ឡកុលាលភាជន៍នៅទ័ពជ័យ

ដោយ  អ៊ា  ដារិទ្ធ

ឡផលិតកុលាលភាជន៍នៅសម័យបុរាណ  ដែលខ្ញុំនឹងលើកយកមកបង្ហាញត្រួសៗជាទីបំផុតនៅខាងក្រោម  ជាឡដែលធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ទាំងមូលដែលយើងស្គាល់មកទល់បច្ចុប្បន្ន។  ពោលថាដូច្នេះ  គឺពុំមែនថាស្ងាត់ៗតែឯកឯងឡើយ  តែគឺអ្នកឯកទេសអន្តរជាតិយល់ស្របថាដូច្នោះដែរ។ 

ឡនេះស្ថិតនៅភូមិទ័ពជ័យ,  ឃុំបេងមាលា,  ស្រុកស្វាយលើ,  ខេត្តសៀមរាប។  មកទល់ពេលថ្មីៗនេះគេពុំដឹងថាមានឡផលិតកុលាលភាជន៍នៅទីនេះឡើយ  លើកលែងតែអ្នកស្រុកផ្ទាល់ទើបដឹង។  ទាល់តែដល់ឆ្នាំ២០០៧  ទើបយើងខ្ញុំជាអ្នកស្រាវជ្រាវ  ដែលកាលនោះទៅមើលប្រាសាទទ័ពជ័យ  ដឹងថាមានឡ។  ស្ថានីយទ័ពជ័យទាំងមូលស្ថិតនៅខាងត្បូងផ្លូវបុរាណ  ដែលភ្ជាប់អតីតរាជធានីអង្គរទៅប្រាសាទបាកាណ (ដែលគេតែងហៅខុសថា «ព្រះខ័នកំពង់ស្វាយ » តាមបារាំង)។  ផ្លូវនេះរត់ពីលិចទៅកើតកាត់តាមប្រាសាទបេងមាលា  ឯប្រាសាទទ័ពជ័យនៅចម្ងាយប្រមាណ១៧គ.ម.ខាងកើតបេងមាលានេះឯង។  ដែលហៅថា «ប្រាសាទទ័ពជ័យ » នោះ  តាមពិតមានប្រាសាទពីរ៖  មួយនៅខាងកើត  អ្នកស្រុកហៅថា «ប្រាសាទទ័ពជ័យតូច »  ហើយដែលអ្នកស្រាវជ្រាវដឹងថា  ជាហោបន់ស្រន់នៅតាមសាលាសំណាក់មួយ  សាងក្រោមរាជ្យព្រះបទជ័យវរ្ម័នទី៧។  មួយទៀតនៅខាងលិចនោះហៅថា «ប្រាសាទទ័ពជ័យធំ »  សាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។  ម្តុំប្រាសាទទ័ពជ័យនេះប្រហែលជាមានសហគមន៍មនុស្សយ៉ាងសំខាន់មួយរស់នៅក្នុងសម័យអង្គរ  ដ្បិតយើងបានស្រាវជ្រាវឃើញឡផលិតកុលាលភាជន៍ចំនួន១២  ដែលមានទំហំខុសៗគ្នា។  នៅខាងកើតក្រុមឡនោះមានត្រពាំងទឹកធំមួយហៅថា «ត្រពាំងទ័ពជ័យ » (រូបលេខ១)។ 

អាជ្ញាធរអប្សរាសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី  ដើម្បីស្រាវជ្រាវឡនៅស្ថានីយនេះ។  ក្នុងដំណាក់កាលទីមួយ  ការងារផ្តើមធ្វើឡើងនៅចុងឆ្នាំ២០១១។  យើងព្រមព្រាងគ្នាយកឡលេខ២ មកសិក្សាធ្វើកំណាយ (រូបលេខ២)។  ខ្ញុំសូមសង្ខេបទិន្នន័យដែលបានមកក្នុងដំណាក់កាលនេះដូចតទៅ៖

