ចម្លាក់ល្បែងអុកនៅតាមចម្លាក់បុរាណ

  ដោយ ស៊ីយ៉ុន សុភារិទ្ធ

 អុកជាល្បែងមួយដែលជួនកាលគេគ្រាន់តែលេងកម្សាន្តដើម្បីលំហែ ឬបង្វឹកខួរក្បាលឲ្យចេះ រវាសរវៃ តែជួនកាលទៀត ដោយយកការភ្នាល់ធ្វើជាធំ។ ជាទូទៅធ្លាប់សង្កេតឃើញថា ដោយសារល្បែងអុកតម្រូវឲ្យមានការគិតពិចារណាច្រើន អ្នកលេងច្រើនតែ “ជក់” ជួនកាលភ្លេចបាយភ្លេចទឹក ភ្លេចការងារ មួយក្តារហើយមួយក្តារទៀត ត្បិតចង់ឈ្នះលើដៃគូ។ ក្នុងរឿងធនញ្ជ័យ តាសេដ្ឋីនោះជក់លេងអុករហូតដល់ភ្លើងឆេះផ្ទះខ្លួនហើយមិនចង់ឈប់លេងទៀត។ បើក្នុងរឿងកាកី គឺព្រះបាទព្រហ្មទត្តជក់លេងអុកជាមួយគ្រុឌកាឡាខ្លួន មិនរវីរវល់នឹងនាងកាកីដែលកើតក្តីអផ្សុកទាល់តែសោះ រហូតដល់គ្រុឌយកនាងទៅស្ថានសិម្ពលី ហើយទាល់តែគន្ធ័នដេញចាប៉ីច្រៀងរ៉ាយរ៉ាប់ទើបភ្ញាក់ព្រះអង្គ។

ពាក្យថា “អុក” នេះសំដៅទៅលើកាយវិការយកកូនអុកទៅដាក់ធ្ងន់ដៃត្រង់ក្រឡាសម្លាប់ ព្រមទាំងស្រែកប្រាប់ទៅដៃគូលេងឲ្យដឹងផង។ ភាសាសំស្ក្រឹតមានពាក្យហៅច្រើន ដូចជា “បាសក”,“ចតុរង្គ” និង“វិភីតក”។ ពាក្យ “បាសក”នេះក្លាយមកជាខ្មែរថា “បាស្កា” ឬជួនកាលទៀតនៅសល់តែ “ស្កា”។ ឯពាក្យ “ចតុរង្គ” វិញ ខ្មែរបង្រួញមកជា “ចត្រង្គ”។ ពាក្យនេះកាត់មកពី “ចតុរង្គសេនា” គឺទ័ពទាំង៤អង្គ មានជើងគោក, ជើងទឹក, ដំរី, សេះ។ រីឯ “វិភីតក”ជាឈ្មោះគ្រាប់រុក្ខជាតិមួយប្រភេទដែល ភាសាឡាតាំងថា  Terminalia  bellerica (អ្នកស្រាវជ្រាវយល់ថា អុកប្រើគ្រាប់វិភីតកនេះហើយ ដែលគេលេងនៅក្នុងរឿងមហាភារត)។

ចម្លាក់មនុស្សលេងអុកមាននៅតាមប្រាសាទមួយចំនួន។ យើងតែងឃើញមានរូបមនុស្សពីរនាក់អង្គុយជាប់ក្តារអុក ហើយជួនកាលមានមនុស្សផ្សេងទៀតអង្គុយមើលជុំវិញ មិនខុសអ្វីពីអ្នកលេងអុកនិងអ្នកឈរមើលសព្វថ្ងៃនេះទេ។ ជួនកាលចម្លាក់អំពីអុកនោះស្រង់មកពីរឿងមហាភារត ជួនកាលទៀតជាល្បែងអុកដែលគេលេងធម្មតា។

រឿងមហាភារត (ឬនិយាយខ្លីថា “ភារត”) ខ្មែរស្គាល់ច្បាស់ តាំងតែពីមុនសម័យអង្គរដូចរឿងរាមកេរ្តិ៍ដែរ។ រឿងនេះនិយាយអំពីជម្លោះស៊ីសាច់ហុតឈាម ដែលកើតឡើងពីក្តីច្រណែនរវាងបងប្អូនជីដូនមួយពីរក្រុម  ពោលគឺក្រុម “បាណ្ឌវ” ដែលមានគ្នា៥នាក់ និងក្រុមកៅរវដែលមានគ្នា១០០នាក់។  ល្បែងអុកនៅក្នុងរឿងនេះសំខាន់ណាស់ ត្បិតជាដើមហេតុនាំឲ្យកើតសង្គ្រាម ស្លាប់រង្គាលនៅទីបញ្ចប់។ ភ្នាល់នោះ គឺភ្នាល់ដាក់តាំងពីវាំង, នគរ រហូតដល់ដាក់មនុស្សជាបងប្អូន ហើយក្រោយមកដាក់ប្រពន្ធឯងទៀតផង។

