លទ្ធផលថ្មីៗបានមកពីកំណាយនៅស្ថានីយល្អាងស្ពាន

ដោយ ហេង សុផាឌី

ខ្ញុំធ្លាប់បានផ្សាយម្តងរួចមកហើយអំពីស្ថានីយបុរេប្រវត្តិឈ្មោះថា «ល្អាងស្ពាន» ដែលជាល្អាងធំមួយនៃភ្នំទាក់ទ្រាំង ក្នុងខេត្តបាត់ដំបង (សូមអានជំពូក៤, លេខរៀងទី៣៦)។ អ្វីៗដែលបាននិយាយក្នុងនោះរួចហើយ ខ្ញុំមិនលើកមកពោលទៀតទេ គឺសូមនិយាយតែលទ្ធផលថ្មីៗដែលបានតពីនោះមកទៀតដោយការធ្វើកំណាយតាមក្បួនខ្នាតបុរាណវិទ្យា។ តែជាដំបូង ខ្ញុំសូមបញ្ជាក់បន្តិចអំពីក្របខ័ណ្ឌនៃការងារស្រាវជ្រាវនេះ។ គម្រោងទូទៅមានឈ្មោះថា «បេសកកម្មខ្មែរ-បារាំងស្រាវជ្រាវបុរេប្រវត្តិសាស្ត្រ» ធ្វើឡើងក្នុងសហការណ៍រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (ភាគីខ្មែរ) និង Museum National d’Histoire Naturelle (ភាគីបារាំង) ស្របតាមកិច្ចព្រមព្រៀងថ្ងៃទី១៩ មិថុនា ២០០៩ ហើយដែលមានរយៈពេល ៤ឆ្នាំ។ នៅឆ្នាំ២០១២ សុពលភាពនោះអស់ទៅ ភាគីទាំងពីរក៏បន្តកិច្ចព្រមព្រៀងរយៈពេលបួនឆ្នាំទៀត ដែលត្រូវចប់នៅឆ្នាំ២០១៦។

ក្នុងរយៈពេល៨ឆ្នាំនោះ យើងបានធ្វើកំណាយក្នុងទំហំផ្ទៃ៧៥ម៉ែត្រក្រឡា ហើយបានលទ្ធផលដែលយើងចាត់ទុកថាល្អប្រសើរ (រូបលេខ១)។ នៅស្រទាប់ដីមួយដែលទាក់ទងនឹងវប្បធម៌ហៅថា Hoabinhian Culture យើងបានរកឃើញពូថៅថ្មរំលីង (រូបលេខ២), បំណែកឆ្អឹងសត្វដែលសល់ពីអាហាររបស់មនុស្ស, បំណែកកុលាលភាជន៍យ៉ាងច្រើន។ ក្រៅពីនេះ យើងបានរកឃើញផ្នូរសពប្រាំ ក្នុងនោះបួនជាសពប្រុស ឯមួយទៀតជាសពស្រី។ តាមលទ្ធផលនៃការវិភាគក្នុងមន្ទីរពិសោធន៍នៅបរទេស ឃើញថាផ្នូរទាំងអស់នោះមានអាយុកាលប្រហាក់ប្រហែលគ្នា គឺថានៅចន្លោះពី៣.៣០០ឆ្នាំទៅ៣.៣៧០ឆ្នាំមុនបច្ចុប្បន្ន (រូបលេខ៣)។ ដូច្នេះ ផ្នូរទាំងប្រាំនេះស្ថិតនៅក្នុង «យុគថ្មរំលីង» គឺថាជំនាន់ប្រហាក់ប្រហែលគ្នានឹងស្ថានីយសំរោងសែននៅខេត្តកំពង់ឆ្នាំងដែរ។ ផ្នូរនីមួយៗសុទ្ធសឹងមានវត្ថុកប់ជាមួយ ខ្លះតិចខ្លះច្រើន។ វត្ថុទាំងនោះរួមមាន ៖ កុលាលភាជន៍, ពូថៅធ្វើពីថ្មរំលីង ខ្លះមានពន្លួញ ខ្លះគ្មានពន្លួញ, កងដៃថ្ម, អង្កាំថ្ម (រូបលេខ៤) និងឆ្អឹងសត្វ ជាពិសេសឆ្អឹងអណ្តើក។ យើងព្យាយាមបិទផ្គុំអំបែងភាជន៍តាមលទ្ធភាពដែលធ្វើទៅបាន ហើយបានភាជន៍ពេញរូបរាងឡើងវិញចំនួន២១ ដែលមានរូបរាងនឹងទំហំខុសៗគ្នា (រូប លេខ៥)។ សព្វថ្ងៃយើងរក្សាទុកនៅរោងជាងជួសជុលក្នុងសារមន្ទីរជាតិ ហើយមានគម្រោងនឹងតាំងបង្ហាញនាពេលអនាគត។ អំពីឆ្អឹងសពមនុស្សវិញ ជាពិសេសអំពីទំនៀមអារឬកាត់ធ្មេញ (រូបលេខ៦) ខ្ញុំនឹងលើកយកមកនិយាយនៅអត្ថបទមួយផ្សេងទៀត។

