អម្រែក

ដោយ ភឹង ដារា

បើអានអត្ថបទស្តីពីការប្រើរាងកាយក្នុងការដឹងជញ្ជូន ហើយដោយពុំមានប្រើយានយន្តអ្វីជាមធ្យោបាយ ដូចដែលឃើញនៅជំពូកទី២, លេខរៀងទី១០ នោះយើងឃើញថា រាងកាយយើងម្នាក់ៗមានលទ្ធភាពច្រើនណាស់ក្នុងការយកឥវ៉ាន់តាមខ្លួន។ នៅទីនេះខ្ញុំមិនលើកយកប្រការអស់នោះមកលាតត្រដាងទៀតទេ តែសូមពង្រីកចំណុច «រែក» ឲ្យបានវែងឆ្ងាយបន្តិច ជាពិសេសដោយក្រឡេកមើលទៅបុរាណកាល។ ឧទាហរណ៍មួយឈុតពេញលេញសម្រាប់ រែកហៅថា «អម្រែក»។

ជាតិសាសន៍ច្រើនណាស់លើលោកនេះដែលប្រើអម្រែកគ្រាន់តែរូបរាងផ្នែកនីមួយៗនោះខុសៗគ្នាតិចឬច្រើន។ បើនិយាយតែពីឥណ្ឌូចិនដីគោកឃើញថា ខ្មែរ, ចាម្ប, យួន, សៀម, ភូមាជាដើម ក្នុងបច្ចុប្បន្ននេះប្រើអម្រែកដែលមានរូបរាងស្រដៀងៗគ្នា គ្មានអ្វីខុសគ្នាខ្លាំងទេពីមួយទៅមួយ។ បើនិយាយពីការរែកវត្ថុប្រភេទម្ហូបសម្រាប់ដើរលក់ អម្រែកនោះមានលំនាំភិនភាគជាទូទៅ ដូចឃើញនៅរូបលេខ១។ យើងឃើញថាទាល់តែមាន «ដងរែក» ដែលធ្វើពីឈើឬឫស្សីទើបគេអាចយក «សង្រែក» ដែលបិតពីផ្តៅឬក្រងល្ពាក់ជាដើមមកព្យួរនៅចុងសងខាង។ ទាល់តែមានសង្រែកនេះហើយ ទើបអាចដាក់ជាលឬល្អី ឬក៏ភាជន៍ដែលប្រើវត្ថុធាតុដូចជាផ្លាស្ទិកជាដើមបាន។ តាមដែលឃើញញឹកញាប់ គឺនៅចុងដងរែកនោះគេលាក់ប៉ែកខាងចុងនៃឈើឬឫស្សីនោះ ក្នុងគោលបំណងឲ្យមានសោភ័ណភាពខ្លះ ហើយជាពិសេសដើម្បីទប់សង្រែកកុំឲ្យរំកិលដូរកន្លែងបាន (រូបលេខ២)។ តែជួនកាលទៀតគេយកកំណាត់មែកឫស្សីត្រង់កន្លែងដែលកោងក្ងុកមកចងក្រៀកនឹងចុងដងរែកដើម្បីថ្ពក់សង្រែក (រូបលេខ៣-៤)។ បើមើលគំនូរចាស់ៗនៅតាមវត្តជាដើមក៏លំនាំទូទៅដូចគ្នាដូច្នេះឯង (រូបលេខ៥-៧)។

