ដោយ អាំង ជូលាន
កន្លងមកមានអ្នកប្រាជ្ញមួយចំនួនដែលបានចាប់អារម្មណ៍ ហើយស្រាវជ្រាវលើចម្លាក់បុរាណមួយបែបហៅថា “នពគ្រោះ” ឬ “ផ្កាយនពគ្រោះ”។ អ្នកដែលចាប់ផ្តើមស្រាវជ្រាវដិតដល់នោះគឺលោក Kamaleswar Bhatacharya ហើយក្រោយបន្តិចមកទើបលោក Louis Malleret សសេរអត្ថបទមួយសង្ខេបគំនិតទាំងអស់។
រូបលេខ១ ជាចម្លាក់ដែលសព្វថ្ងៃអ្នកស្រុកតម្កល់ក្នុងខ្ទមអ្នកតាមួយជិតក្រុងសៀមរាប។ ខ្ញុំបង្ហាញរូបនេះជាឧទាហរណ៍ ដ្បិតរូបដែលហៅថានពគ្រោះតែងតែមានសណ្ឋានទូទៅដូច្នេះឯង។ យើងឃើញថា តួអង្គក្នុងចម្លាក់នោះមាន៩ ត្រូវនឹងពាក្យថា “នព” ដែលប្រែថា “៩” ដូច្នោះមែន។ ប៉ុន្តែចំពោះពាក្យ “គ្រោះ” ដែលយកមកប្រើសម្រាប់ហៅចម្លាក់របៀបនេះវិញ គឺត្រូវតែមួយផ្នែកតូចទេ ដ្បិតក្នុងចំណោមតួអង្គទាំង៩ ខ្លះជាគ្រោះ តែខ្លះទៀតមិនមែនជាគ្រោះឡើយ គឺគ្រាន់តែជាទេពប៉ុណ្ណោះ។ ពាក្យសំស្ក្រឹតថា គ្រោះ ~ គ្រហ សំដៅលើភព ឬផ្កាយ មានន័យថា ភពក្រៅពីផែនដីដែលសត្វលោករស់នៅ។ និយាយនេះគឺសំដៅតែប្រទេសកម្ពុជាប៉ុណ្ណោះ ព្រោះបើនៅឥណ្ឌាវិញ ទាំង៩នោះជាគ្រោះដូច្នោះមែន ពោលគឺគ្រោះដែលទាក់ទងនឹងថ្ងៃទាំង៧ (ព្រះចន្ទ្រ, ព្រះអង្គារ រហូតដលព្រះសៅរ៍) និងព្រះរាហូ ដែលគេចាត់ទុកថាជាគ្រោះម៉្យាងភ្ជាប់គ្រោះពីរឲ្យតគ្នា ព្រមទាំងព្រះកេតុ ដែលពាក្យសាមញ្ញហៅថា “ផ្កាយដុះកន្ទុយ”។ ចំពោះខ្មែរបុរាណវិញ តួអង្គមួយចំនួនក្នុងចំណោម៩អង្គនោះជាលោកបាល។ បញ្ហារបស់យើងគឺមានការលំបាកក្នុងការសម្គាល់ ឬបញ្ជាក់ឲ្យច្បាស់ថារូបណាជាទេពណាពិតប្រាកដ ថ្វីដ្បិតតែយើងមានចម្លាក់នពគ្រោះនេះតាំងតែពីស.វ.ទី៧ (រចនាបថសម្បូណ៌ព្រៃគុក) ដល់ដើមស.វ.ទី១៣ (រចនាបថបាយ័ន្ត)។ ដែលអាចសម្គាល់បានច្បាស់នោះ គឺគ្រោះ៤ដែលពុំដែលដូរទីកន្លែងទៅណានៅក្នុងចម្លាក់ ៖ នៅខាងឆ្វេងគឺព្រះអាទិត្យនិងព្រះចន្ទ្រ ហើយទៅចុងខាងស្តាំ គឺព្រះរាហូនិងព្រះកេតុ។ ៥ទៀតដែលនៅកណ្តាលនោះ អាចស្មានបានខ្លះ ប៉ុន្តែទីកន្លែងអាចដូរគ្នា។ បើពោលជាទូទៅ គឺរូបទី៣ រាប់ពីឆ្វេងទៅស្តាំ ជាព្រះយមរាជ, ទី៤ ជាព្រះព្រហ្ម, ទី៦ ជាព្រះកុវេរ ហើយទី៧ ជាព្រះអគ្នី។ នៅកណ្តាលគេ ប្រហែលជាព្រះឥន្ទ្រ ដ្បិតតែងឃើញគង់នៅលើដំរី។