មកទល់ពេលនេះ ក្រុមបុរាណវិទូយើងរកឃើញថា នៅស្ថានីយល្អាងស្ពានមានមនុស្សតាំងទីរស់នៅបីដំណាក់កាលផ្សេងៗគ្នា ៖

  • - ដំណាក់កាលទី១ ៖ នៅស្រទាប់ដីខាងក្រោមចាប់ពីជម្រៅ៣ម.ដល់៥ម. មានស្លាកស្នាមសកម្មភាពមនុស្សដោយសារឃើញមានសំណល់ឆ្អឹងសត្វ និងឧបករណ៍ថ្មបំបែកដែលជាថ្មស៊ីឡិច។ ស្រទាប់នេះមានអាយុកាលចន្លោះពី៧១.០០០ឆ្នាំដល់២៦.០០០ឆ្នាំមុនបច្ចុប្បន្ន។ ដំណាក់កាលនេះស្ថិតនៅក្នុង «យុគថ្មបំបែក» ហើយមនុស្សធ្វើពនេចរនៅឡើយ ដោយពុំទាន់ចេះប្រកបកសិកម្ម គឺថារស់នៅចិញ្ចឹមជីវិតដោយការប្រមាញ់និងប្រមូលអនុផលព្រៃឈើ។
  • - ដំណាក់កាលទី២ ៖ នៅស្រទាប់ដីចាប់ពីជម្រៅ៣០ស.ម.ដល់១,៤០ម. ជាពិសេសស្រទាប់ដីពណ៌ខ្មៅដែលមានកម្រាស់ពី៣០ទៅ៤០ស.ម. យើងប្រទះឃើញឧបករណ៍ថ្មបំបែកច្រើនប្រភេទ ហើយថ្មនោះយកចេញមកពីបាតស្ទឹងឬអូរ។ នៅលាយឡំជាមួយឧបករណ៍ទាំងនោះមានបំណែកឆ្អឹងសត្វយ៉ាងច្រើន ថែមទាំងមានសម្បកខ្យងនិងគ្រំជាច្រើនទៀតផង។ លុះយកឆ្អឹងសត្វទាំងនោះទៅវិភាគពិនិត្យ គេឃើញថាភាគច្រើនជាប្រភេទសត្វធំដូចជារមាស, ខ្ទីង, ទន្សោង, ខ្លា, ប្រើស និងក្តាន់ជាដើម។ ក្រៅពីនេះមានជ្រូកព្រៃ, ឈ្លូស, កាំប្រម៉ា, សំពោច, ពស់វែក, ពស់ថ្លាន់, ត្រកួត, សត្វស្លាប និងឆ្អឹងត្រីតិចតួច។ ឆ្អឹងទាំងនេះភាគច្រើនជាសំណល់អាហារដែលមនុស្សទទួលទានរាល់ថ្ងៃ ហើយដែលជ្រកនៅក្នុងល្អាងនេះពីចន្លោះ១១.០០០ឆ្នាំដល់៥.១០០ឆ្នាំមុនបច្ចុប្បន្ន។ រយៈពេលនេះហើយដែលត្រូវនឹងស្រទាប់វប្បធម៌ Hoabinhian ដូចបាននិយាយពីលើមក។ សូមបញ្ជាក់ថាឈ្មោះនេះមកពីភូមិស្រុកមួយឈ្មោះថា Hoabinh ដែលនៅក្នុងដែនដីវៀតណាមបច្ចុប្បន្ន ហើយដែលអ្នកស្រាវជ្រាវប្រទះឃើញវប្បធម៌បុរេប្រវត្តិរបៀបនេះមុនគេ ពោលគឺមុនបានឃើញនៅទីកន្លែងដទៃទៀត។ ស្ថានីយប្រភេទនេះ ក្រោយមកគេប្រទះឃើញនៅទីមួយចំនួនក្នុងអាស៊ីអាគ្នេយ៍ដីគោកដូចជាលាវ, ភូមា, ថៃឡង់ដ៍, ម៉ាឡេស៊ី, ស៊ូម៉ាត្រា (ក្នុងប្រទេសឥណ្ឌូនេស៊ី)។ ក្រុមមនុស្សទាំងអស់នោះសុទ្ធសឹងចិញ្ចឹមជីវិតដោយបរបាញ់ និងប្រមូលអនុផលព្រៃឈើ ហើយយកល្អាងភ្នំជាល្អាងស្នាក់អាស្រ័យ។