ប៉ុន្តែបើយើងថយក្រោយឆ្ងាយទៅរកអតីតកាលវិញទ្រង់ទ្រាយអម្រែកមានច្រើនបែបយ៉ាងច្រើនជាងសព្វថ្ងៃ ហើយបើនិយាយពីប្រភេទធំៗ យ៉ាងណាក៏មានពីរប្រភេទដែរ។ ប្រភេទ ទី១ មានលំនាំទូទៅមិនខុសពីសព្វថ្ងៃឡើយ។ នៅរូបលេខ៨-១២ យើងឃើញគេកំពុងរែក និងកំពុងដាក់អម្រែកចុះ។ រូបទាំងនេះបង្ហាញពីជីវិតរាល់ថ្ងៃធម្មតា ហើយកន្លែងខ្លះទំនងជានៅផ្សារទៀតផង។ រូបលេខ១៣ មានទំហំតូចដែលគេគ្រាន់តែឆ្លាក់ឡើងនៅក្នុងក្បាច់លម្អ ដូចរូបលេខ១៤-១៥ដែរ។ រូបតូចៗរបៀបនេះ បើឧស្សាហ៍ដើរពិនិត្យគឺថាមានច្រើនណាស់។ ជួនកាលចម្លាក់តូចរបៀបនេះ គួរឲ្យចាប់អារម្មណ៍ពន់ពេក ដូចជានៅរូបលេខ១៦ ដែលយើងឃើញមនុស្សម្នាក់រែកឥវ៉ាន់សំពីងសំពោងទំនង់ជាដើរព្រៃផង ដ្បិតយើងឃើញមានសត្វសាហាវមួយ ដែលអាចជាខ្លានៅមិនឆ្ងាយពីនោះ។ រីឯប្រភេទទី២វិញ ដែរគួរឲ្យចាប់អារម្មណ៍ ហើយឆ្ងល់ផងនោះ គឺនៅត្រង់រូបរាងដងរែក។ ដងរែកនោះជួនកាលងបះឡើងទៅលើល្មមៗ ដូចមានបង្ហាញនៅរូបលេខ១៧-១៩ ដែលបានមកពីបន្ទាយធំ និងប្រាសាទព្រះខ័ន។ នៅប្រាសាទព្រះខ័នដដែលនេះមានចម្លាក់តូចល្អិតនៅទីខ្ពស់មួយដែលភ្នែកស្ទើរពុំឃើញ បង្ហាញពីដងរែកកោងឡើងលើខ្លាំងជាងនិយាយពីខាងលើអម្បាញ់មិញនេះទៅទៀត (រូបលេខ២០)។ មិនតែប៉ុណ្ណោះ ដងរែកខ្លះទៀតមានចុងបត់ឡើងត្រង់ទៅលើតែម្តង ដែលអាចនិយាយថាបង្កើតបានមុំ៩០អង្សា ដូចឃើញនៅរូបលេខ២១ ដែលបានមកពីប្រាសាទនាគព័ន្ធ។ រូបលេខ២២ដែលមានរូបលេខ២៣ជារូបពង្រីក ក៏បានមកពីប្រាសាទនាគព័ន្ធ។ ឯរូបលេខ២៤ ដែលមានរូប២៥ ជារូបពង្រីក បានមកពីគុកយាយហម។ មកដល់ត្រឹមនេះ យើងសង្កេតឃើញថា ឈុតដែលមានដងរែកកាច់ត្រង់ឡើងទៅលើ ពោលគឺពីលេខ២១ ដល់លេខ២៥ សុទុ្ធសឹងមានលក្ខណៈជាសាសនា ហើយបើនិយាយឲ្យច្បាស់ជាងនេះទៅ ទៀត គឺទាក់ទាងនឹងព្រះលោកេសូររីឯភាជន៍ ដែលសាសនិករែកនោះ ហាក់ដូចជាសម្រាប់ដាក់ថ្នាំជាវត្ថុរាវដែលព្រះអង្គប្រទាន។ នៅថែវខាងក្នុងនៃប្រាសាទបាយ័ន្ត ត្រង់ប៉ែកខាងជើងចំហៀងខាងកើតមានផ្ទាំងចម្លាក់ឈុតយ៉ាងវែងមួយ ដែលមានទ្វារបញ្ឆោតញែកឃាំងកណ្តាលមានលក្ខណៈជាទេពកថា ឬក៏អាចជាឈុតសាសនា។ រូបលេខ២៦ ជាផ្នែកខាងឆ្វេងនៃផ្ទាំងនោះ ហើយបង្ហាញពីកិច្ចបូជានៅក្នុងបូជណីយដ្ឋានមួយ (សូមមើលរូបសម្រង់ លេខ២៧)។ នៅខាងស្តាំដៃបំផុតយើងឃើញមានមនុស្សម្នាក់បណ្តើរកូនឆ្ពោះមកទីនោះដោយមានរែកភាជន៍ ហើយដងរែកនោះជាប្រភេទចុងកោងទៅលើ (សូមមើលរូបលេខ ២៨-២៩ផង)។ ផ្នែកដែលតបន្ទាប់ពីទ្វារបញ្ឆោតមកភ្លាមមានបង្ហាញនៅរូបលេខ៣០ ចាប់ពីនេះទៅរូបចាប់ផ្តើមមានពីរជាន់ ហើយបន្ទាប់ទៅទៀតក៏បត់តាមជញ្ជាំង ហើយជួរនោះឡើងដល់បីជួរ (រូបលេខ៣១)។ រូបលេខ៣២-៣៦ សុទ្ធសឹងជារូបលម្អិតដែលស្រង់ យកពីនោះមកខ្លះៗ យើងឃើញថាមានរូបគេរែកអម្រែកច្រើនកន្លែង ហើយវត្ថុដែលរែកនោះភាគច្រើនមើលឃើញថាជាភាជន៍ដាក់វត្ថុរាវ។ តើអ្នកដើរហែតាមគ្នាសំដៅទៅបូជនីយដ្ឋានតែមួយនោះមានបំណងទៅស្រង់រូបទេពដែលតម្កល់នៅកណ្តាល (សូមមើលរូបលេខ ២៧ឡើងវិញ) ឬអ្វី? ទេពនោះដើមឡើយប្រហែលជាព្រះពុទ្ធអង្គ ដែលក្រោយមកគេដាប់កែឲ្យទៅជាលិង្គ ដោយសារសាសនាខ្មែរនៅជំនាន់នោះដូរចុះឡើងដូចប្រវត្តិវិទូធ្លាប់ដឹងមកជាធម្មតា។