ដោយ អាំងជូលាន
នរណាក៏ដឹងដែរថាខ្មែរបុរាណមានទេពកោសល្យ ព្រមទាំងឲ្យតម្លៃខ្លាំងណាស់ទៅលើការបត់បែន ធារាសាស្ដ្រ ធម្មជាតិ។ ទីនេះខ្ញុំមិនពោលពីប្រឡាយនិងព្រែកជីកនានារាប់មិនអស់នៅសម័យមុនអង្គរនិងសម័យអង្គរទេ លើកលែងតែព្រែកជីកមួយដែលធំជាងគេ។ គួរចម្លែកដែរថាមកដល់ពេលនេះមិនទាន់មានការសិក្សាអ្វីទំាងអស់ទាំងផ្នែកបុរាណវិទ្យា, ទាំងផ្នែកវិស្វកម្ម, ទាំងផ្នែកធារាសាស្ដ្រ។ មានតែការសិក្សាមួយដែលផ្ដើមធ្វើឡើងពីសហគមន៍មនុស្សមួយក្រុមដែលនៅតាមបណ្ដោយព្រែកជីកនោះ។ សំណេរនោះឈ្មោះថា “សហគមន៍នៅតាមព្រែកជីកបុរាណពីកំពង់ឃ្លាំងទៅភ្នំគូលែន” ដែលជានិក្ខេបបទបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យាឆ្នាំ ២០០០-២០០១។
គួរឲ្យឆ្ងល់ណាស់ថា ទទឹងព្រែកជីកនោះមានប្រវែងដល់ទៅ៣០០ម-ឯណោះ។ តើគេប្រើគ្រាន់តែដើម្បីទាញយកទឹកប្រើប្រាស់ឬមួយសហគមន៍តាមផ្លូវទឹកតាមព្រែកនេះមានសារៈសំខាន់ទីមួយ? បើទោះជាយ៉ាងនេះក្ដី ហេតុអ្វីក៏ទទឹងធំដល់ម្ល៉េះ? យ៉ាងណាក៏ដោយព្រែកជីកនោះចុះមកពីភ្នំគូលែន ថ្វីត្បិតតែសព្វថ្ងៃនេះបាត់ដានកាលណាយើងខិតទៅជិតភ្នំនេះ។ បើយើងចុះមកក្រោមវិញ ពោលគឺមកខាងត្បូង ដានកាន់តែច្បាស់ទៅៗរហូតដល់នៅមួយកំណាត់នៅខាងក្រោមដែលមានទឹកប្រើប្រាស់ជាព្រែកនៅឡើយរូបលេខ១។ ផ្នែកដែលមានទឹកធ្វើចរាចរណ៍បាននេះគេឲ្យឈ្មោះថា”ព្រែក ស្រមោច” ដែលចុះរហូតទៅដល់កំពង់ឃ្លាំងជាប់និងមាត់ទន្លេសាបតែម្ដង រូបលេខ២។ ឥឡូវចូរយើងដេញទៅមើលខាងលើពោល គឺទៅខាងជើងវិញ។ ថ្វីត្បិតតែដានដាច់ធ្វើឲ្យភ្នែកទទេមើលពុំយល់ក្ដី តែដោយហេតុថាឡើងផុតពីទន្លេសាបបានបន្តិចទៅសំណល់ដែលនៅមើលឃើញមានរាងត្រង់ស្ទើរដូចខ្សែរបន្ទាត់នោះ រូបលេខ៣។ យើងអាចសន្និដ្ឋានថាដើមទីនៅខាងលើគឺម្ដុំតំបន់ហៅថា”ថ្នល់ម្រេច” សព្វថ្ងៃនេះ។ តើនេះគឺជាអ្វី? គេឃើញថាថ្នល់ម្រេចដែលស្ថិតនៅភូមិអន្លង់ធំមានឡបុរាណរាប់សិប។ ឡទាំងនោះលើកឡើងពីសម័យអង្គរ ហើយដោយសារចំនួនច្រើនបង្ហាញថា មិនមែនជាទីផលិតដែលនៅរាយប៉ាយទេ គឺជាតំបន់ឧស្សាហ៍កម្មកុលាលភាជន៍ដ៏ធំមួយ។ ម៉្យាងទៀតរហូតមកទល់សព្វថ្ងៃស្ថានីយឡបុរាណអន្លង់ធំនេះធំធេងជាងគេ បើប្រៀបទៅស្ថានីយឡទាំងអស់នៅតំបន់អង្គរ ជាអកុសលឡទាំងអស់នៅអន្លង់ធំសុទ្ធតែរងការបំផ្លិចបំផ្លាញពីមនុស្សក្នុងប៉ុន្មានទសវត្សកន្លងមកនេះ។
នេះប្រហែលជាចម្លើយមួយហើយគឺថាក្នុងចំណោមតួនាទីផ្សេងៗនោះ យើងអាចយល់ថានៅតាមព្រែកជីកនេះហើយដែលគេដឹកចានក្បានពីកន្លែងផលិតចុះមកទន្លេសាប។ រីឯទីចែក ចាយជំនាន់បុរាណនោះ ប្រហែលជាកំពង់ឃ្លាំង នេះឯង។
ចំពោះសម័យកាលដែលសាងសង់នោះវិញយើងពុំអាចដឹងជំនាន់ណាប្រាកដទេ តែយ៉ាង ហោចណាស់ក៏ច្បាស់ថាមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ដែរ ហើយប្រហែលជាមុននោះយូរផង។ បានជាពោលដូច្នេះ មកពីពេលដែលផ្លូវបុរាណប្រកបដោយស្ពានបុរាណមួយចំនួន ដែលសព្វថ្ងៃនេះក្លាយមកជា”ផ្លូវជាតិលេខ៦” មកកាត់ព្រែកជីកឲ្យដាច់ជាពីរនៅត្រង់ចំណុច “ថ្នល់ចែក” ប្រមាណ២គ-ម-ខាងកើតផ្សារដំដែក។ យើងអាចស្មានថាបើគេលើកផ្លូវមកកាត់ដាច់ទំនប់ព្រែកជីកដ៏ធំនោះ ហើយមានន័យថានៅពេលនោះព្រែកជីកនេះក៏ចាប់ផ្ដើមមានដំណើរការរអាក់រអួលនិងខូចខាតដោយអន្លើទៅហើយដែរ។
ក្រៅពីនេះមានចំណុចមួយទៀតដែលបង្ហាញកាន់តែច្បាស់ពីតួនាទីគមនាគមន៍ផ្លូវទឹកនេះ គឺមុនទៅដល់ភ្នំគូលែនព្រែកជីកនេះទំនងជាគ្របដណ្ដប់តំបន់មួយដែលមាន”អូថ្មដាប់” នៅក្នុងនោះ។ បុរាណវិទូទាំងអស់ដឹងថា អូរថ្មដាប់នេះជាកន្លែងដែលខ្មែរបុរាណដាប់យកថ្មទៅប្រើប្រាស់ក្នុងការកសាងប្រាសាទនៅអង្គរ។ ប្រការនេះធ្វើឲ្យយើងយល់ភ្លាមថាថ្មដែលគេយកពីម្ដុំនេះគឺគេដឹកតាមក្បួននិងតាមនាវាប្រភេទអ្វីផ្សេងទៀតទៅទន្លេសាបសិនតាមព្រែកនេះឯងទើបបត់បែនតាមស្ទឹងទៅអង្គរវិញ។ បើពុំដូច្នោះក៏គេដឹកថ្មទៅដល់ចំណុចណាមួយ ទើបផ្ទេរមកតាមដីគោគដោយមធ្យោបាយដឹកជញ្ជូនណាមួយឆ្ពោះត្រង់មកអង្គរ។