ដោយ គង់ វីរៈ
សម័យកាលដំបូងៗ មនុស្សរស់នៅដោយពឹងផ្អែកលើធម្មជាតិទាំងស្រុង ដូចជាបេះផ្លែឈើនិងបរបញ់សត្វមកធ្វើជាអាហារ និងរស់នៅតាមទីល្អាង ឬរូងភ្នំ ដើម្បីការពារកំដៅថ្ងៃ, ភ្លៀង, ខ្យល់ និងសត្វសាហាវផ្សេងៗ។ ជួនកាលទៀត បើគ្រាន់តែមានទីជញ្ជាំងភ្នំណាដែលមានផ្ទាំងថ្មលយចេញតិច ឬច្រើន ល្មមគ្របជាម្លប់អាចជ្រកបាន ក៏មនុស្សមករស់នៅធ្វើជាជម្រកក៏មាន។ ជម្រកប្រភេទនេះ បុរាណវិទូហៅជាភាសាអង់គ្លេសថា rock shelter ហើយដែលខ្មែរនៅតំបន់ខាងជើង ហៅថា “ពើង” បើនៅតំបន់ភ្នំដងរែកហៅថា «ពយ» ដូច្នេះក៏មាន។
ពើង ឬពយ កើតឡើងដោយកត្តាធម្មជាតិផ្សេងៗ ដូចជាបណ្តាលមកពីការសឹករិចរឹលនៃផ្ទាំងថ្មភ្នំដែលជាប្រភេទថ្មមិនសូវរឹងខ្លាំង ដូចជាថ្មភក់ ឬថ្មកំបោរជាដើម។ ពើងកើតឡើងតាមកត្តាផ្សេងៗគ្នា។ ពេលដែលទឹកសមុទ្រវាតទីទៅលើទ្វីបនៅឡើយ រលកដែលបោក មកលើចម្រាក់ភ្នំ ធ្វើឲ្យថ្មសឹកខូងចូលក្នុងសាច់ថ្ម លុះទឹកសមុទ្រថយទៅវិញក៏កើតជាពើង។ ពើងរបៀបនេះកម្រប្រទះឃើញនៅប្រទេសកម្ពុជាណាស់។ ការសិក្សានៃភូគព្ភវិទូក៏បានឲ្យដឹងថាស្រទាប់ផែនដីមានចលនាបាក់ស្រុត, ចលនាដោលឡើង និងមានចលនាផ្ទុះភ្នំភ្លើងសាកលមួយនៅស័កទី២ នៃអាយុកាលរបស់ផែនដីយើងនេះ បណ្តាលឲ្យកើតជាជួរភ្នំ, បឹងបួរ ឬទន្លេធំៗ។ ការបុកដោល ឬបាក់ស្រុតនេះ បណ្តាលឲ្យថ្មខ្លះឲ្យលយចេញ ថ្មខ្លះទៀតដោលជ្រួសមុខគ្នា កើតទៅជាពើងផ្សេងៗ ដូចមានបង្ហាញនៅរូបលេខ ០១។ រូបលេខ ០២-០៣ ជាផ្ទាំងថ្មមួយដុំធំរបេះចេញពីជញ្ជាំងភ្នំ និងរងសំណឹកនាពេលក្រោយមកកើតជាពើង។
សម័យកាលក្រោយមក ទោះបីវប្បធម៌រីកដុះដាល មនុស្សចេះសាងសង់ផ្ទះសម្បែង រហូតដល់ប្រាសាទ ឬវិមានស្កឹមស្កៃ ក៏នៅតែមានក្រុមមនុស្សខ្លះយកទីពើងនានា មកធ្វើជាជម្រកនៅឡើយ នេះយើងមិននិយាយដល់ព្រាន ឬអ្នកដើរព្រៃ ដែលតែងប្រើប្រាស់ជ្រកភ្លៀង ខ្យល់ កំដៅថ្ងៃ ជាធម្មតា។ ដោយសារមនុស្សធ្លាប់មករស់នៅទីនេះ ពើងតែងផ្តល់សារសំខាន់ដល់ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងបុរេប្រវត្តិសាស្ត្រ ត្បិតកាលណាគេរស់នៅ មនុស្សតែងបន្សល់ទុករបស់របរប្រើប្រស់ផ្សេងៗ ឬសំណល់ចំណីអាហារពួកគេទទួលធ្លាប់ទទួលទាន។ ក៏ប៉ុន្តែ មនុស្សមិនចាត់ទុកពើងថាជាជម្រកធម្មតាប៉ុណ្ណោះទេ គេសង្កេតឃើញជាទូទៅថា គេច្រើនចាត់ទុកពើងទាំងនោះជាទីសក្ការៈទៀតផង ពោលគឺគេចាត់ទុកជាលំនៅនៃទេព