គំនូរលើផ្ទាំងថ្មពើងភ្នំគូលែន

 ដោយ ហេង ថាន

នៅអត្ថបទជំពូកជាមួយគ្នានេះ ដែលមានលេខរៀង៤.៤០ លោកគង់ វីរៈ មានបង្ហាញពីពើងទូទៅនៅតាមជួរភ្នំគូលែន។ ឯសេចក្តីដែលខ្ញុំលើកមកទីនេះគឺសង្កត់ទៅលើវត្ថុពិសេសដែលមាននៅក្នុងពើងមួយចំនួន ត្បិតជាទូទៅមនុស្សតែងទៅស្នាក់តាមពើងនានាក្នុងរយៈពេលវែងឬខ្លី ដោយសារទុកថាពើងជាទីសក្ការៈ ម៉្លោះហើយបានជាយើងតែងឃើញសំណល់ បំណែកបល្ល័ង្កនិងប្រតិមានៅទីនោះ។ ម៉្យាងទៀត ជួនកាលមានចម្លាក់រឿងទេពនានាយ៉ាងពិចិត្រ ហើយអាចមានទាំងសិលាចារឹកផង។ រូបចម្លាក់ទាំងនេះអ្នកស្រុកផ្ទាល់ហៅថា “គំនូរ” មិនខុសពីអ្នកស្រុកអង្គរ ដែលហៅផ្ទាំងចម្លាក់នៅអង្គរវត្តថា “គំនូរ” ដូច្នោះដែរឡើយ។ ពើងប្រភេទនេះ អ្នកនៅក្រៅតំបន់ភ្នំគូលែនចាប់ផ្តើមស្គាល់ខ្លះៗហើយ ដោយវិស័យទេសចរណ៍មានការជឿនលឿនជាងមុន។ ខ្ញុំក៏នឹងយកគំនូរនៅតាមពើងភ្នំគូលែនមកបង្ហាញដែរ តែគំនូរនៅទីនេះពុំមែនជាចម្លាក់ទេ គឺជាគំនូរក្នុងនិយមន័យដែលយើងប្រើសព្វថ្ងៃជាទូទៅ។ អ្នកស្រុកនៅក្នុងតំបន់នោះស្គាល់ពើងទាំងនេះជាយូរមកហើយ តែអ្នកដទៃ មិនថាតែទេសចរធម្មតាទេ គឺរាប់បញ្ចូលទាំងអ្នកស្រាវជ្រាវផង មិនដែលដឹងមិនឮសោះឡើយ ពីមុនមក។ ទាល់តែមកដល់ពេលថ្មីៗនេះ ទើប «ក្រុមស្រាវជ្រាវផ្លូវបុរាណ» នៃអាជ្ញាធរអប្សរា បានជ្រួតជ្រាប ដោយសារមានការប្រាស្រ័យគ្នាជាប់លាប់ជាមួយអ្នកស្រុក។ សព្វថ្ងៃយើងដឹងថាមានពើងប្រាំ ដែលមានគំនូររបៀបនេះ។ រូបលេខ១ ជារូបថតពីលើអាកាសបង្ហាញពីទីតាំង។ ពីលើមកក្រោម យើងឃើញថាមាន៖ ពើងកោប, ពើងវាលព្រះបាទ, ពើងគំនូរ, ពើងដៃរា, ពើងល្អាងធំ។ ពើងទាំងនេះស្ថិតនៅតាមចង្កេះភ្នំគូលែនប៉ែកខាងកើត, រាយគ្នាពីជើងទៅត្បូងតាមបណ្តោយអូរល្អាងធំ, បើគិតតាមរដ្ឋបាល គឺជាចំណុះភូមិថ្មជ្រួញ, ឃុំខ្នងភ្នំ, ស្រុកស្វាយលើ, ខេត្តសៀមរាប។ ថ្មនៅគ្រប់ពើងទាំងនោះជាប្រភេទថ្មភក់ពណ៌ប្រផេះ ដែលមានគ្រាប់ម៉ដ្ឋ។ បើគិតជារូបរាងគឺមានពីរយ៉ាង, ម៉្យាងរាងដូចផ្សិត (ពើងវាលព្រះបាទ, រូបលេខ២) ដែលល្មមឲ្យមនុស្សទៅជ្រកសំណាក់ធម៌បន្តិចបន្តួច, ម៉្យាងទៀត មានរាងជារូងវែងឆ្ងាយជាងនោះ (ពើងបួនទៀត ក្រៅពីពើងដៃរា, រូបលេខ៣ ជារូបពើងគំនូរ)។ ពើងផ្សិតនោះមានកម្ពស់ប្រមាណ ៣ ម. ឯបណ្តោយផ្ទៃដំបូលខាងក្នុង ក៏ប្រមាណ ៣ ម.ដែរ។ ឯពើងបួនទៀតដែលមានរាងជារូងនោះ ទំហំមាត់មានពី១,៥ ម.ទៅដល់៤ ម., រីឯជម្រៅវិញមានពី១,៧ ម.ទៅដល់៤,៥ ម.។ គំនូរទាំងនោះគូរនៅលើជញ្ជាំងនិងដំបូលក្នុង ត្រង់ផ្នែកណាដែលមានផ្ទៃរាបស្រាប់។ យើងសង្កេតឃើញថាអ្នកគូរចៀសវាងទីណាដែលថ្ងៃអាចចាំងចំ និងទឹកអាចជ្រាបច្រើន។ រូបមានពីរប្រភេទ, ម៉្យាងគ្រាន់តែជាខ្សែដែលគូរជុំវិញឲ្យបានរាងរៅអ្វីមួយ តែគ្មានផាត់ពណ៌ផ្ទៃក្នុងទេ ឯម៉្យាងទៀតគឺផាត់ពណ៌ពេញផ្ទៃ (រូបលេខ៤ គឺរូបដែលខ្ញុំគូរខ្លួនឯងដើម្បីឲ្យអ្នកអានងាយយល់)។ ឯពណ៌នោះប្រហែលជាយកដីលែងមកប្រើ ពណ៌ស្រាលផង និងក្រម៉ៅបន្តិចផង។ ប៉ុន្តែចំណុចនេះទាល់តែថ្ងៃក្រោយទៅមានការវិភាគរបៀបវិទ្យាសាស្ត្រត្រឹមត្រូវ ទើបនិយាយដាច់ណាត់បាន។ ឯរូបនោះច្រើនតែជារូបមនុស្សនិងសត្វចតុបាទ ជាពិសេសសត្វដែលមានស្នែងដូចគោ។ ឯរូបដទៃទៀតមានតិចតួចប៉ុណ្ណោះ។ រូបលេខ៥-៦ ថតមកពីពើងដៃរា, លេខ៧-៨ មកពីពើងល្អាងធំ, លេខ៩ មកពីពើងគំនូរ (សូមកុំច្រឡំនឹង “ពើងគំនូរ” ដែលមានរូបចម្លាក់ ហើយដែលស្ថិតនៅទីផ្សេងពីនោះ), លេខ១០-១៣ មកពីពើងកោប, លេខ១៤ មកពីពើងវាលព្រះបាទ។

មូលហេតុនៃការផ្សព្វផ្សាយកំណត់ហេតុដ៏ខ្លីនេះ គឺមកពីចង់ឲ្យសាធារណជនជ្រាបពីការរកឃើញថ្មី ដែលប្លែកពីគេមកទល់ពេលនេះ។ ប៉ុន្តែខ្ញុំពុំទាន់ហ៊ានអះអាងអំពីចំណាស់របស់រូបទាំងនេះទេ ត្បិតត្រូវមានការស្រាវជ្រាវវែងឆ្ងាយតទៅទៀត ជាពិសេសត្រូវការជំនួយពីអ្នកឯកទេសអំពីគំនូរតាមរូងនានានៅលើលោក។ រូបដែលបង្ហាញនេះទាល់តែទៅអនាគតទើបអាចនិយាយបានថា ទើបនឹងគូរ១០០ឬ២០០ឆ្នាំមុននេះ ឬមួយក៏ជារូបដែលមនុស្សគូរតាំងពីបុរេប្រវត្តិសាស្ត្រមក។