នៅប្រាសាទស្នឹង (ខេត្តបាត់ដំបង, រូបលេខ១), ប្រាសាទបាភួន (អង្គរធំ, រូបលេខ២), ប្រាសាទបាកាណ (កំពង់ស្វាយ, រូបលេខ៣) ក្រៅពីរូបដៃគូ  ពោលគឺយុធិស្ថិរនិងទុយ៌ោធន ដែលកំពុងលេងនេះ យើងឃើញគេទាញសំពត់មនុស្សស្រីម្នាក់ដូចគ្នា។ នេះគឺគេស្រង់ឈុតមួយដែលនិយាយថា   យុធិស្ថិរចាញ់អុកច្រើនក្តារមកហើយ រីឯភ្នាល់នោះ គឺភ្នាល់ដាក់នគរ បន្ទាប់មកដាក់ប្អូនរបស់ខ្លួនទាំង៤នាក់ ហើយទីបញ្ចប់គឺភ្នាល់ដាក់ខ្លួនឯងតែម្តង។ ដោយសារចាញ់រាល់ក្តារ សូម្បីតែខ្លួនឯងក៏លែងជាម្ចាស់ខ្លួនទៀតផង។ ប៉ុណ្ណោះហើយនៅតែមិនដឹងខ្លួន យកនាងទ្រៅបាទីដែលជាប្រពន្ធ មកដាក់ជាគ្រឿងភ្នាល់ទៀត។ ពេលដែលក្រុមខាងឈ្នះហៅឲ្យនាងចេញមកនោះ នាងមិនព្រមចេញឡើយ ដោយមានហេតុផលដូចតទៅ៖ នាងមានរដូវ ហើយមានសម្លៀកតែមួយជាន់ (ដូចយើងដឹងហើយ សម្លៀកស្រីឥណ្ឌាតែងមានច្រើនជាន់ ហើយម៉្យាងទៀត ពេលមានរដូវ ស្រីមានត្រណមច្រើនបែបច្រើនយ៉ាងណាស់)។ ក្រៅពីការប្រតិបត្តិខ្លួនតាមលំនាំច្បាប់ស្រីនេះ នាងយកហេតុផលដែលជាច្បាប់លោកទូទៅមកជាសំអាង ពោលគឺយុធិស្ថិរមិនអាចភ្នាល់ដាក់នាងបានទេ ត្បិតខ្លួនឯងបានយកខ្លួនឯងទៅដាក់ជាគ្រឿងភ្នាល់ ចាញ់គេទៅហើយ គ្មានសិទ្ធិយកនាងទៅភ្នាល់ ឬទៅធ្វើអ្វីទៀតទេ។        ទុយ៌ោធនជាអ្នកឈ្នះប្រើឱ្យគេទៅទាញយកនាងទ្រៅបាទីចេញមកក្រៅ។ អ្នកទាញនោះបម្រុងសម្រាតធ្វើឱ្យនាងអាមាសមុខ តែដោយសារកុសលផលបុណ្យ សំពត់របស់នាងគេទាញមិនចេះអស់សោះ។  ល្បែងអុកក្នុងរឿងមហាភារតពុំមែនមានតែប៉ុណ្ណេះទេ តែនៅទីនេះខ្ញុំយកតែឈុតដែលមាននៅក្នុងចម្លាក់ប្រាសាទខ្មែរមកបង្ហាញ។

ចម្លាក់នៅតាមប្រាសាទខ្លះៗទៀតក៏បង្ហាញពីការលេងអុកដែរ ប៉ុន្តែខ្ញុំពុំដឹងថាស្រង់មកពីរឿងអ្វី ឬមួយគ្រាន់តែជាការលេងអុកធម្មតាដូចក្នុងជីវិតរាល់ថ្ងៃ។ ចម្លាក់ដែលខ្ញុំស្គាល់ មាននៅប្រាសាទអង្គវត្ត (រូបលេខ៤), ប្រាសាទបាយ័ន្ត (រូបលេខ៥) និងប្រាសាទព្រះខ័ននៅអង្គរ (រូបលេខ៦)។ នៅរូបទាំងបីនេះមានមនុស្ស អង្គុយទល់មុខគ្នា ដែលមានក្តារមួយនៅកណ្តាល។ ខ្ញុំយល់ថាជារូបមនុស្ស លេងអុក។ រូបនៅប្រាសាទបាយ័ន្តច្បាស់ជាងគេ ត្បិតមិនបាក់បែក។ បុរសម្នាក់នៅខាងស្តាំក្តារអុកកំពុងយកដៃរុញកូនអុកដើរ។ ចំណែកបុរសម្នាក់ទៀតទំនងជារៀបនឹងដើរកូនរបស់ខ្លួនដែរ។