ដោយ ហេង សុផាឌី
ល្អាងស្ពានជាឈ្មោះស្ថានីយ៍បុរេប្រវត្តិ ដែលជាល្អាងភ្នំមួយក្នុងចំណោមល្អាងផ្សេងៗនៃភ្នំទាក់ទ្រាំង។ ភ្នំនេះមានបណ្តោយប្រមាណ ០,៥គ.ម. ទទឹង ០,៣គ.ម. និងកម្ពស់ ៥០ម. ផុតពីដីទំនាបដែលនៅជុំវិញ។ ភ្នំទាក់ទ្រាំងជាប្រភេទភ្នំថ្មកំបោរ ស្ថិតនៅចម្ងាយប្រមាណ៤០ គីឡូម៉ែត្រខាងនិរតីក្រុងបាត់ដំបង (រូបលេខ១)។ បើគិតតាមរដ្ឋបាលសព្វថ្ងៃ គឺនៅក្នុងភូមិគីឡូម៉ែត្រលេខ៣៨, ឃុំត្រែង, ស្រុករតនមណ្ឌល, ខេត្តបាត់ដំបង។ តាមប្រព័ន្ធ GPS ល្អាងស្ពានស្ថិតនៅលើចំណុចរយៈទទឹងខាងជើង១២០៥៣'៥៦៤" និងរយៈបណ្តោយ ១០២០៥៥'៦៦០" ព្រមទាំងកម្ពស់ ១២០ម.ប្រៀមនឹងផ្ទៃទឹកសមុទ្រ។ ឯឈ្មោះថា “ល្អាងស្ពាន” គឺមកអំពីក្នុងល្អាងនោះមានផ្ទាំងថ្មមួយកន្លែងដែលមើលទៅរាងដូចស្ពាន (រូប លេខ២) ដោយសារភ្លៀងពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យថ្មកំបោរនៅទីនេះសឹករិចរឹលម្តងបន្តិចៗ។ ល្អាងស្ពានស្ថិតនៅផ្នែកខាងលើ បើប្រៀបទៅល្អាងឯទៀត។ ល្អាងនេះមានបណ្តោយអតិបរមាប្រមាណ៨០ម., ទទឹងអតិបរមាប្រមាណ៤០ម. ឯកម្ពស់គឺប្រមាណ២០ម.។
នៅទសវត្ស១៩៦០ លោក Roland Mourer និងអ្នកស្រី Cécile Mourer បានសិក្សាស្រាវជ្រាវជាលើកដំបូងមុនគេនៅទីនេះ។ ដំណាក់កាលការងារធ្វើតាមបុរាណវិទ្យានោះមានបួនបន្តបន្ទាប់គ្នា គឺនៅឆ្នាំ១៩៦៥, ១៩៦៦, ១៩៦៧ និង១៩៦៨។ ដំណាក់កាលនីមួយៗមានរយៈពេលមួយសប្តាហ៍ ហើយតែងតែមានការចូលរួមពីនិស្សិតមហាវិទ្យាល័យបុរាណវិទ្យាផង (រូបលេខ៣)។ ទីតាំងនៃកំណាយទាំងនោះមានបីផ្សេងគ្នា គឺត្រង់ច្រកចូលល្អាងមួយ, ផ្នែកកណ្តាលមួយ, និងផ្នែកចុងបំផុតនៃល្អាង។ ក្នុងជម្រៅ១,៥ម.គេឃើញមានស្រទាប់ដីចំនួន៩ ក្នុងនោះមាន៦ស្រទាប់ដែលមនុស្សធ្លាប់ប៉ះពាល់រស់នៅ។ សំណល់ដែលប្រទះឃើញតាមស្រទាប់ទាំង៦នេះមាន ឧបករណ៍ថ្មមានទំហំខុសៗគ្នា (រូបលេខ៤), បំណែកកុលាល ភាជន៍, ឆ្អឹងសត្វ, បំណែកឆ្អឹងមនុស្ស, សំបកខ្យង ខ្ចៅ, កម្ទេចធ្យូងជាដើម។ បើយោងតាមការវិភាគធ្យូងហៅថា C14 ស្រទាប់ដីទី១រាប់ពីក្រោមមកលើ មានអាយុប្រមាណ ៦៨០០ឆ្នាំមុនគ្រិស្តសករាជ, ទី២ ប្រមាណ ៤២៩០ឆ្នាំមុនគ្រិស្តសករាជ, ទី៣ ប្រមាណ ២០៥០ឆ្នាំមុនគ្រិស្តសករាជ, ទី៤ ប្រមាណ ៥០០ឆ្នាំមុនគ្រិស្តសករាជ និងទី៥ នៅចន្លោះគ.ស.៧៥០- ៨៥០។ ដូច្នេះឃើញថា ស្ថានីយ៍ល្អាងស្ពានមានមនុស្សរស់នៅតាំងពី៧០០០ឆ្នាំមុនគ្រិស្ត សករាជ រហូតដល់គ.ស.៨៥០ ប៉ុន្តែក្នុងចន្លោះ មនុស្សពុំរស់នៅតៗគ្នារៀងរហូតឥតដែលដាច់សោះនោះទេ គឺមានពេលខ្លះមានការបោះបង់ចោលរយៈពេលខ្លីឬវែងដែរ។ ឧបករណ៍ ថ្មនៅទីនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងវត្ថុយុគថ្មបំបែក ដែលគេធ្លាប់ប្រទះឃើញនៅកោះស៊ូមាត្រា ព្រមទាំងនៅផ្នែកខាងជើងនៃប្រទេសវៀតណាម ហើយដែលអ្នកស្រាវជ្រាវសន្មតថាជាផ្នែកនៃអារ្យធម៌ Hoabinhian។ រីឯកុលាលភាជន៍វិញ គឺគេរកឃើញនៅស្រទាប់ ទី២ ដែលមានអាយុជាង៤០០០ឆ្នាំមុនគ្រិស្តសករាជ មានន័យថាមកទល់ពេលនេះគឺជាកុលាលភាជន៍ចាស់ជាងគេនៅកម្ពុជា ដែលអ្នកស្រាវជ្រាវស្គាល់ (រូបលេខ៥)។
