ភក្តីភាពនិងការតបគុណ

ដោយ អាំង ជូលាន

អ្នកដែលស្គាល់អារ្យធម៌ជប៉ុនបន្តិចបន្តួច ច្បាស់ជាធ្លាប់ដឹងឮហើយថាមេក្រុមទ័ពនីមួយៗដែលហៅថា Samurai នោះ មានភក្តីភាពយ៉ាងណាជាមួយលោកម្ចាស់របស់គេ។ ទោះជារឿងតែង ហើយសរសេរជាសៀវភៅឬថតជាភាពយន្តនានា ច្រើនតែនិយាយបន្លើសយ៉ាងណាក្តី ក៏គំនិតថាមានភក្តីភាពប្តូរជីវិតដើម្បីម្ចាស់ មានពិតប្រាកដមែននៅក្នុងអារ្យធម៌ជប៉ុន។ តើគំនិតរបៀបនេះមានតែជប៉ុនប៉ុណ្ណោះទេឬសាសន៍ដ៏ទៃទៀតមានដែរ?ខ្ញុំពុំហ៊ានអះអាងដាច់អហង្ការទេថាមានឬគ្មានជាទូទៅនោះ តែបើយកសិលាចារិកខ្មែរបុរាណដែលគេចុះ លេខ K.227 មកមើល ឃើញថាមានពិតនៅប្រទេសកម្ពុជា យ៉ាងហោចណាស់ក៏មាននៅសម័យបុរាណដែរ។ សិលាចារិកនោះចារទុកនៅក្នុងប្រាសាទបន្ទាយឆ្មារ ដើម្បីពន្យល់ទីតាំងនៃវីរបុរសប្រាំនាក់ ដែលគេតម្កល់បដិមាស្នងនៅក្នុងតួប៉មខុសៗគ្នា (ហៅថា “គ្រឹហ”) ហើយដែលគេរៀបចំឲ្យចេញជាតួប៉មកណ្តាលមួយ អមដោយតួប៉មបួននៅតាមអនុទិស។ តួប៉មកណ្តាលតម្កល់រូបស្នងសពព្រះអង្គម្ចាស់ស្រីស្រីន្ទ្រកុមារដែលជារាជបុត្រនៃព្រះបាទជ័យវរ្ម័ន ទី៧ រីឯតួប៉មបួនទៀតតម្កល់រូបស្នងនៃសពសេនាជំនិតធំៗបួននាក់ដែលស្លាប់ក្នុងទេសកាលពីរផ្សេងគ្នា ដើម្បីរួមច្បាំងព្រមទាំងការពារព្រះរាជកុមារនោះ។ ទេសកាលពីរនោះ គឺទី១ការ ពារព្រះរាជកុមារដែលកំពុងប្រយុទ្ធជាមួយជនក្បត់ម្នាក់ឈ្មោះភារតរាហុ។ ពេលនោះមេទ័ពជាសេនាជំនិតពីរនាក់ (ហៅថា “អ្នកសញ្ជ័ក”)ស្លាប់នៅមុខព្រះភ័ក្ត្រព្រះអង្គ។ ក្រោយមក ដើម្បីជាការតបស្នងសងគុណ ព្រះរាជកុមារឲ្យគេសាងប៉មតម្កល់រូបស្នងនៃអ្នកទាំងពីរ ដែលព្រះអង្គលើកឋានៈភ្ជាប់ទៅនឹងទេព។ ទេសកាលទី២ កើតឡើងក្រោយមកអំពីនោះ គឺនៅពេលមួយដែលព្រះរាជកុមារប្រយុទ្ធគ្នាជាមួយទ័ពចាម្ប។ ក្នុងពេលអាសន្នបំផុត សេនាជំនិតពីរនាក់ផ្សេងទៀតប្រកាសក្តែងៗថាប្តូរជីវិតថ្វាយព្រះអង្គ ហើយចូលប្រយុទ្ធលុះស្លាប់ចំពោះព្រះភក្ត្រ័ព្រះអង្គដូចគ្នា។ ក្រោយមក អ្នកទាំង២ខាងក្រោយនេះទទួលនាមពិសេសព្រមទាំងមានរូបស្នងដូចអ្នកពីរនាក់មុនដែរ។ ព្រឹត្តការណ៍ទី២នេះ បើយកគំនិតថាភក្តីភាពមកនិយាយ ឃើញថាសំខាន់ខ្លាំងណាស់ ត្បិតអ្នកទាំងពីរហាក់ដូចជាមកស្បថស្បែចំពោះព្រះអង្គ ដោយដឹងថាខ្លួនមុខតែនឹងស្លាប់។ ដោយសារសិលាចារិកនេះវែង ខ្ញុំពុំអាច យកទាំងអស់មកបង្ហាញឡើយ។ ខ្ញុំស្រង់យកតែ៨បន្ទាត់ ដែលទាក់ទងនឹងព្រឹត្តការណ៍ទី១ មកបង្ហាញអ្នកអាន។ ម៉្យាងវិញទៀត ពាក្យពេចន៍ទាំងអម្បាលម៉ានដែលមានក្នុងសម្រង់នោះ អាចកាត់យល់ច្បាស់ មិនធ្វើឲ្យលោក George Coedès ដែលបានប្រែតាំងពីឆ្នាំ១៩២៩ នោះ មានការស្រពេចស្រពិលឡើយ។ អ្នកដែលចង់អានវែងឆ្ងាយ អាចអានការសិក្សានោះនៅក្នុង  Bulletin de l’École Française d’Extrême-Orient ចេញឆ្នាំ ១៩២៩។