  • - ដំណាក់កាលទី៣ ៖ ផ្នូរសពទាំងប្រាំដែលបានរកឃើញ ស្ថិតក្នុងជម្រៅដីប្រមាណ១ម. ហើយនៅក្នុងសម័យកាលដែលហៅថា «ថ្មរំលីង»។ នៅសម័យនោះ គេពុំយកល្អាងស្ពានធ្វើជាជម្រករស់នៅទេ តែប្រើជាទីបញ្ចុះសពទៅវិញ។ អ្នកទាំងនោះចាប់ផ្តើមប្តូររបត់នៃការស់នៅ គឺថាបង្កើតភូមិករតាមទីទំនាបក្បែរមាត់ទឹក រាប់តាំងពីបឹង, ស្ទឹង, ទន្លេ រហូតដល់សមុទ្រ ហើយចិញ្ចឹមជីវិតដោយនេសាទ បរបាញ់ និងប្រមូលផលព្រៃឈើ។ ជាមួយគ្នានោះ កសិកម្មនិងការផ្សាំងសត្វយកមកចិញ្ចឹមចាប់ផ្តើមកើតមានហើយ។ គេច្រើនហៅសង្គមរបៀបនេះថា «សង្គមកសិកម្ម»។ ក្នុងតំបន់ដែលយើងសិក្សានេះ យើងពុំទាន់អាចបញ្ជាក់ឲ្យច្បាស់ថាសហគមន៍មនុស្សដែលយកសពទៅកប់ក្នុងល្អាងស្ពាននោះរស់នៅទីណានៅ ឡើយទេ គ្រាន់តែសង្កេតឃើញមានទួលមួយចំនួនស្ថិតនៅចម្ងាយប្រមាណ៣០០ម.ខាងលិចភ្នំទាក់ទ្រាំង ក្បែរអូរតូចមួយ។ នៅលើទួលទាំងនោះ ក្រុមស្រាវជ្រាវយើងប្រមូលបានបំណែកក្អមឆ្នាំង រួមជាមួយពូថៅរំលីងជាច្រើន។

នាបច្ចុប្បន្ននេះ សេចក្តីសន្និដ្ឋានរបស់យើងគឺថាល្អាងស្ពានជាស្ថានីយបុរេប្រវត្តិមួយដែលមានអាយុចាស់ជាងស្ថានីយដទៃទៀតទាំងអស់នៅប្រទេសកម្ពុជា។ កំណាយពុំទាន់ចប់ទេ គឺនឹងមានវែងឆ្ងាយទៅទៀត រីឯកិច្ចព្រមព្រៀងដែលមានបន្តទៅថ្ងៃមុខ គឺសម្រាប់ឆ្នាំ២០១៧ដល់២០២០។ ពេលនោះ យើងនឹងបានទិន្នន័យថ្មីជាងនេះថែមមកទៀតជាមិនខាន។ ការស្រាវជ្រាវក្នុងវិស័យបុរេប្រវត្តិសាស្ត្រដែលមកទល់ពេលនេះ ធ្លាប់តែឮគេនិយាយថានៅស្តួចស្តើងនៅឡើយ បើប្រៀបទៅនឹងប្រទេសជិតខាងនោះ ចាប់ផ្តើមរីកចម្រើនមានសន្ទុះទៅមុខហើយ។