ដោយ ជី រដ្ឋា
នៅក្នុងប្រវត្តិសាសនានៃប្រទេសឥណ្ឌា រឿងដែលទាក់ទងនឹងព្រះឥន្ទ្រវែងឆ្ងាយណាស់ ឯតួនាទីរបស់ព្រះអង្គក៏វិវឌ្ឍន៍ខ្លះៗទៅតាមសម័យកាល។ ទេពដ៏សំខាន់នេះមានរៀបរាប់នៅក្នុងគម្ពីរ “ឫគវេទ”, “មហាភារត”, “រាមាយណ៍”, “បុរាណ” (គម្ពីរខាងក្រោយនេះចែកជា១៨គម្ពីរធំៗ ហើយក្នុងនោះ នីមួយៗចែកចេញជាគម្ពីរតូចៗតទៅទៀត) ...។ បើយករឿងព្រះឥន្ទ្រនៅក្នុងគម្ពីរទាំងអស់នេះមកសង្ខេបយ៉ាងខ្លី យើងអាចនិយាយថា ព្រះអង្គជាអទិទេព មានន័យថាទេពដែលសំខាន់ ហើយគ្រប់គ្រងលើទេពនិករផ្សេងៗនៅលើស្ថានសួគ៌។ ចំណុចដែលគួរឲ្យកត់សម្គាល់ក្នុងគម្ពីរឥណ្ឌាចាស់ៗនោះ គឺព្រះអង្គជាទេពធ្វើចម្បាំង, ជាទេពបង្ករទឹកភ្លៀង ហើយម៉្យាងទៀតជាលោកបាលប្រចាំទិសខាងកើតផង។ ជាទូទៅគេបង្ហាញថា ព្រះអង្គគង់លើដំរីក្បាល៣ ដែលមានឈ្មោះថា “ឰរាវត”, មានព្រះហស្ថ៤ មួយកាន់គ្រាប់រន្ទះ (វជ្រ), បីទៀតកាន់វត្ថុផ្សេងៗ មានស័ង្ខ, ធ្នូ, ព្រួញ, ផ្លែសន្ទូច, សំណាញ់ជាដើម។
នៅប្រទេសកម្ពុជាវិញកិត្តិនាមនៃព្រះឥន្ទ្រមានតាំងពីបុរាណកាលមកទល់បច្ចុប្បន្ននេះគឺសំខាន់តាំងពីជំនាន់ព្រាហ្មណ៍រហូតមកដល់សព្វថ្ងៃ ដែលខ្មែរកាន់ព្រះពុទ្ធសាសនាថេរវាទ។ ចម្លាក់រូបព្រះឥន្ទ្រនៅតាមប្រាសាទរាប់ពុំអស់ឡើយ រីឯគំនូរនៅតាមវត្តក៏ដូចគ្នាដែរ ប្រជា ប្រិយភាពនេះច្បាស់ជាទាក់ទងនឹងអ្វីមួយដែលមានជម្រៅនៅក្នុងជីវិតរបស់ខ្មែរហើយ។ យើងដឹងហើយថាកង្វល់ធំរបស់កសិករខ្មែរ គឺទឹកសម្រាប់ប្រកបរបរស្រែចម្ការ ហើយខ្ញុំបាននិយាយខាងលើអម្បាញ់មិញថាព្រះឥន្ទ្រជាអ្នកបង្អុរភ្លៀង។ ខ្ញុំសូមសង្ខេបរឿងឥណ្ឌាមួយយ៉ាងខ្លី ដែលទាក់ទងនឹងចំណុចនេះ ៖ មានអសោរមួយឈ្មោះ “វិ្រត្ត្រ” បានប្រមូលទឹកយក មកទុកតែម្នាក់ឯង បណ្តាលឲ្យកើតគ្រោះរាំងស្ងួតនៅលើដី។ យល់ហេតុដូច្នោះ ព្រះឥន្ទ្រក៏យកគ្រាប់រន្ទះចោលទៅលើអសោរនោះ បង្កើតទៅជាផ្លេកបន្ទោរ ធ្វើឲ្យអសោរនោះស្លន់ស្លោគេចខ្លួនបាត់ទៅ រីឯភ្លៀងក៏បង្អុរចុះមកភ្លាម។ ឈុតត្រង់នេះមានបង្ហាញនៅក្នុងសិល្បៈខ្មែរដែរ ជាពិសេសនៅលើហោជាងមួយនៃប្រាសាទបន្ទាយស្រី (រូបលេខ១)។ ភ្លៀងនៅចម្លាក់នេះគេឆ្លាក់ជារាងទឹករលក ព្រមទាំជាបន្ទាត់ឆ្នូតបញ្ឈរត្រង់ៗ។ ឯកាយវិការព្រះឥន្ទ្រក៏ទាក់ទងនឹងការចោលគ្រាប់រន្ទះនោះដែរ។ រីឯចម្លាក់រូបព្រះឥន្ទ្រសន្ធឹកសន្ធាប់នៅតាមប្រាសាទខ្មែរនានាផ្សេងទៀត ទោះជាមិនបង្ហាញឈុតអម្បាញ់មិញនេះឲ្យគ្រប់សព្វ ក៏យើងតែងសង្កេតឃើញថា កាយវិការរបស់ព្រះឥន្ទ្រភាគច្រើនបង្ហាញពីការចោលគ្រាប់រន្ទះនោះដែរ។ រូបលេខ២-១២ គ្រាន់តែជាឧទាហរណ៍មួយចំនួនតូចប៉ុណ្ណោះ ព្រោះដូចខ្ញុំនិយាយពីលើមកហើយថា ចម្លាក់ ព្រះឥន្ទ្រមានច្រើនណាស់។ ប្រការដែលចម្លាក់ភាគច្រើនបង្ហាញពីការចោលគ្រាប់រន្ទះនេះពុំមែនជាការចៃដន្យឡើយ គឺច្បាស់ជាទាក់ទងនឹងនាទីដែលខ្មែរយល់ថាសំខាន់ជាងគេក្នុងតួអង្គព្រះឥន្ទ្រ ពោលគឺទឹកភ្លៀងដែលព្រះអង្គបង្អុរចុះមកនោះឯងហើយ។