ឬអមនុស្សផ្សេងៗ។ ពើងខ្លះ ភ្ជាប់ទៅនឹងកិច្ចទាក់ទងនឹងខ្មោច ឧទាហរណ៍ នៅភ្នំក្រវ៉ាញ គេទើបនឹងប្រទះឃើញពើងខ្លះ ដែលមនុស្សយកឆ្អឹងខ្មោចដាក់ក្នុងភាជន៍ធំៗ ឬដាក់ក្នុងក្តាម្ឈូលទៅទុកក្នុងនោះ (សូមអានអត្ថបទ របស់លោក ហេង សុផាឌី ក្នុងជំពូកទី២ លេខរៀង៣៣)។ តទៅនេះ ខ្ញុំលើកយកតែករណីពើងជាទីសក្ការៈដែលមាននៅស្រុកខ្មែរមកនិយាយតែប៉ុណ្ណោះ។
នៅស្រុកខ្មែរ ពើងជាទីសក្ការៈច្រើនមាននៅលើជួរភ្នំគូលែន។ រឿងនេះមិនមានអ្វីចម្លែកទេ ត្បិត ភ្នំគូលែនមានភាពល្បីល្បាញ,ជាបណ្តុំនៃថាមពល និងជំនឿគ្រប់ស្រទាប់ ក្នុងគំនិតខ្មែរគ្រប់សម័យកាលមកហើយ។ ភ្នំគូលែនគឺជាទីដ៏ត្រអាលនៃអ្នកសច្ចំ, បង់បទ, ព្រះសង្ឃ ឬគ្រហស្ថ ដែលប្រតិបត្តិមុតមាំក្នុងផ្លូវជំនឿ។ អ្នកទាំងនោះតែងស្វែងពីទីជិតឬឆ្ងាយមកសំណាក់ធម៌ ឬធ្វើធុតង្គក្នុងព្រៃ ឬនៅតាមទីពើងទាំងនេះឯង។ ពើងដែលជាទីសក្ការៈទាំងនេះ យ៉ាងហោចណាស់ គេរៀបចំតាំងពីសម័យអង្គរមកម៉្លេះ ត្បិតគេប្រទះឃើញមានព្រះថែន (រូបលេខ០៥), ចម្លាក់ទេព និងទេវកថាក្នុងព្រហ្មញ្ញសាសនា (រូបលេខ ០៥- ០៧)និងសិលាចារិក (រូបលេខ ០៨) ដែលគេឆ្លាក់ និងនៅលើជញ្ជាំងពើងតែម្តង។ សព្វថ្ងៃអ្នកស្រុកជិតឆ្ងាយនៅតែមកធ្វើកិច្ចពិធីនៅតាមពើងខ្លះជាធម្មតា (រូបលេខ ០៩)។ តទៅនេះ ខ្ញុំបង្ហាញរូបភាពពើងខ្លះៗ ដែលមាននៅជួរភ្នំគូលែន។ ពើងទាំងនេះតែងមានឈ្មោះតាមអ្វីដែលមាននៅទីនោះ។ ឧទាហរណ៍ រូបលេខ ១០-១១ មានឈ្មោះថាពើងគំនូរ។ រូបលេខ ១២ មានឈ្មោះថាពើងប្រចៀវ។ រូបលេខ ១៣ មានឈ្មោះថាពើងព្រះរូប។ រូបលេខ ១៤ ជារូបលំអិតពីចម្លាក់ព្រះលិង្គនៅពើងព្រះរូប។ រូបលេខ ១៥ មានឈ្មោះថាពើងអង្កាំ។ រីរូប លេខ ១៦ ពើងថ្មរៀប។
ថ្មីៗនេះ បុរាណវិទូមួយក្រុមនៃអាជ្ញាធរអប្សរាទៅធ្វើការសិក្សាអំពីបុរាណដ្ឋាន និងភូមិនានានៅលើភ្នំគូលែន ក្នុងគោលបំណងដើម្បីរៀបចំបុរាណដ្ឋាននេះឲ្យមានសណ្តាប់ធ្នាប់សម្រាប់ទេសចរណ៍ដែលចង់ដឹងវែងឆ្ងាយ ឬចង់ស្នាក់នៅតាមភូមិទាំងនោះ។ ក្នុងឱកាសសិក្សាស្រាវជ្រាវនេះ គេបានប្រទះឃើញពើងសំខាន់ៗមួយចំនួនថែមទៀត ដែលពើងខ្លះថែមទាំងមានគំនូរលាបពណ៌ដីលែងលើជញ្ជាំងទៀតផង។ តាមការពិនិត្យទៅលើលំនាំនៃគំនូរនោះទៀតសោត នាំឲ្យគេគិតថាពើងនោះអាចមានអាយុកាលវែងឆ្ងាយជាងសម័យប្រវត្តិសាស្ត្រផង។ ការអះអាងពីអាយុកាលនៃគំនូរទាំងនេះ លុះត្រាតែមានការសិក្សាវែងឆ្ងាយពីអ្នកឯកទេស។