-  រចនាសម្ព័ន្ធ៖  ទំហំទួលដែលលើកឡើងដើម្បីធ្វើឡនេះ  មានប្រវែង២៥ម.ពីលិចទៅកើត  និង១៥ម.ពីជើងទៅត្បូង។  រីឯកម្ពស់លើទួលវិញ គឺ៤ម.។  តាមពិតទៅទួលនេះនៅលើដីធម្មជាតិដែលមានជម្រាលពីលិចទៅកើតស្រាប់ (រូបលេខ៣) បើពោលពីឡតែម្តង  គឺ បណ្តោយលាតសន្ធឹងលិច-កើតប្រវែង២១ម.  និងទទឹងជើង-ត្បូងប្រវែង២,៨ម.ត្រង់ចំណុចដែលធំជាងគេ (រូបលេខ៤-៦)។  នៅបាតឡគេចាក់កម្ទេចថ្មភក់មានកម្រាស់ពី៥០-១២០ ស.ម.  បន្ទាប់មកមានកម្រាលដីឥដ្ឋមួយជាន់ទៀត  ដែលមានកម្រាស់ពី២០-៤០ស.ម.។  ទាំងអស់នេះជាគ្រឹះបាតឡ។  ផុតពីស្រទាប់ដែលជាគ្រឹះនោះមកទើបគេក្រាលដីឥដ្ឋមួយស្រទាប់ទៀតទុកជាកម្រាលបាតឡ  បន្ទាប់មកមានដីខ្សាច់ច្រើនស្រទាប់ឆ្លាស់ពណ៌គ្នានៅពីលើ។ កម្រាស់ស្រទាប់ខ្សាច់នីមួយៗមានប្រមាណ១០ស.ម.។  ឡទាំងមូលនេះប្រើប្រាស់និងរៀបចំធ្វើឡើងវិញជាបីដំណាក់កាល។  នៅដំណាក់កាលដំបូងនោះយើងពុំដឹងថា  ទំហំប៉ុនណាពិតប្រាកដឡើយ  ព្រោះសំណស់ឃើញនៅសេសសល់តែកន្លែងបង្ហុយផ្សែង។  បើដំណាក់កាលទីពីរ និងដំណាក់កាលទីបីទើបយើងឃើញរូបរាងច្បាស់ជាងនោះ  ពោលគឺទំហំប្រហែលគ្នាត្រួតលើគ្នា  ឯទំហំនោះបាននិយាយពីខាងលើមកហើយ។  ឡនេះមានបន្ទប់ភ្លើងមួយនៅខាងមុខ  និងបន្ទប់តូចៗសម្រាប់ថែមភ្លើងបីទៀតឡើងទៅលើទួលជាបន្តបន្ទាប់។  បំពង់បង្ហុយផ្សែងនៅខាងលើទួល  ហើយមានរន្ធចំនួនបីប្រឡោះ  រីឯបន្ទប់សម្រាប់ដាក់ភាជន៍មាន៤។  សសរទល់ទ្រមានតែ៣ប៉ុណ្ណោះ  ក្នុងនោះសសរពីរធ្វើឡើងនៅដំណាក់កាលទីពីរ។  សសរទាំងនេះហាក់ដូចជាធ្វើឡើងសម្រាប់ជាជំនួយទល់ទ្របន្តិចបន្តួចប៉ុណ្ណោះ  ដ្បិតពុំរត់ជាជួរនៅចំកណ្តាលឡទេ។  ម៉្យាងទៀត  បើមើលទៅបន្ទប់ដាក់ភាជន៍ ទី១និងទី២ ពុំទាំងឃើញមានសសរផង។  នៅជញ្ជាំងខាងត្បូងនៃបន្ទប់ដាក់ភាជន៍ទី៣  យើងឃើញមានស្នាមច្រកចេញចូល  ដែលមានទទឹងប្រមាណមួយម៉ែត្រ។  ប្រហែលនេះហើយជាច្រកចេញចូលយកកុលាលភាជន៍។  ជញ្ជាំងឡមានកម្រាស់ពី១០ទៅ១២ស.ម.។

-  វត្ថុផលិត៖  វត្ថុនានាដែលធ្វើពីដីដុតនេះមានពណ៌ត្នោត  ហើយទូទៅជាវត្ថុដែលមានទំហំធំ  បើប្រៀបទៅវត្ថុដែលផលិតនៅឡដទៃទៀតដែលស្គាល់មកទល់ពេលនេះ។  មើលតាមបំណែកនានាទៅ  វត្ថុទាំងនោះមានដូចជា  ពាង,  ឪទិនធំៗ (រូបលេខ៧-៩),  ក្បឿង (រូបលេខ១០) និងតុក្តារូបសត្វជាដើម (រូបលេខ១១)។ 

ក្នុងរយៈពេលប្រមាណ១៥ឆ្នាំកន្លងមកនេះ  ការសិក្សាក្នុងវិស័យកុលាលភាជន៍នៅប្រទេស កម្ពុជារីកចម្រើនទៅមុខលឿនគួរឲ្យចាប់អារម្មណ៍។  ពីមុននោះស្ថានីយឡបុរាណដែលអ្នកស្រាវជ្រាវស្គាល់  ស្ទើរតែអាចសង្ខេបមកត្រឹមតែក្រុមឡនៅភូមិអន្លុងធំលើភ្នំគូលែនតែប៉ុណ្ណោះ។  ដូច្នោះហើយទិន្នន័យអំពីវត្ថុផលិតមានតិចតួចស្តួចស្តើង  ដ្បិតគេស្គាល់តែវត្ថុដែលផលិតនៅឡអន្លង់ធំ  ធ្វើឲ្យគេយល់ខុសថា  ភាជន៍ដែលមានពណ៌ត្នោតទាល់តែឡើងលើទៅដល់ខេត្តបុរីរម្យ (ដែលនៅជំនាន់អង្គរជាទឹកដីរបស់ខ្មែរ) ទើបអាចប្រទះឃើញ។  នេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ  ដែលខ្ញុំលើកឡើងដើម្បីបញ្ជាក់ថា  កាលណាយើងប្រទះឃើញស្ថានីយកាន់តែច្រើន  ទិន្នន័យថ្មីៗក៏មានច្រើនទៅតាមនោះ។  ដូច្នេះខ្ញុំសូមបញ្ជាក់ម្តងទៀតថា  មកទល់ពេលនេះយើងដឹងថា  ឡនៅទ័ពជ័យជាឡដែលមានទំហំធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។