ដោយ ហេង សុផាឌី
សេចក្តីដែលខ្ញុំនឹងលើកយកមកជម្រាបអ្នកអាននៅពេលនេះ ពុំមែនជាលទ្ធផលនៃការស្រាវជ្រាវវែងឆ្ងាយក្នុងវិស័យបុរាណវិទ្យាដូចខ្ញុំធ្លាប់បានលើកមកកាលពីមុននោះទេ។ នេះគ្រាន់តែជាលទ្ធផលជំហានដំបូងបានមកពីការចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង បន្ទាប់ពីផ្នូរខ្មោចសម័យបុរាណមួយរងគ្រោះដោយការជីកកកាយក្រោយពីអ្នកស្រុកប្រទះឃើញដោយចៃដន្យ នៅខែឧសភា ឆ្នាំ២០០៧ កន្លងទៅ។
នេះគឺជាស្ថានីយ៍បុរាណមួយស្ថិតនៅភូមិសូភី, ឃុំសូភី, ស្រុកអូជ្រៅ, ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណ១៩គ.ម. ខាងលិចទីរួមខេត្ត តាមបណ្តោយផ្លូវជាតិលេខ៥។ កាលពីខែឧសភានោះ អ្នកស្រុកនាំគ្នាជីកដីដាក់លូដើម្បីសង់បង្កន់ ក្រោមការឧបត្ថម្ភនៃអង្គការក្រៅរដ្ឋាភិបាលមួយ។ ពេលជីកដីនោះហើយ ដែលអ្នកស្រុកដឹងថាភូមិរបស់គាត់រៀបចំឡើងនៅលើស្ថានីយ៍បុរាណមួយ ពោរពេញទៅដោយផ្នូរ។ មិនយូរប៉ុន្មានដំណឹងនេះលេចឮទៅដល់ឈ្មួញទុច្ចរិត ដែលមិនគ្រាន់តែប្រមូលទិញវត្ថុបុរាណដែលអ្នកស្រុកជីកបានប៉ុណ្ណោះទេ គឺថែមទាំងបំផុសបំផុលជំរុញឱ្យអ្នកស្រុកជីកតទៅទៀត ដោយយកលុយមកធ្វើជានុយ។ ដូច្នេះគ្មានអ្វីប្លែកឡើយដែលស្ថានីយ៍បុរេប្រវត្តិនេះរងគ្រោះយ៉ាងធ្ងន់ធ្ងរ។
ដោយមានការយកចិត្តទុកដាក់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលខំរិះរកមធ្យោបាយ ទប់ស្កាត់វិនាសកម្មនេះ អាជ្ញាធរពាក់ព័ន្ធក៏បានធ្វើអន្តរាគមន៍ធ្វើឱ្យសកម្មភាពចង្រៃនេះស្ងប់ស្ងាត់មួយគ្រា។
វត្ថុដែលអ្នកស្រុកជីកបានរួមមាន៖ ឧបករណ៍ប្រើប្រាស់ធ្វើពីដីដុត ដូចជាជើងពាន, ភាជន៍មានចំពួយ, ផើង, ចានគោម, ក្រឡ, ថូ៘ ដូចឃើញនៅរូបលេខ១-២។ ឯគ្រឿងអលង្ការមានដូចជាអង្កាំធ្វើពីកែវ, ភ្លុក, ត្បូង, កងដៃកងជើងធ្វើពីលោហៈ និងក្រវិលមាសជាដើម (រូបលេខ៣-៦) ក្នុងនោះអ្នកខ្លះយកទៅច្នៃធ្វើជាអលង្ការពាក់សាជាថ្មីទៀតផង ដូចមានបង្ហាញនៅរូបលេខ៧ ដែលគេយកអង្កាំប្រភេទថ្មយកទៅធ្វើជាបន្តោងខ្សែក។ ចំណែកអាវុធមានដាវ, លំពែង, កាំបិត ព្រមទាំងវត្ថុខ្លះទៀតដែលយើងពុំទាន់ស្គាល់មុខងារជាក់លាក់។ ក្រៅអំពីនោះ មានឆ្អឹងមនុស្សនិងឆ្អឹងសត្វផ្សេងៗច្រើនសន្ធឹកសន្ធាប់ និងវត្ថុខ្លះទៀត (រូបលេខ៨)។
ជាបណ្តោះអាសន្ន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមជាមួយអាជ្ញាធរមូលដ្ឋានបានប្រមែប្រមូលកេរ្តិ៍ដំណែលបុរាណទាំងនេះ ទៅទុកនៅក្នុងរោងចាស់ទ្រុឌទ្រោមមួយស្ថិតនៅក្នុងបរិវេណវត្តចោមប្រាសាទ ដែលនៅក្បែរនោះ (រូបលេខ៩-១០)។ សព្វថ្ងៃគេកំពុងសង់កន្លែងតម្កល់ធាតុទាំងនោះឱ្យបានសមរម្យ។
ដូចខ្ញុំបាននិយាយនៅខាងលើរួចមកហើយថា ពត៌មានដែលយកមកជម្រាបអ្នកអាននេះបានមកពីការពិនិត្យត្រួសៗដំបូងតែប៉ុណ្ណោះ ពុំទាន់បានសិក្សាជ្រៅជ្រះនៅឡើយ។ ប៉ុន្តែ បើយកការពិនិត្យមួយត្រួសនេះមកគិត ឃើញថារបស់របរដែលរកឃើញទាំងអម្បាលម៉ាននៅភូមិសូភី មានភាពប្រហាក់ប្រហែលគ្នានឹងរបស់របររកឃើញនៅស្ថានីយ៍បុរេប្រវត្តិដទៃទៀត ដូចជានៅអង្គរបុរី ក្នុងខេត្តតាកែវ, បិទមាស នៅខេត្តព្រៃវែង, ភូមិ១០.៨ (ស្រុកពញាក្រែក) នៅខេត្តកំពង់ចាម, ភូមិស្នាយ និងស្ថានីយ៍មួយចំនួនទៀតក្នុងខេត្តបន្ទាយមានជ័យ។ បើយោងតាមការសង្កេតនេះ យើងអាចប៉ាន់ប្រមាណជាបណ្តោះអាសន្នថា ស្ថានីយ៍ភូមិសូភីស្ថិតក្នុងចន្លោះចុងយុគលោហៈនិងសម័យប្រវត្តិសាស្ត្រ។