ដោយ ភឹង តារា
រំដួលជាដើមដែលគេនិយមរាប់អានខ្លាំងណាស់នៅប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ ឈ្មោះជារុក្ខជាតិវិទ្យាគឺ Popowia aberrans។ នៅរូបលេខ១យើងឃើញថាគេដាំនៅក្នុងដីភូមិ ផ្ទះ ហើយគេអាចឃើញនៅតាមសួនច្បារសាធារណៈដែរ។ ដែលគេនិយមខ្លាំងនោះគឺមកពីផ្កាមានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាពិសេសនៅពេលថ្ងៃបាក់រសៀលនិងពេលល្ងាច។ ផ្កានេះមានពណ៌លឿងស្រាល (រូបលេខ២-៣) ហើយជាទូទៅច្រើនរីកនៅរវាងខែមាឃ, ផល្គុន និងចេត្រ ពោលគឺនៅខែក្តៅ។ ផ្លែវាពណ៌ស្វាយក្រម៉ៅដូចពណ៌ព្រីងទុំដែរ (រូបលេខ៤) ហើយមានរសជាតិផ្អែមពេលដែលទទួលទានទៅ។
តាមពិតរំដួលជាប្រភេទឈើព្រៃ ហើយបើនិយាយពីព្រៃអង្គរក្នុងខេត្តសៀមរាបផងគឺពីមុនមកសម្បូណ៌ណាស់ សូម្បីតែសព្វថ្ងៃក៏នៅសេសសល់គួរសមដែរ។ សូមកុំភ្លេចថាមានចម្រៀងជាច្រើនដែលមានពាក្យ «រំដួល» នៅក្នុងនោះឬនៅចំណងជើងតែម្តង ហើយដែលតែងតែសម្តៅលើមនុស្សស្រី ដោយសារស្រីតែងយកផ្ការំដួលមកចងសក់ជាលំអផង នាំឲ្យក្រអូបផង។ ក្រៅពីនេះគេយកសម្បកមែករំដួលមក ដុសក្អែលនៅពេលងូតទឹក។
ឥឡូវគួរយើងក្រឡេកមកបុរាណកាលម្តង។ ពាក្យរំដួលមានឃើញនៅតាមសិលាចារឹកមួយចំនួន ដែលសរសេរជា រំត្វល ។ ជួនកាលសម្តៅលើដើមឬក្រុមដើមរំដួល ៖ តំេរំត្វល (ដើមរំដួល), វ្រៃរំត្វល (ព្រៃរំដួល), ជួនកាលជាឈ្មោះស្រីម្នាក់ ៖ តេងរំត្វល (នាងរំដួល)។ ប្រការដែលគេយកមកដាក់ជាឈ្មោះមនុស្សនេះសឲ្យឃើញថាគេនិយមនិងឲ្យតម្លៃលើផ្ការំដួលនេះទៅហើយ។ ម្យ៉ាងទៀតយើងឃើញគេឆ្លាក់រូបស្រីស្នំដែលយកផ្ការំដួលមកចងសក់ជាលំអទៀតផង (រូបលេខ៥-៧) ឃើញថាការយកផ្ការំដួល មកចងសក់នៅសម័យថ្មីនេះគឺគ្រាន់តែជាទម្លាប់ដែលមានតាំងពីបុរាណកាលតែប៉ុណ្ណោះ។ ពុំគ្រាន់តែដូច្នេះឡើយ ក្បាច់លំអនៅតាមប្រាសាទបុរាណខ្លះមានចម្លាក់រូបផ្ការំដួលជាជួរៗ ដូចជានៅតាមសសរ (រូបលេខ៨-៩) និងតាមឃឿនជាដើម (រូបលេខ១០-១១)។ នៅរូបទាំងនេះយើងឃើញថាគេឆ្លាក់ក្បាច់ផ្ការំដួលក្រពុំដូចក្នុងធម្មជាតិដូច្នោះមែន ពោលគឺស្រទាប់ឬត្របកនិមួយៗចែកចេញជាបីផ្នែក (សូមប្រៀបទៅរូបលេខ១២-១៣)។ ចម្លែកតែនៅរូបលេខ១៤-១៥ ដែលអ្នកឆ្លាក់កែឆ្នៃតាមចំណង់ចិត្តរបស់ខ្លួនគឺថាស្រទាប់ដែលពុំទាន់រីក ចែកចេញជាបីផ្នែក តែស្រទាប់ដែលបើកហើយបែរជាមានបួនផ្នែកទៅវិញ ហាក់ដូចជាគេចង់យកក្បាច់ផ្ការំដួលមកលាយបញ្ចូលគ្នានិងផ្កាច័ន្ទដើម្បីបង្កើតក្បាច់មួយថ្មីដូច្នោះ។
រូបលេខ១០
រូបលេខ១១