ដោយ ហេង សុភាឌី, ទេព សខា, អៀម ដានី, សន ចាន់ធឿន
គំនូរនៅលើជញ្ជាំងថ្ម ឬក្នុងល្អាងភ្នំមាននៅច្រើនទិសទីដែរលើលោកនេះ គឺមាននៅអឺរុប, អាហ្វ្រិក, អូស្ត្រាលី, អាស៊ី។ មកទល់ពេលនេះ ដែលគេស្គាល់ថាចាស់ជាងគេ គឺនៅអឺរុប ហើយអាចមានអាយុកាលដល់ទៅបីម៉ឺនឆ្នាំផង។ បើពោលពីតំបន់អាស៊ីអាគ្នេយ៍វិញ គំនូរ លើថ្មធម្មជាតិក៏គេធ្លាប់ប្រទះឃើញដែរ តែពុំសម្បូណ៌ឡើយ គឺគេឃើញមានបន្តិចបន្តួចនៅប្រទេសនានា ដូចជាប្រទេសថៃឡង់ដ៍, ភូមា, លាវ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ទីម័រខាងកើត និងហ្វីលីពីនជាដើម។ ក្នុងនោះមានការសិក្សាអំពីគំនូរដែលរកឃើញខ្លះនៅប្រទេសថៃឡង់ដ៍ និងម៉ាឡេស៊ី។ ទើបតែប៉ុន្មានឆ្នាំកន្លងមកនេះទេ ដែលគេប្រទះឃើញគំនូរបែបនេះនៅប្រទេសកម្ពុជា។ វិសាលភាពនៃគំនូរទាំងនោះក៏ពុំធំធេងប៉ុន្មាន គឺបានប្រទះឃើញកន្លែងតូចៗនៅភ្នំគូលែន ដែលអ្នកស្រុកហៅថា «ពើងគំនូរ» (សូមអាននៅជំពូកទី៤ លេខរៀងទី៤១)ព្រមទាំងមួយកន្លែងទៀតនៅភ្នំក្រវាញ ដែលអ្នកស្រុកហៅថា «ល្អាងគំនូរ»។ ដែលនិយាយថាទើបនឹងបានប្រទះឃើញនោះ គឺពោលពីអ្នកស្រាវជ្រាវប៉ុណ្ណោះទេ រីឯអ្នកស្រុកផ្ទាល់វិញ គេស្គាល់បរិស្ថាន ធម្មជាតិ និងវប្បធម៌របស់គេជាធម្មតា។ គឺអំពីល្អាងគំនូរនេះហើយដែលយើងខ្ញុំលើកយកមកបង្ហាញនៅទីនេះ។
ល្អាងគំនូរ (និយាមការ N.37 05 35, E 103 85 62 ) ស្ថិតនៅចម្ងាយប្រមាណ ២គ.ម.ខាងត្បូងភូមិកាណម ដែលជាចំណុះឃុំរកាត ហើយមានចម្ងាយជាង៤០គ.ម.ពីលាជ ដែលជាទីរួមស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ ល្អាងនោះជាប្រភេទថ្មដែលអ្នកភ្នំគូលែនហៅថា «ពើង» ពោលគឺជម្រកថ្មធម្មជាតិ ដែលមានផ្ទាំងថ្មលយចេញនៅខាងលើ ដូចជាដំបូលវែងមួយល្មមឲ្យមនុស្សជ្រកកោនបានពីភ្លៀង និងកម្តៅថ្ងៃជាដើម (រូបលេខ១)។ ថ្មនោះជាប្រភេទថ្មភក់ ពណ៌ផេះធម្មតា ដែលមានបណ្តោយ៧,៤០ម. ទទឹង៤,៨០ម. កម្ពស់ពីបាតដល់ដំបូល ៣,៣៤ម. រីឯជម្រៅចូលទៅក្នុងប្រមាណ ៤ម.។ កម្រាស់ថ្មដែលលយចេញមកដូចជាដំបូលនោះ គឺ៦៥ស.ម.។ ល្អាងទាំងមូលបែរទៅទិសអាគ្នេយ៍ ហើយបើគិតពីទំហំនោះទៅឃើញថា មិនមែនជាទីតាំងរបស់មនុស្សឬសហគមន៍ ក្នុងន័យថាជាទីលំនៅឡើយ ដ្បិតជម្រកថ្មនោះតូចចង្អៀត ហើយម៉្យាងទៀត នៅជុំវិញជាប់ៗនោះយើងឃើញមានផ្ទាំងថ្មធំៗ។ គំនូរភាគច្រើនគូរនៅលើពិតាន ត្រង់កន្លែងណាដែលផ្ទៃថ្មនោះរាប និងនៅលេជីញ្ជាំងខ្លះៗ ត្រង់ទីណាដែលមានផ្ទៃរាបដូចគ្នាដែរ។ ពណ៌ដែលយកមកប្រើនេះគឺពណ៌ដីលែង ហើយប្រហែលជាយកដីលែងមកប្រើដូច្នោះមែន។ ដូច្នេះមានន័យថាមានតែមួយពណ៌ប៉ុណ្ណោះ តែសូមបញ្ជាក់ថា ពណ៌នេះហើយដែលប្រទះឃើញនៅគំនូរសម័យបុរេប្រវត្តិសាស្ត្រស្ទើរគ្រប់ទិសទីលើលោកនេះ។ នៅលើផ្ទាំងថ្មដែលជាបាតល្អាងនោះ មានផ្ទៃមួយកន្លែងដែលប្រឡាក់ជាប់ពណ៌ដីលែង ដូចគ្នានឹងពណ៌គំនូរនៅលើពិតានដែរ ជាហេតុឲ្យយើងខ្ញុំគិតថា ត្រង់នោះហើយដែលគេយកដីលែងមកកិនលាយជាមួយវត្ថុធាតុផ្សេងទៀត ដើម្បីយកទៅគូរគំនូរនោះ (រូបលេខ២)។ សូមអ្នកអានកុំយកចិត្តទុកដាក់នឹងស្នាមដីស ដែលក្មេងរស់នៅជិតៗនោះគូសវាសពីលើ។
