មហា

ដោយ  អាំង ជូលាន

យើងដឹងហើយថានៅប្រទេសកម្ពុជាសម័យបុរាណ ការគ្រប់គ្រងរដ្ឋធ្វើឡើងដោយមាននីតិវិធីជាក់លាក់ ដូច្នេះស្ថាប័ននិងមុខតំណែងនានាក៏សុទ្ធសឹងរៀបចំបង្កើតឡើងតាមក្បួនតាមខ្នាត។ ក្បួនខ្នាតទាំងនោះ ជួនកាលស្រង់យកគោលមកពីឥណ្ឌា ជួនកាលទៀតកកើតឡើងនៅទឹកដីខ្មែរសុទ្ធសាធ។ បើនិយាយតែពីឋានៈនិងមុខងារឃើញថាមានច្រើនណាស់ដែរនៅក្នុងសិលាចារឹក។ មុខងារមួយនោះមានបន្តរហូតមកដល់ទសវត្ស១៩៦០ ដែលជាងារមន្ត្រីម្នាក់នៅក្នុងព្រះបរមរាជវាំង។ គឺងារនេះហើយដែលខ្ញុំនឹងយកមកសង្ខេបខ្លីខាងក្រោមនេះ។

បើយើងយកស.វ.ទី១០មកនិយាយ យើងឃើញថាប្រវត្តិសាស្ត្រខ្មែរមានមកមុននោះ៤០០ឆ្នាំហើយម៉្លេះ មានន័យថា ពេលនោះអារ្យធម៌ខ្មែរថ្កំថ្កើងហើយ។ នៅរាជធានីអង្គរ ដែលជំនាន់នោះហៅថា “ស្រីយសោធរ” សំណង់សាសនា ឬក៏ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាទំនប់, ព្រែកជីក, បារាយជាដើម មានសន្ធឹកសន្ធាប់ នេះពុំពោលពីការកសាងផ្សេងៗនៅតំបន់ដទៃទៀត ជាពិសេសនៅរាជធានីកោះកេរ្តិ៍ ដែលព្រះរាជាផ្លាស់ទៅគង់នៅអស់រយៈពេលជាង២០ ឆ្នាំក្នុងសតវត្សនោះផង។  ព្រះបាទរាជេន្ទ្រវរ្ម័ន ជាព្រះរាជាដែលផ្លាស់រាជធានីពីកោះកេរ្តិ៍ឲ្យមកនៅកន្លែងដើមវិញ ពោលគឺ យសោធរ។ ក្នុងរាជ្យនោះហើយ ដែលមុខងារមន្ត្រីម្នាក់ចាប់ផ្តើមមាន ហើយលេចធ្លោឡើងក្នុងសិលាចារឹក។ អ្នកស្រាវជ្រាវយល់ស្របគ្នាថា ពីមុន មកពុំទាន់មានតំណែងនោះទេ គឺថាទាល់តែដល់រាជ្យនោះ ទើបព្រះរាជាលោកបង្កើតឡើង។ អ្នកកាន់តំណែងនោះមានងារថា “រាជកុលមហាមន្ត្រី”  ដែលជាមន្ត្រីខ្ពង់ខ្ពស់មួយរូបមើលការខុសត្រូវនានាលើព្រះរាជវង្ស។ មានន័យថាមុខនាទីនោះជាប់ទៅនឹងព្រះរាជវាំង។

ជាប់ពីរាជ្យនោះមក ពាក្យថា “រាជកុលមហាមន្ត្រី” ប្រទះនៅក្នុងសិលាចារឹកញឹកញាប់ណាស់។ ទីនេះខ្ញុំសូមជូនឧទាហរណ៍បួននៃសិលាចារឹកដែលចារនៅក្នុងឆ្នាំជាមួយគ្នា ឬឆ្នាំក្បែរៗគ្នា តែដែលមានប្រភពទីកន្លែងខុសៗគ្នា។ រូបលេខ១ ស្រង់មកពីសិលាចារឹកប្រាសាទបាទជុំ ក្នុងតំបន់អង្គរ, រូបលេខ២ ស្រង់ពីសិលាចារឹកមកពីប្រាសាទដូនទ្រី ខេត្តបាត់ដំបង, រូបលេខ៣ ស្រង់ពីសិលាចារឹកមួយនៅប្រាសាទបន្ទាយស្រី, ឯរូបលេខ៤ ស្រង់ពីសិលាចារឹកមកពីភ្នំកង្វា ខេត្តបាត់ដំបង។

ដូចបាននិយាយអម្បាញ់មិញមកហើយ មុខងារនេះទើបនឹងសាបសូន្យប៉ុន្មានទសវត្សមុននេះប៉ុណ្ណោះ គ្រាន់តែក្រោយមកងារនោះកាត់មកនៅជា “មហាមន្ត្រី”។ បើនៅភ្នំពេញ សូម្បីតែឈ្មោះវត្តក៏មានឈ្មោះងារនេះដែរ គឺវត្តមហាមន្ត្រី។ ចំណែកឯ “អ្នកឧកញ៉ាមហាមន្ត្រី” ក្រោយគេបង្អស់ គឺលោកតា ញឹក នូវ។ ឯកសារជាសំណេរឬរូបថតដែលមានរូបគាត់អាចនៅប្រទះឃើញមានដែរ។ បើយើងពិនិត្យឯកសារទាំងនោះ យើងឃើញថាតួនាទីមួយធំរបស់គាត់ គឺការគ្រប់គ្រងចាត់ចែងអាពាហ៍ពិពាហ៍រាជវង្ស។ សូមជ្រាបថា សៀវភៅដ៏ល្បីល្បាញដែលមានចំណងជើងថា “ក្បួនអាពាហ៍ពិពាហ៍” (ក្នុងនោះមាននិយាយពីទំនៀមស្តេចផង ទំនៀមរាស្ត្រផង) គឺគាត់ជាអ្នករៀបរៀងតាមក្រាំងចាស់ ដែលលោកឧកញ៉ាជាឪពុកគាត់ បានរក្សាទុកតពីមុននោះមកទៀត។

 នេះពោលពីព្រះបរមរាជវាំង។ បើនិយាយពីស្រទាប់ប្រជារាស្ត្រសាមញ្ញវិញ មហាមន្ត្រីនោះក៏មានដូចគ្នា គ្រាន់តែពាក្យនោះសង្ខុញមកនៅខ្លីថា “មហា”។ ដែលហៅថាមហា គឺអាចារ្យមង្គលការដែលរៀបកិច្ចទាំងមូលផង ហើយដែលជាតំណាងកូនប្រុសផង។ នៅខេត្តសៀមរាប ឬខេត្តដទៃខ្លះទៀត ក្នុងមង្គលការគេមិននិយមប្រើពាក្យ “អាចារ្យ” ទេ ថ្វីត្បិតតែលោកតានោះជាអាចារ្យក៏ដោយ គឺនៅក្នុងមង្គលការគេតែងហៅគាត់ថា “មហា”។ នេះក៏ពុំខុសអ្វីពីអាចារ្យខ្មោចដែរ ពោលគឺនៅពេលបូជាសពគេតែងហៅគាត់តាមងារពិសេសថា “យោគី”។