ដោយ ស៊ីយ៉ុន សុភារិទ្ធ
ក្នុងប្រពៃណីក្សត្រខ្មែរដែលមានជារៀងមក គឺត្រូវមានគ្រឿងប្រើសម្រាប់រាជ្យ។ គ្រឿងទាំងនោះមានម្កុដ, ផ្លិតធ្វើពីរោមសត្វ (ហៅជាបាលីថា «វាលវីជនី»), ព្រះខ័ន, ស្វេត្រឆ័ត្រ, សុពណ៌បទ។ បើពុំពោលអំពីស្វេត្រឆ័ត្រដែលគេសាងទុកជាប្រចាំនៅលើរាជបល្ល័ង្កចំទីខ្វែងកណ្តាលនៃព្រះទីនាំងទេវាវិនិច្ឆ័យនោះ ព្រះខ័នហាក់ដូចជាគ្រឿងដែលសំខាន់ជាងគេ។ បានជាថាដូច្នេះ ព្រោះក្រុមបារគូត្រូវថែរក្សាព្រះខ័ននេះយ៉ាងប្រុងប្រយ័ត្នក្នុងហោមួយនៅខាងត្បូងព្រះទីនាំងទេវាវិនិច្ឆ័យ។ ហោនេះមានឈ្មោះជាផ្លូវការថា «ហោសំរឹទ្ធភិមាន» ប៉ុន្តែបើគេនិយាយជាទូទៅ គេច្រើននិយាយថា «ហៅបរគូ» ឬ «ហោព្រះខ័ន» តែម្តង ដែលបង្ហាញឲ្យឃើញអំពីសារសំខាន់នៃព្រះខ័នក្នុងចំណោមគ្រឿងទាំងប្រាំនោះ។ តែសូមជ្រាបថា ព្រះខ័នពុំមែនជាវត្ថុដែលគេតម្កល់ទុក ហើយយកចេញតែនៅពេលព្រះរាជាឡើងគ្រងរាជ្យប៉ុណ្ណោះទេ គឺគេមានកិច្ចបូជា មានគ្រឿងរណ្តាប់គ្រប់បែបយ៉ាង ដែលបារគូរៀបចំឡើងពីរដងក្នុងមួយខែ។ និយាយមកដល់ត្រឹមនេះក៏យល់ហើយថា ព្រះខ័នជាដាវដែលមានជីវិត។ ដូច្នេះហើយបានជាមានក្បួនច្បាប់ ឬត្រណមជាច្រើននៅជុំវិញនោះ ឧទាហរណ៍ ក្រៅពីក្នុងកិច្ចពិសេស គេមិនអាចដកផ្លែចេញពីស្រោមបានឡើយ ឯកិច្ចដកនោះសោតក៏ធ្វើឡើងបនតែក្នុងថ្ងៃអង្គរដែរ។ ដែលគេធ្វើកិច្ចដកផ្លែចេញពីស្រោមម្តងៗនោះ រឿងធំគឺដើម្បីព្យាករណ៍ទស្សន៍ទាយ ត្បិតបារគូពិនិត្យមើលប្រផ្នូលដែលនិម្មិតឡើងនៅលើផ្លែ។ និម្មិតឲ្យមកជាប្រផ្នូលនោះមានដូចជា ផ្លែព្រះខ័នមានច្រែះក្រហម, ច្រែះខ្មៅ, បែកគ្រាប់ល្ងជាដើម។ ឯទំនាយវិញអាចមានន័យថា នឹងមានសឹកសង្គ្រាម ឬក៏នឹងមានដូរផ្លាស់ម្ចាស់ផែនដីជាដើម។ នៅរូបលេខ១ យើងឃើញព្រះខ័នដែលផ្លែនៅក្នុងស្រោមនៅឡើយ និងផ្លែព្រះខ័នដែលដកចេញរួចហើយ។ បើអ្នកអានចង់ជ្រាបច្បាស់ជាងនេះ សូមអានសៀវភៅ “ព្រះរាជពិធីទ្វាទសមាស ភាគទី១” ដែលរៀបចំឡើងដោយអ្នកឧកញ៉ាទេពពិទូក្រសេម ឬមួយអត្ថបទរបស់អ្នកឧកញ៉ាវាំង ជួន ឈ្មោះថា Prah Khan (l’épée sacrée du Cambodge) ដែលចុះក្នុងទស្សនាវដ្តី Arts et Archéologie khmers ឆ្នាំ១៩២១-២២។