ខាងលើនេះជាលទ្ធផលនៃការស្រាវជ្រាវរបស់លោកនិងអ្នកស្រី Mourer ដែលខ្ញុំសង្ខេបយ៉ាងខ្លីបំផុត។ កន្លងមកថ្មីៗនេះមានការស្រាវជ្រាវបន្តទៅទៀត ដែលធ្វើឡើងក្នុងសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នប្រទេសបារាំងមួយហៅថា វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ (សរសេរកាត់ថា IRD)។ កំណាយលើកទី១ ធ្វើពីថ្ងៃទី១ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៩។ គោលបំណងនោះគឺប្រមូលទិន្នន័យឲ្យបានកាន់តែច្រើនជាងមុន ហើយម៉្យាងទៀតមានបញ្ចូលការវិភាគលម្អងផ្កាផង ដើម្បីយល់ពីការវិវឌ្ឍន៍នៃបរិស្ថានទូទៅ។ សព្វថ្ងៃនេះបច្ចេកទេសនិងវិធីសាស្ត្រកំណាយកាន់តែជឿនលឿនទៅមុខ ដូច្នេះយើងខិតខំអនុវត្តិទៅតាមនោះដែរ។ ទីតាំងរណ្តៅកំណាយថ្មីនេះ មានទំហំ ៨ម២ ស្ថិតនៅចំកណ្តាលល្អាង ហើយឃ្លាតពីរណ្តៅកំណាយដែលលោកនិងអ្នកស្រី Mourer ធ្វើតែមួយម៉ែត្រប៉ុណ្ណោះ (រូប លេខ៦)។ ក្រៅអំពីនេះ យើងបានធ្វើកំណាយលើរណ្តៅចាស់សាជាថ្មីវិញទៀត ដោយសារចង់ទៅដល់ស្រទាប់ដីធម្មជាតិ ដែលពីមុនមកជីកមិនទាន់ដល់។ យើងសម្រេចថាជីកតែក្នុងទំហំ១ម២ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ថ្ងៃបញ្ចប់នៃការធ្វើកំណាយក៏នៅតែមិនទាន់ដល់ស្រទាប់ធម្មជាតិនោះ ថ្វីត្បិតតែយើងបានជីកបន្តរហូតដល់ជម្រៅ៤,៣ម.ក៏ដោយ។ រីឯរណ្តៅថ្មី ក្នុងដំណាក់កាលដំបូងនេះយើងជីកបានជម្រៅតែ៤០ស.ម.ទេ ដូច្នេះការងារទៅអនាគតមានវែងឆ្ងាយទៀត។ សារុបវត្ថុដែលប្រមូលបានមកគឺ ៖
- បំណែកឧបករណ៍ថ្មមាន ១៣៣៧ (រូបលេខ៧)
- ផ្លែពូថៅថ្ម១មានពន្លួញ (រូបលេខ៨)
- បំណែកកុលាលភាជន៍ចំនួន ៤១៦ (រូបលេខ៩)
- ឆ្អឹងមនុស្សចំនួន ២៥បំណែក ក្នុងនោះមានធ្មេញនិងឆ្អឹងថ្គាមផង (រូបលេខ១០-១១)
- ឆ្អឹងសត្វផ្សេងៗចំនួន ១៣២ដុំ (រូបលេខ១២)
- អំពីរណ្តៅដែលជីកតពីរណ្តៅចាស់ យើងបានបំណែកឧបករណ៍ថ្មចំនួន ១៤៧ដុំ (រូបលេខ១៣)។
ជាសេចក្តីសង្ខេបបណ្តោះអាសន្ន យើងអាចនិយាយថា ល្អាងស្ពានជាស្ថានីយ៍បុរេប្រវត្តិដែលមានចំណាស់លើសគេនៅប្រទេសកម្ពុជា ត្បិតមកទល់បច្ចុប្បន្ននេះយើងពុំទាន់ស្គាល់ស្ថានីយ៍ណាដែលចាស់រហូតដល់ប៉ុន្នេះនៅឡើយ។ ការស្រាវជ្រាវតទៅអនាគតនឹងនាំឲ្យយើងកាន់តែចេះដឹងវែងឆ្ងាយទៅទៀតក្នុងវិស័យបុរេប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។