មកទល់ពេលនេះគេពុំទាន់ដឹងពីតួនាទីចម្លាក់នពគ្រោះនេះឡើយ ដោយសារភាគច្រើនបំផុតប្រទះឃើញនៅកន្លែងដែលពុំមែនជាទីតាំងដើម ពោលគឺឃ្លាតចាកពីបរិបទដើម ធ្វើឲ្យបកស្រាយពុំកើត។ មានតែមួយចំនួនតូចប៉ុណ្ណោះទេ ដែលគេជឿថា កាលប្រទះឃើញនោះពុំទាន់ដូរទីកន្លែងទៅណា។ ពួកនេះគេឃើញតម្កល់នៅក្នុងសំណង់ដែលអាចជាហោត្រៃអាគ្នេយ៍នៃប៉មកណ្តាល ឬគភ៌គ្រឹះ។ ទោះជាយ៉ាងនេះក្តីក៏យើងនៅតែពុំអាចយល់ថា តួនាទីនពគ្រោះនេះជាអ្វី។
រូបេលខ២ ជាចម្លាក់នពគ្រោះមួយទៀត សាងនៅដើមស.វ.ទី១១ ហើយដែលគេប្រទះឃើញនៅប្រាសាទអកយំ ដែលកាលមុនកប់បាត់ក្នុងទំនប់ខាងត្បូងនៃបារាយទឹកថ្លា។ ខ្ញុំយកមកបង្ហាញនៅទីនេះដោយសារនៅលើផ្ទៃដែលឥតមានចម្លាក់នៅគែមខាងក្រោម មានចារឹកអក្សរ ដែលបង្ហាញមួយចប់នៅរូបលេខ៣។ លេខបញ្ជីសារពើភ័ណនៃអក្សរថ្មនេះ គឺ K.752។ ដើម្បីមើលឲ្យបានច្បាស់ ខ្ញុំកាត់អក្សរមួយខ្សែវែងនេះជា៥កំណាត់ ដែលត្រូវអានតគ្នាពីមួយទៅមួយ (រូបលេខ៤-៨)។
- រូបលេខ៤ ផ្តើមដោយខ័ណ្ឌសញ្ញាមួយដែលបញ្ជាក់ថាជាផ្តើមសេចក្តី ហើយពាក្យតមកនោះគឺ ៩២៣ ឝក
- រូបលេខ៥ ៖ ម្វាយ៑ កេត៑ អាឝុយុជ្យ អាទិត្យវារ
- រូបលេខ៦ ៖ ចិត្រឫក្ឞ និ ជំន្វន៑
- រូបលេខ៧ ៖ ស្តេង៑អញ៑ ត្វេ តបះ ត វ្រះ កំម្រតេង៑
- រូបលេខ៨ ៖ ឝ្រី គម្ភីរេឝ្វរ
ប្រែឲ្យស្រួលស្តាប់មកថា នៅឆ្នាំ៩២៣ (បើគិតជាគ្រឹស្តសករាជ គឺគ.ស.១០០១) ១កើត ខែអស្សុជ ថ្ងៃអាទិត្យ នក្សត្រឈ្មោះ ចិត្រ។ នេះជាតង្វាយរបស់ស្តែងអញដែលជាអ្នកធ្វើតប សដល់ទេពព្រះនាម ស្រី គម្ភីរេឝ្វរ ។
ដូច្នេះយើងឃើញថា នៅដើមស.វ.ទី១១មានមនុស្សម្នាក់ដែលលុះក្នុងការធ្វើធម៌ បានសាងចម្លាក់នពគ្រោះនេះជាតង្វាយដល់ទេពមានព្រះនាមថា ស្រីគម្ភីរេឝ្វរ ដែលគេតម្កល់ក្នុងប៉មមួយនៃប្រាសាទអកយំ។ ចម្ងល់របស់ខ្ញុំនៅដដែល គឺថា ហេតុអ្វីបានជាអ្នកនោះសាងថ្មនពគ្រោះមួយផ្ទាំងសម្រាប់ជាតង្វាយដល់ទេព?