបានងាយ បើពុំដូច្នោះទេក៏គង់មានសត្វប្រចៀវមកនៅ ដែលទឹកនោមវាសម្បូណ៌ទៅដោយជាតិអាស៊ីត។ ប៉ុណ្ណេះហើយក៏គង់នៅមានគំនូរខ្លះគេអាចឃើញមួយពាន់ឆ្នាំ ឬលើសពីនោះបន្តិច ក្រោយពីប្រាសាទសង់ហើយដែរ។ ឧទាហរណ៍ជាក់ស្តែងមាននៅប្រាសាទនាងខ្មៅក្នុងខេត្តតាកែវ។ រូបលេខ៤ជារូបដែលគេថត រវាងប្រមាណ៦០-៧០ឆ្នាំមុននេះ ហើយយើងសង្កេតឃើញថា ថ្វីដ្បិតតែរិចរិលមួយភាគធំក្តី ក៏យើងអាចដឹងថារូបនោះជារូបព្រះនារាយណ៍ នៅកណ្តាលជញ្ជាំង ហើយមានទេពនិករទាំងពួងនៅស្ថានខុសៗគ្នា ដែលគេឆ្លាក់ជារូបតូចៗ។ បើប្រៀបទៅរូបលេខ៣នៅប្រាសាទក្រវាន់ខាងលើនោះ ឃើញថារបៀបបង្ហាញដូចគ្នា គ្រាន់តែមួយឆ្លាក់ មួយគូរ។ ត្រង់នេះមានចំណុចមួយគួរឲ្យកត់សម្គាល់ដែរ គឺថាក្រុមប្រាសាទឥដ្ឋទាំងពីរនេះ ស្ថិតនៅឆ្ងាយពីគ្នាមែន ឯអ្នកសាងក៏ផ្សេងគ្នាទៀត តែសាងឡើងក្នុងសម័យកាលតែមួយ ហើយមិនតែប៉ុណ្ណោះ របៀបរៀបរូបក៏មើលទៅឃើញថានៅក្នុងសណ្ឋានតែមួយ។ រីឯរូប លេខ៥-៦ ដែលបង្ហាញរូបតួអង្គព្រះនារាយណ៍និងទេពផ្សេងៗនៃនិកាយព្រះនារាយណ៍នេះ អ្នកស្រាវជ្រាវយកមកថែមថយលើរូបនោះឲ្យច្បាស់ជាងមុន ដើម្បីអ្នកសិក្សានានាងាយសម្គាល់និងងាយយល់ (រូបដើមនៅលើជញ្ជាំងផ្ទាល់មិនច្បាស់ដល់ម៉្លេះទេ)។
រូបលេខ៧-៨ ថតមកពីប្រាសាទកោះកេរ្តិ៍ សាងក្នុងសម័យកាលដូចប្រាសាទពីរខាងលើនេះដែរ ដែលយើងឃើញថាជាគំនូរពណ៌នៅលើឥដ្ឋដែរ តែនេះគ្រាន់តែជាបំណែកជញ្ជាំងប៉ុណ្ណោះ ដ្បិតតួប៉មនោះរងការខូចខាតជាដំណំ។ ជាអកុសល មកទល់ពេលនេះគេប្រទះឃើញរូបគំនូរតែប៉ុណ្ណេះឯង។ យើងពុំដឹងថា កាលនៅពេញលេញនាសម័យដើមគេគូរអ្វីខ្លះទេនៅលើជញ្ជាំងនោះ ព្រោះបើមើលមកសំណល់នេះឃើញថាជារូបក្បាច់លម្អជាសន្លឹក។
ខ្ញុំសរសេរពាក្យផ្តើមវែងបន្តិចមកនេះ ដោយសារចង់ឆ្លៀតឱកាសបង្ហាញពីទិដ្ឋភាពមួយក្នុងគំនូរពីបុរាណកាលផង។ ឯប្រធានបទពិតប្រាកដនោះ គឺផ្តោតទៅលើចម្លាក់។ យើងងាយស្មានទេថា មុននឹងឆ្លាក់លើថ្មក្តី លើឥដ្ឋក្តី គេច្បាស់ជាគូរឲ្យចេញជារូបរាងស្របាលៗសិនហើយ។ មូលហេតុប្រហែលមានពីរ៖ ទីមួយ គឺគូររូបនីមួយៗជាមនុស្ស ជាសត្វ ជារុក្ខជាតិ ជាវត្ថុឲ្យត្រូវភ្នែកសិន ឯទីពីរ គឺរូបដែលនៅក្នុងផ្ទាំងមួយ តូចឬធំ មិនត្រូវឲ្យកំបុតត្រង់កន្លែងណាឡើយ។ ឧបមាថា គេឆ្លាក់រូបផ្កាអ្វីមួយមកធ្វើជាក្បាច់ក្នុងស៊ុមរង្វង់មូលមួយ មិនត្រូវឲ្យផ្កានោះទៅទើស គងលើគ្នាត្រង់កន្លែងជាមុខតំណឡើយ។ រូបលេខ៩ បង្ហាញពីចម្លាក់មួយនៅជញ្ជាំងប្រាសាទបាយ័ន្តដែលឆ្លាក់មិនទាន់ហើយ។ យើងសង្កេតឃើញថា នៅផ្នែកមិនទាន់ហើយនោះ គេឆ្លាក់រូបមនុស្សឲ្យមានខ្សែចេញជារូបរាងទូទៅសិន។ បើពិនិត្យល្អិតល្អន់ទៅទៀត ដូចជាពុំឃើញមានអ្វីលើសពីនោះឡើយ តែខ្ញុំយល់ថា ដំណាក់កាលដំបូងមុននោះទៅទៀត គឺគេគូរឲ្យចេញជាខ្សែសិន ហើយវត្ថុធាតុដែលយកទៅប្រើអាចជាធ្យូងក៏សឹងស្មានបាន តែយើងដឹងហើយថា ស្លាកស្នាមធ្យូងស្ងួតមិនអាចដិតបានយូរអង្វែងទេ ដូច្នេះយើងមើលពុំឃើញជាធម្មតា។ បើយើងក្រឡេកមកសិលាចារឹកវិញ យើងដឹងថាភាគច្រើនបំផុត គឺគេចារដោយប្រើឧបករណ៍ជាលោហៈទៅដាប់ឆូតឲ្យក្រហូងសាច់ថ្មតែម្តង។ ប៉ុន្តែនៅសម័យកណ្តាលយើងមានឧទាហរណ៍ខ្លះៗដែរ ដែលអក្សរថ្មចារដោយទឹកខ្មៅ (រូបលេខ ១០)។ វត្ថុធាតុនោះយកអ្វីខ្លះមកផ្សំលាយគ្នាក៏ខ្ញុំពុំដឹងច្បាស់ដែរ តែខ្មែរនិយមហៅថា “ទឹកខ្មៅចិន” គឺថាគេយកជក់ជ្រលក់ក្នុងទឹកខ្មៅអ្វីមួយដើម្បីសរសេរ។ តាមពិតទឹកខ្មៅចិននោះពុំចាំបាច់ជារបស់នាំមកពីចិន ឬក៏ថាខ្មែររៀនធ្វើតាមចិនទេ ព្រោះអ្នកការទូតចិនឈ្នោះ ជីវតាក្វាន់ ដែលមកនៅរាជធានីអង្គរជិតមួយឆ្នាំ នាចុងស.វ.ទី១៣ មាននិយាយក្នុងកំណត់ហេតុគាត់ថា ខ្មែរមានរបៀបសរសេរអក្សរច្រើនយ៉ាង ដែលក្នុងនោះមានប្រើទឹកខ្មៅផង ហើយពុំឮគាត់និយាយថា ខ្មែរចេះមកពីចិនឡើយ។
ឥឡូវចូរយើងមើលមកមេទ្វារមួយនៃប្រាសាទអង្គរវត្តដូចមានបង្ហាញនៅរូបលេខ១១ ផ្ទៃនោះមានឆ្លាក់រូបតួអង្គផ្សេងៗលាយនឹងរុក្ខជាតិ ហើយដែលគេបង្ហាញនៅក្នុងរង្វង់មូលរៀបគ្នាជាជួរៗផង។ យើងឃើញថា ផ្នែកមួយភាគតូចនៅលើមេទ្វារបញ្ឈរនោះ ពុំទាន់មានចម្លាក់ទេ មានន័យថាគេឆ្លាក់ពុំបានចប់។ នៅរូបលេខ១២ យើងឃើញច្បាស់ជាងមុនថា មានរង្វង់ខ្មៅៗដែលគេគូរជាមុនសិន មុននឹងឆ្លាក់ ហើយបើមើលមករូបលេខ១៣-១៤ ទើបឃើញយ៉ាងច្បាស់ថា គេគូរនឹងទឹកខ្មៅប្រភេទ “ទឹកខ្មៅចិន” មួយសាសិន មុននឹងឆ្លាក់ គ្រាន់តែគេពុំបានឆ្លាក់ជាបង្ហើយ ដោយប្រការណាមួយដែលយើងពុំដឹង។ នៅរូបលេខ១៥ បើខំពិនិត្យបន្តិចយើងឃើញថា កន្លែងខ្លះដែលដាប់ហើយនោះ ក៏មិនដាច់សាច់ថ្មត្រង់មានគំនូសបាត់អស់ដែរ គឺនៅតែមើលឃើញស្នាម បើពោលពីខ្សែមួយឆូតត្រង់ដងខ្លួនរូបតួអង្គមនុស្សផង គឺពុំទាន់មានស្នាមដាប់ទៅទៀត។ មួយទៀតយើងឃើញថា គេគូរត្របកផ្កានៅត្រង់កន្លែងរង្វង់មូលពីរត្រូវជួបគ្នា ដែលបង្ហាញថា គេ “គូរហើយ ទើបឆ្លាក់”។