ដោយ អាំង ជូលាន
ប្រាសាទខ្មែរបុរាណដែលសាងអំពីឥដ្ឋមានជាទូទៅនៅសម័យមុនអង្គរ។ លុះមកដល់សម័យអង្គរក៏នៅតែមានជាបន្តរៀងមក គ្រាន់តែជំនាន់នោះគេនិយមសាងអំពីថ្មច្រើនជាង។ ចំពោះប្រាសាទឥដ្ឋ ក្បាច់លំអមានពីរបែប ៖ មួយបែបគឺឆ្លាក់ផ្ទាល់លើឥដ្ឋហើយចប់តែម្តង រីឯមួយបែបទៀត គឺឆ្លាក់លើឥដ្ឋមួយជាន់ហើយ ទើបយកបាយអមកពាសពីលើហើយឆ្លាក់មួយជាន់ទៀត។
បើគិតជាការវិវឌ្ឍនៃបច្ចេកទេសនោះគឺហាក់ដូចជាមិនមែនរត់តាមខ្សែបន្ទាត់មួយត្រង់នោះទេ។ ខ្ញុំនឹងលើកយកតែតំបន់អង្គរ (ក្នុងន័យទូលំទូលាយ) មួយប៉ុណ្ណោះមកបង្ហាញជាឧទាហរណ៍នៅខាងក្រោម។
ក្នុងចំណោមប្រាសាទនានានៅស្រុកជីក្រែង, ខេត្តសៀមរាប, ប្រាសាទត្រពាំងរុនជាប្រាសាទឥដ្ឋដែលប្រហែលជាសាងឡើងនៅដើមស.វ.ទី៨ (រូបលេខ១) ហើយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសបើពិនិត្យទៅក្បាច់លំអនានា។ លំអដែលបង្ហាញជារបៀបរុក្ខជាតិនៅលើជញ្ជាំងឬលើផ្តែរក្តី (រូបលេខ២) ឬដែលបង្ហាញជារូបមនុស្សក្តី (រូបលេខ៣) សុទ្ធសឹងតែឆ្លាក់ផ្ទាល់លើឥដ្ឋធ្វើឱ្យរូបទាំងនោះលេចឆ្លោឡើងដោយពុំចាំបាច់យកវត្ថុធាតុអ្វីពីក្រៅមកជួយបំប៉ោងឡើយ។
ប្រមាណជាង២សតវត្សក្រោយមក នៅរាជធានីអង្គរតែម្តង គេសាងប្រាសាទក្រវាន់ដែលធ្វើពីឥដ្ឋដែរ (រូបលេខ៤)។ នៅឯនេះ គេបង្ហាញចម្លាក់ក្បូរក្បាច់ដូចគ្នានឹងនៅប្រាសាទត្រពាំងរុនដែរ គឺថាចម្លាក់ទាំងអម្បាលម៉ានឆ្លាក់ផ្ទាល់លើឥដ្ឋតែម្តង តែលើកនេះជញ្ជាំងខាងក្នុងនៃប៉មខ្លះមានចម្លាក់ដ៏សំខាន់ៗ (រូបលេខ៥-៨)។
មុននោះបន្តិច គេសាងប្រាសាទបក្សីចាំក្រុងដែលធ្វើអំពីឥដ្ឋនៅកណ្តាលរាជធានីអង្គរដូចគ្នាដែរ (រូបលេខ៩) ប៉ុន្តែចម្លាក់ឥដ្ឋនោះខុសពីឧទាហរណ៍ទាំងពីរខាងលើ ត្បិតគេគ្រាន់តែឆ្លាក់ព្រាលៗយកជាលំនាំ ដោយអាងថាយកបាយអមកបំពេញនៅផ្ទៃខាងលើ ហើយឆ្លាក់ជាបង្ហើយ។
