ប្រាសាទតាមាន់ធំ

 ដោយ អាំងជូលាន

 ប្រាសាទដែលសាងអំពីថ្មភក់នេះនៅមិនឆ្ងាយប៉ុន្មានពីច្រកព្រំដែនអូរស្មាច់ (រូបលេខ១) ក្នុងភូមិសាស្ត្រ ដែលមានរយៈបណ្តោយ ៣១៣០៨៣ និងរយៈទទឹង ១៥៨៧០៨៥។ ការសិក្សាពុំទាន់មាននៅឡើយ។ ជាស្ថាបត្យកម្ម ប្រាសាទនេះសាងរួចស្រេចបាច់ធម្មតា ប៉ុន្តែខាងចម្លាក់រចនាវិញ ឃើញថាទុកនៅសល់ផ្ទៃច្រើន ដែលមិនទាន់បានឆ្លាក់ (រូបលេខ២)។ គេអាចឆ្ងល់ថា ហេតុអ្វីបានជាប្រាសាទដែលមាន កំពែងពាត់ជុំវិញនេះបែរទៅខាងត្បូង? នេះគឺតម្រូវទៅ តាមភូមិសាស្ត្រសុទ្ធសាធ គឺថាខ្ពង់រាបចំណុចនេះមានចម្រាក់បែរទៅត្បូង។ ឯប្រាសាទទាំងមូលសាងមកជាប់នឹង ចម្រាក់នេះឯង។ អ្នកដែលធ្លាប់សិក្សាស្ថាបត្យកម្មនិងសិល្បៈខ្មែរបុរាណ អាចនឹងយល់ស្របគ្នាថា គឺជាស្នាព្រះហស្ថនៃ ព្រះបាទសូរ្យវរ្ម័នទី១ បើពុំនោះក៏នៅក្នុងជំនាន់ ឬរាជ្យនោះដែរ (ផ្នែកទី១ នៃស.វ.ទី១១) ថ្វីត្បិតតែពុំឃើញមាន សិលាចារឹក ហើយពុំមានចម្លាក់រចនាបថនោះ។

ប្រការគួរឱ្យចាប់អារម្មណ៍មួយទៀត គឺគេពុំបានពង្រាបដីឱ្យស្មើដើម្បីសាងសង់ឡើយ គឺគេសង់ផ្ទាល់លើថ្មភ្នំ ដោយគ្រាន់តែដាប់ឲ្យស្មើល្មមៗ ហើយប្រហែលជាយកថ្មនៅទីនោះតែម្តងមកសាងប្រាសាទ (រូបលេខ៣)។ ចំពោះ បដិមាវិញ យើងពុំឃើញមានអ្វីទាំងអស់ លើកលែងតែនៅក្នុងបន្ទប់មួយនោះមានបដិមា “ធម្មជាតិ” ស្រាប់។ នេះគឺជាសាច់ថ្មដែលដុះមកលើត្រង់ ហើយដែលខ្មែរបុរាណចាត់ទុកថាជាលង្គិ (រូបលេខ៤)។ សូមជ្រាបថាលិង្គមាន ពីរបែប។ លិង្គដែលមនុស្សឆ្លាក់ ហើយអាចប្តូរទីកន្លែងបាន ដែលគេតែងយកទៅតម្កល់បញ្ចុះក្នុងយោនីនោះគេហៅថា “ស្ថាបិតលិង្គ”។ រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុងដី ហើយដែលមានរូបរាងលេចចេញមកលើ ល្មមអាចឲ្យគេចាត់ទុកថា ជាលិង្គបាន គេហៅថា “ស្វយម្ភូលិង្គ “ មានន័យថាលិង្គដែលកើតឡើងដោយឯកឯង។ ចំពោះភាពសក្ការៈនៃលង្គិទាំងពីរ គឺមានដូចគ្នា។ ពុំតែប៉ុណ្ណោះស្វយម្ភូលិង្គនៅទីនេះភ្ជាប់ទៅក្រៅបរិវេណប្រាសាទតាមចង្អូរថ្ម ដែលគេរៀបចំសម្រាប់ឲ្យទឹក មន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅ ដើម្បីសាសនិកនានាត្រងយកទៅប្រើក្នុងជំនឿ (រូបលេខ៥)។