ផ្នូរខ្មោចសម័យលោហៈនៅតំបន់ដីក្រហម

 ដោយ ហេង សុផាឌី

នៅក្នុងជំពូក៤ដដែលនេះ តែក្នុងលេខរៀង ទី១ ខ្ញុំបានបង្ហាញម្តងហើយអំពីស្ថានីយ៍បុរេប្រវត្តិដែលហៅថាបន្ទាយគូ នៅតំបន់ក្រែកនិងមេមត់។ ឥឡូវនេះខ្ញុំសូមបង្ហាញពីផ្នូរខ្មោចនៅសម័យប្រហាក់ប្រហែលគ្នានោះ ដែលប្រទះឃើញដោយចៃដន្យនៅឆ្នាំ២០០០ ក្នុងពេលដែលគេជីកយកដីក្រួសក្រហមក្នុងចម្ការកៅស៊ូក្រែក។ សព្វថ្ងៃ ភូមិនោះគេឱ្យឈ្មោះថា ភូមិ១០.៨, ឃុំវាលម្លូ, ស្រុកពញ្ញាក្រែក, ខេត្តកំពង់ចាម។ ស្ថានីយ៍បុរាណនោះខូចខាតខ្លាំងដោយសារការជីកយកក្រួសក្រហម។ តែទោះជាយ៉ាងនេះក្តី ក៏នៅមាននៅសល់ផ្នែកខ្លះដែលបុរាណវិទូអាចសិក្សាបាននៅឡើយដែរ។ ពីឆ្នាំ២០០២ដល់ឆ្នាំ២០០៦ យើងបានធ្វើកំណាយតាមក្បួនខ្នាតនៃវិជ្ជា (រូបលេខ១, កំណាយនៅខែមករា ឆ្នាំ២០០៦) ហើយប្រទះឃើញសំណល់ច្រើនបែបច្រើនយ៉ាង ដែលជាវត្ថុផ្សេងៗគ្នា។ លុះសិក្សាពិនិត្យជ្រៅជ្រះទៅ ទើបយល់ថានេះជាផ្នូរខ្មោច។ សំណល់អំពីសពតែម្តងនោះមាននៅសល់តែបំណែកឆ្អឹងតូចៗប៉ុណ្ណោះ  ដោយសារដីក្រហមនៅតំបន់នេះមានអាស៊ីដច្រើន ដូច្នេះហើយតែងតែកាត់រំលាយឆ្អឺងទាំងនោះស្ទើរតែអស់។ គេឃើញមានភាជន៍ដែលដាក់ជិតសាកសពទាំងនោះ (រូបលេខ២-៣)។ ប៉ុន្តែគ្រឿងអលង្ការនៃសពឃើញថាមាននៅសេសសល់ ដូចជាអង្កាំនិងក្រវិលធ្វើពីកែវ, ត្បូងថ្ម (រូបលេខ៤),  កងដៃធ្វើពី   លោហៈ ដូចជាស្ពាន់ជាដើម (រូបលេខ ៥-៧)។  កងដៃនៅរូបលេខ៨ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ត្បិតក្រោយមកគេនៅតែនិយមប្រើរហូត ដូចយើងអាចឃើញនៅតាមចម្លាក់ថ្មខ្លះៗនៅតាមប្រាសាទ។ រីឯអាវុធនិងឧបករណ៍ផ្សេងៗធ្វើពីលោហៈក៏មានដែរ ដូចជាកាំបិត (រូបលេខ៩), ដាវ (រូបលេខ១០), ផ្លែចប (រូបលេខ១១)។ ក្រៅអំពីនោះ វត្ថុដែលយើងបានប្រទះខ្លះប្រហែលជាពុំទាក់ទងនឹងផ្នូរទេ ដូចជាផ្លែពូថៅធ្វើពីថ្មជាដើម។ លុះយកបំណែកកុលាលភាជន៍នៅទីនោះទៅធ្វើវិភាគតាមសារធាតុធ្យូងហៅថា C14 ទៅឃើញថា ផ្នូរនេះស្ថិតនៅចន្លោះស.វ.ទី៤និងទី១មុនគ្រិស្តសករាជ្យ។ ឧបករណ៍និងអលង្ការដែលពោលមកពីខាងលើបង្ហាញថាអ្នកស្រុកដដែលនោះ មានទេពកោសល្យខ្ពស់ក្នុងការផលិត ព្រមទាំងមានទឹកដៃក្នុងសិល្បៈទៀតផង។

នេះជាលទ្ធផលដំបូងនៃការស្រាវជ្រាវប៉ុណ្ណោះ។ តទៅអនាគតយើងសង្ឃឹមថា នឹងបានទិន្នន័យពីស្ថានីយ៍ដទៃទៀត ប្រសិនបើកិច្ចអភិវឌ្ឍន៍ផ្សេងៗនឹងធ្វើឡើងដោយចៀសវាងពុំធ្វើឱ្យប៉ះពាល់ដល់បុរាណដ្ឋានជាតិ។