ប្រាសាទបក្សីចាំក្រុងសាងឡើងមុនពេលដែលរាជធានីទៅនៅកោះកេរ្តិ៍មួយរយៈ។ គ្រាន់តែត្រឡប់មកគង់នៅរាជធានីអង្គរវិញភ្លាម ព្រះរាជាក៏កសាងប្រាសាទមេបុណ្យនិងប្រាសាទប្រែរូប។ របៀបបង្ហាញក្បាច់លំអនៅប្រាសាទទាំងពីរនេះ ក៏ដូចតែនៅប្រាសាទបក្សីចាំងក្រុងដែលសាងឡើងរវាងប្រមាណ៣០ឆ្នាំមុននោះដែរ គឺថាឆ្លាក់លើឥដ្ឋផ្ទាល់នោះគ្រាន់តែឱ្យចេញជារាងល្មមៗប៉ុណ្ណោះដោយអាងថាយកបាយអមកបន្ថែមពីលើឱ្យចេញជារូបរាងពេញលេញ។ ក្នុងករណីដែលបាយអពុំសូវសិករិចរិលដូចនៅប្រែរូប (រូបលេខ១៣-១៥) យើងស្មានពុំសូវដឹងឡើយ តែបើមើលប្រាសាទមេបុណ្យត្រង់កន្លែងដែលបាយអរលុះអស់ (រូបលេខ១៦-១៧) ទើបយើងដឹងថា ចម្លាក់ឥដ្ឋនោះស្តើងកម្រិតណា ។ ឥឡូវ ចូរយើងបក មកក្រោយ មកដល់ផ្នែកទីពីរនៃស.វ.ទី៨វិញ។ ប្រាសាទត្រពាំងផុង (រូបលេខ១៨) ក៏ជាប្រាសាទឥដ្ឋ ដែលនៅច្រើនកន្លែងមានបូកបាយអមួយជាន់ពីលើដូចគ្នាដែរ។ ថ្វីត្បិតតែសាងជាយូរមុនប្រាសាទបក្សីចាំក្រុង, ប្រែរូបនិងមេបុណ្យក៏ដោយ បាយអនៅទីនេះមានគុណភាពល្អ ត្បិតឃើញនៅសល់សំណល់ច្រើន។រូបលេខ១៩, ២០និង២១បង្ហាញពីបាយអដែលគ្របដណ្តប់ពីលើឥដ្ឋ ហើយដែលអាចឱ្យយើងស្មានច្រឡំថាមានតែបាយអនេះហើយ ដែលធ្វើឱ្យចម្លាក់លេចក្រឡោតឡើង ប៉ុន្តែបើយើងមើលរូបលេខ២២ យើងឃើញថាចម្លាក់ដើមនៅលើឥដ្ឋ ក៏លេចច្បាស់ផុតចេញពីផ្ទៃខាងក្រោយដែរ ថ្វីត្បិតតែបាយអរលុះទៅអស់។
ឧទាហរណ៍ទាំងអម្បាលម៉ាននេះខាងលើបង្ហាញថា ទីមួយសមាសភាពនៃបាយអពុំដូចគ្នាទេ ពីប្រាសាទមួយទៅប្រាសាទមួយ។ ប្រាសាទត្រពាំងផុងសាងនៅស.វ.ទី៨មែន តែបាយអនោះឃើញថាមានគុណភាពជាប់ជាងប្រាសាទបក្សីចាំក្រុងដែលសាងនៅស.វ.ទី១០។ ទីពីររបៀបបង្ហាញចម្លាក់លើប្រាសាទឥដ្ឋក៏ពុំមែនមានតែម៉្យាង ព្រោះនៅប្រាសាទខ្លះកាលនៅថ្មី គឺគេឃើញចម្លាក់នោះនៅលើបាយអតែប៉ុណ្ណោះ រីឯនៅប្រាសាទខ្លះទៀតគឺឥដ្ឋផ្ទាល់តែម្តងដែលជាចម្លាក់លេចធ្លោឡើង។ បើគិតជាកាលប្រវត្តិ គឺពុំមែនបច្ចេកទេសមួយវិវឌ្ឍទៅបច្ចេកទេសមួយឡើយ តែមនុស្សជ្រើសរើសរបៀបឆ្លាក់បង្ហាញតាមចិត្តដែលខ្លួនចង់។