គំនូរទាំងនោះ ភាគច្រើនជារូបសត្វចតុបាទ ទំនងជាគោ, ក្របី, ឈ្លូស ព្រមទាំងសត្វមួយចំនួនទៀត ដែលលំបាកថាជាសត្វអ្វីប្រាកដ (រូបលេខ៣-៩)។ ក្រៅពីនេះមានរូបមនុស្សជិះដំរី (រូបលេខ១០-១២) រូបនង្គ័ល (រូបលេខ១៣-១៤)។ ឯសត្វប្រភេទសត្វស្លាប ឬមច្ឆាជាតិ ពុំឃើញមានឡើយ។
ក្នុងដំណាក់កាលនេះ យើងមិនអាចធ្វើការបកស្រាយអ្វីមួយជ្រៅជ្រះបានទេ ដរាបណាពុំទាន់បានសិក្សាវែងឆ្ងាយ មានន័យថាពុំទាន់អាចកំណត់អាយុកាលរបស់គំនូរនេះបាននៅ ឡើយ ដ្បិតវត្ថុធាតុដែលយកមកប្រើនោះមានតែដីលែង ពោលគឺគ្មានអ្វីទៀត ដូចជាជាតិធ្យូង ដែលអាចយកមកវិភាគតាមវិទ្យុសកម្មកាបូន១៤ជាដើមបាន។ ម៉្យាងទៀត បរិស្ថានធម្មជាតិនិងវប្បធម៌នៅម្តុំនេះទាំងមូលក៏ពុំទាន់មានការសិក្សាដែរ ដូច្នេះយើងពុំទាន់មាន គោលអ្វីធំៗយកមកប្រៀបធៀប បើពោលពីកំណាយតាមបែបបទបុរាណវិទ្យាផង ក៏កាន់តែអត់ទៅទៀត។ តែយ៉ាងណាក៏ដោយ យើងអាចធ្វើការសង្កេតលើចំណុចផ្សេងៗបានខ្លះដែរ។ ទីមួយ គឺរូបមនុស្សជិះដំរីបញ្ជាក់ថា សហគមន៍មនុស្សនៅទីនោះមានវប្បធម៌ធំដុំទៅហើយ ដ្បិតការទាក់ដំរីព្រៃយកមកផ្សាំងឲ្យទៅជាសត្វស្រុក ប្រើប្រាស់ក្នុងការងារផ្សេងៗ ជាសញ្ញាមួយដែលបញ្ជាក់ពីកម្រិតវប្បធម៌ថ្កុំថ្កើងរបស់សហគមន៍នោះ។ ត្រង់នេះ គួរយើងសង្កេតថា រហូតមកចុងទសវត្ស១៩៦០ តំបន់ភ្នំក្រវាញមិនត្រឹមតែជាទីដែលមានដំរីប៉ុណ្ណោះឡើយ គឺមានរហូតទៅដល់ក្រុមហ្មទាក់ដំរីដែលល្បីល្បាញ ក្នុងពពួកហ្មដែលហៅថា «ហ្មប្រុស» (រីឯក្រុមហ្មដែលនៅខាងខេត្តកំពង់ស្ពឺ គេហៅថា «ហ្មស្រី» ដ្បិតអ្នកខាងនេះយកព្រ័ត្រសម្រាប់ទាក់ដំរីនោះ ទៅភ្ជាប់នឹងឈើ ឬឫស្សីមួយដើមយ៉ាងវែង ហៅថា «ដងកញ្ចាំ» ខុសពីហ្មខាងពោធិសាត់ដែលប្រើតែព្រ័ត្រ ពុំចាំបាច់ប្រើដងនោះ)។ ចំណុចមួយទៀតគឺរូបនង្គ័ល ដែលជាសញ្ញាថា កសិកម្មនោះនៅក្នុងប្រភេទកសិកម្មមានទីតាំងជាអចិន្ត្រៃយ៍ ដូចជាស្រែ ចម្ការជាដើម ដែលមិនមែនជាការដាំដុះរបៀបពនេចរនោះឡើយ។ មួយវិញទៀត នង្គ័លជាឧបករណ៍មានផាលជាលោហៈ ដែលជាការបញ្ជាក់ថា ពេលនោះពុំមែននៅក្នុងយុគថ្មទៀតឡើយ។
យើងខ្ញុំសង្ឃឹមថា ទៅអនាគត យើងខ្ញុំក្តី ឬអ្នកស្រាវជ្រាវដទៃទៀតក្តី មានលទ្ធភាពនឹងធ្វើការស្រាវជ្រាវឲ្យបានល្អិតល្អន់នៅល្អាងគំនូរនេះ។ ម៉្យាងទៀត សង្ឃឹមថានឹងរកឃើញទីកន្លែងប្រភេទនេះផ្សេងៗទៀត ដែលនឹងធ្វើឲ្យវិស័យសិក្សាផ្នែកគំនូរបុរាណប្រភេទនេះ ក្លាយទៅជាមុខវិជ្ជាសំខាន់មួយដូចនៅប្រទេសដទៃដែរ។