ព្រះខ័នជាដាវមានជីវិតដូចបាននិយាយមុននេះបន្តិច។ តើអ្វីទៅ ឬក៏ទេពអ្វីទៅ ដែលមកផ្តល់ជីវិត ឬដែលមកសន្ថិតនៅក្នុងព្រះខ័ន? ត្រង់នេះគួរសង្ខេបរឿងព្រេងដែលអ្នកឧកញ៉ាវាំង ជួន លើកមកនិទានបន្តិច។ ដំណាលមក ថា ព្រះព្រហ្មឲ្យឱវាទទៅព្រះឥន្ទ្រដើម្បីយាងទៅជួបព្រះឥសូរនិងព្រះនារាយណ៍ ដែលគង់នៅស្ថានកៃលាស ហើយសូមឲ្យទេពទាំងពីរអង្គនេះជួយប្រាប់អំពីវិធីសិតព្រះខ័នរាជ្យ។ ព្រះឥសូរក៏ចាត់ឲ្យចិត្របុត្រ និងចិត្របាល ទៅរកមាសសុទ្ធនៅបាតភ្នំយុគន្ធរ ហើយទៅរកត្បូងពេជ្រនិងសំរិតពីបាតភ្នំត្រៃកូដ។ ឯព្រះនារាយណ៍វិញក៏ចាត់ឲ្យជ័យអមត ទៅយកទឹកដែលមានជាតិដែកនៅបាតភ្នំព្រះសុមេរុ។ លុះបានវត្ថុទាំងអស់នេះហើយ ទេពទាំងពីរប្រគល់ឲ្យទៅព្រះឥន្ទ្រ ដោយសូមឲ្យព្រះឥន្ទ្រសាងរូបព្រះព្រហ្មនៅចុងព្រះខ័ន, រូបព្រះឥសូរនៅកណ្តាល និងរូបព្រះនារាយណ៍នៅគល់ផ្លែ។
ដំណាលនេះមិនដឹងកើតមកពីជំនាន់ណាទេ ប៉ុន្តែយ៉ាងណាក៏មានលក្ខណៈជាព្រហ្មញ្ញសាសនាដែរ ដោយសារមានទេពទាំងបី ដែលហៅថា «ត្រីមូត៌ី» ពោលគឺ ព្រះព្រហ្ម, ព្រះឥសូរ និងព្រះនារាយណ៍។ សារុបមក ផ្លែព្រះខ័នគឺទេពទាំងបីនេះតែម្តង។ ទីនេះខ្ញុំសូមបញ្ជាក់ថា កាលណាមានអ្វីដែលជាទីប្រជុំនៃទេពទាំងបី គឺតែងតែព្រះឥសូរដែលចាត់ទុកថាធំជាងគេ។ ឥឡូវគួរយើងមើលចម្លាក់ខ្លះៗរបស់ខ្មែរពីសម័យបុរាណ ត្បិតចម្លាក់ទេពទាំងបីជុំគ្នានេះសម្បូណ៌ណាស់ពីមុនមក។ នៅរូបលេខ២ យើងឃើញត្រីមូត៌ីដែលនៅមុខរូបម្លាក់ផ្សេងៗទាំងអម្បាលម៉ាន។ ផ្នែកដែលសំខាន់ជាងគេនោះ គឺព្រះឥសូរ ដែលមានព្រះកេសប្រាំ, ព្រះព្រហ្មនិងព្រះនារាយណ៍កំពុងប្រសូត្រចេញពីកណ្តៀតក្អមខាងឆ្វេងនិងខាងស្តាំរបស់ព្រះឥសូរ។ ឯនៅរូបលេខ៣វិញ ព្រះឥសូរគង់ភ្នែននៅលើបល្ល័ង្កមួយចំកណ្តាលហោជាង ដោយមានព្រះនារាយណ៍និងព្រះព្រហ្មឈរអមឆ្វេងស្តាំ។ រូបលេខ៤ក៏ប្រហាក់ប្រហែលគ្នាដែរ គឺព្រះឥសូរគង់នៅកណ្តាល ហើយអមទៅដោយព្រះព្រហ្មនិងព្រះនារាយណ៍។
រូបលេខ២-៤ដែលទើបនិយាយនេះបង្ហាញពីទេពទាំងបីអង្គរ ដែលមានមុខមាត់ ដៃជើងជាធម្មតា ទោះជាព្រះកេស ឬព្រហស្ថច្រើន ខុសពីមនុស្សក្តី។
ឥឡូវនេះខ្ញុំសូមបង្ហាញពីត្រីមូត៌ី ដែលនៅក្នុងវត្ថុតែមួយ ហើយដែលពុំមានរូបរាង មានដៃមានជើង មានព្រះកេសជាដើមទេ។ វត្ថុនោះហៅថា «លិង្គ» ជួនកាលគេបន្ថែមថា «លិង្គព្រះឥសូរ» (រូបលេខ៥) ដែលបញ្ជាក់ថា ព្រះឥសូរធំជាងគេក្នុងត្រីមូត៌ីនោះ។ ចម្លាក់លិង្គពីបុរាណកាលតែងមានបីផ្នែក គឺផ្នែកខាងក្រោមរាងបួនជ្រុង, ផ្នែកកណ្តាលប្រាំបីជ្រុង រីឯខាងលើមានរាងមូល។ ផ្នែកខាងក្រោមជាព្រះព្រហ្ម, ផ្នែកកណ្តាលជាព្រះនារាណ៍, ផ្នែកខាងលើជាព្រះឥសូរ។ វត្ថុទាំងមូលដែលហៅថាលិង្គនេះ ផ្នែកពីរខាងក្រោម គឺបួនជ្រុងនិងប្រាំបីជ្រុងនោះតែងកប់នៅក្នុងបល្ល័ង្កជាជើងទម្របង្ហូរទឹកមួយ ហៅថា «យោនី» (រូប លេខ៦)។ រឿងដំណាលអាចមានខុសៗគ្នាបន្តិចបន្តួច តែដំណាលដែលតែងនិយាយជាទូទៅនោះ គេអាចសង្ខេបមកថា ៖
ពីមុនមកព្រះនារាយណ៍និងព្រះព្រហ្មយល់រៀងៗខ្លួនថាខ្លួនជាទេពធំលើសគេបង្អស់ ហើយក៏ប្រកែកយកឈ្នះគ្នារៀងៗខ្លួន។ ពេលនោះមានសសរភ្លើងមួយផុសឡើងពីដី ដែលប្រមាណថាវែងដល់ត្រឹមណាពុំបាន ត្បិតរកដើមនិងចុងមិនឃើញ ភ្លើងនេះអាចធ្វើឲ្យឆេះផែនដីរលាយ ហេតុនេះហើយព្រះព្រហ្មក៏ទៅស្រោបប៉ែកខាងគល់ដែលចេញពីដីឲ្យជិត រីឯព្រះនារាយណ៍វិញទៅរុំស្រោបនៅកណ្តាល។ ធ្វើដូច្នេះទៅទើបផែនដីផុតពីគ្រោះថ្នាក់ ត្បិតនៅសល់តែផ្នែកលើឆ្ងាយនោះទេដែលឆេះ។ ឯផ្នែកលើនោះសោតមិនគឺនរណាក្រៅពីព្រះឥសូរឡើយ ព្រោះព្រះអង្គមកបង្ហាញព្រះភក្ត្រ័ឲ្យទេពពីរអង្គទៀតជឿជាក់ថា ព្រះអង្គទេដែលធំជាងគេលើលោក។
មកដល់ត្រឹមនេះឃើញថា លិង្គក្តី ព្រះខ័នរាជ្យក្តី សុទ្ធសឹងជាត្រីមូត៌ីនៃព្រហ្មញ្ញសាសនា។ ម៉្យាងទៀត នៅលើលោកយើងនេះមានជាតិសាសន៍ច្រើនដែលចាត់ទុកដាវថាមាននិមិ្មតរូបនៃការរួមភេទ។ រីឯខ្មែរវិញគឺច្បាស់ណាស់ ហើយយើងអាចយកឧទាហរណ៍កិច្ចមួយហៅថា “រាំដកដាវ បើកតៀបព្រះស្រី” នៅក្នុងមង្គលការ។ ក្នុងកិច្ចនោះគេរាំដកដាវនៅមុខគូស្រករទាំងពីរ ហើយច្រៀងផង (រូបលេខ៧-៨)។ ក្នុងនោះមានឃ្លាថា «ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែបានពីឪពុក ស្រោមបានពីម្តាយ...»។ បើសារុបឲ្យខ្លីមក គឺផ្លែដាវជាលិង្គ ឯស្រោមជាយោនី។