តទៅនេះ ជាពាក្យពេចន៍និងអក្ខរាវិរុទ្ធដដែល តែខ្ញុំយកមកដាក់ជាអក្សរមូលសម័យឥឡូវដើម្បីងាយអាន ៖

នាភារតរាហុសំវុទ្ធិទ្រោហតវ្រៈបាទឝ្រីយឝោវម៌្មទេវបិថ្លេងចបវ្រៈមន្ទីរឥសវល នគរផោងបង្បិតយ កន្តាលមត្តវាររតឥស្សស្តចថ្លេងឆ្បងអ្នក្សញ្ជកអជ៌ុនអ្នក្សញ្ជកឝ្រីធរទេវបុរឆ្បងករសំតេចស្យង្តត្វល តោយវ្នេកស្តចផ្ជលមុៈផ្ត្វលភារតរាហុចំន្យរផ្ត្យង្និប្រេឱយនាមវ្រៈកំម្រតេងអញឝ្រីន្ឫបសិង្ហវម៌្មត អ្នក្សញ្ជកទេវបុរតជាបុត្រអ្នក្សញ្ជកឝ្រីធរទេវបុរឱយនាមអំតេងតអ្នក្សញ្ជក្តវ្យរស្ថាបនារូបឥសកុល បក្សផោងស្តចប្រកោប្សំបតនុក្រម

 ខាងក្រោមនេះ ជាសេចក្តីសម្រង់ ដែលខ្ញុំយកមកសម្រួលបន្តិចបន្តួចតាមភាសាបច្ចុប្បន្ន។ សម្រួលនេះ ក៏ពុំហ៊ានធ្វើឲ្យពេញលេញដែរ ដោយខ្លាចប៉ះពាល់ ធ្វើឲ្យបាត់បង់ពាក្យដើមច្រើនពេក ដូច្នេះសម្រួលល្មមៗដើម្បីងាយស្តាប់ជាងច្បាប់ដើមបន្តចិតែប៉ុណ្ណោះ ៖

  កាលដែលភរតរាហុចេញមុខក្បត់នឹងព្រះបាទស្រីយសោវម៌ ហើយឡើងវាយរហូតមកដល់ព្រះមន្ទីរ អស់ពលនគរផងដកខ្លួនថយមកដល់កណ្តាលរានហាល ហើយរត់អស់។ ស្តេចឡើងច្បាំង។ អ្នកសញ្ជ័កអជ៌នុនិងអ្នកសញ្ជ័កស្រីធរទេវបុរច្បាំងការពារសម្តេចសឹងដ៏ដួលដោយភ្នែក។ ស្តេចផ្ជល់អាវុធចំច្រមុះហើយផ្តួលភារតរាហុ។ ចំនេរក្រោយមក ព្រះអង្គប្រកាសប្រទាននាមថា  “ ព្រះកម្រតេងអញស្រីនរបសិង្ហវម៌” ដល់អ្នកសញ្ជ័កទេវបុរដែលត្រូវជាកូនអ្នកសញ្ជ័កស្រីធរទេវបុរ, តម្លើងនាមជា “ អំតេង” ដល់អ្នកសញ្ជ័កទាំងពីរ (គឺអ្នកសញ្ជ័កអជ៌ុននិងអ្នកសញ្ជ័កស្រីធរទេវបុរ) ព្រមទាំងស្ថាបនារូបស្នងឲ្យផង។ រីឯក្រុមគ្រួសារអ្នកទាំងនោះ ស្តេចប្រទានទ្រព្យព្រមទាំងយសសក្តិ៍ឲ្យ។

 ព្រឹត្តិការណ៍ទី១ដែលទាក់ទងនឹងភារតរាហុនោះ មានឆ្លាក់រូបមួយផ្ទាំងធំនៅលើជញ្ជាំងនៃ ថែវខាងលិច, ចំហៀងខាងត្បូងនៃប្រាសាទបន្ទាយឆ្មារតែម្តង។ ចម្លាក់នោះឆ្លាក់ក្នុងទិដ្ឋភាពជាការប្រៀបប្រដូច ពោលគឺដោយសារក្នុងឈ្មោះជនក្បត់នោះមានពាក្យថា “រាហុ” គេឆ្លាក់រូបអ្នកនោះឲ្យធំស្ញប់ស្ញែងគម្រីងគម្រាំង ហើយមានមុខជារហាដូច្នោះ។ យើងឃើញថាមនុស្សដែលកំពុងយកជើងជាន់ស្មាតួអង្គរាហូធ្វើឲ្យស្រុតជង្គង់ទៅដី ហើយយាដាវបម្រុងនឹងកាប់មុខរាហូនោះ ប្រហែលជាព្រះអង្គម្ចាស់ស្រីស្រីន្ទ្រកុមារហើយ ត្បិតរូបនេះហាក់ដូចជាបង្ហាញច្បាស់នៅត្រង់កន្លែងដែលសិលាចារិកនិយាយថា ស្តេចផ្ជល់អាវុធចំច្រមុះហើយផ្តួលភារតរាហុ។