រាជធានីកោះកេរ្តិ៍

 ដោយ ទិន ទីណា

ដូចយើងដឹងស្រាប់ ក្នុងរយៈពេលយ៉ាងយូរដែលរាជធានីខ្មែរតាំងទីនៅអង្គរ ហៅថា «ស្រីយសោធរ» នោះ មានតែមួយពេលខ្លីទេ ដែលព្រះរាជាដូរទីតាំងទៅនៅ «កោះកេរ្តិ៍ » ដែលមានចម្ងាយប្រមាណ៨០គ.ម. នៅឦសានអង្គរ (បើមិនគិតចម្ងាយត្រង់ ពោលគឺគិតតាមដំណើរផ្លូវសព្វថ្ងៃ គឺចម្ងាយប្រមាណ ១២០គ.ម.)។ ខ្ញុំសូមពោលត្រួសៗជាទីបំផុត អំពីកោះកេរ្តិ៍ ដ្បិតក្នុងក្របខណ្ឌនៃអត្ថបទចុះក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ គឺពុំអាចបរិយាយវែងឆ្ងាយឡើយ។

បើគិតជាការគ្រប់គ្រងរដ្ឋបាលសព្វថ្ងៃ មណ្ឌលរាជធានីចាស់នេះស្ថិតនៅក្នុងភូមិកោះកេរ្តិ៍, ឃុំស្រយ៉ង់, ស្រុកគូលែន, ខេត្តព្រះវិហារ។ អ្នកស្រាវជ្រាវដឹងយូរមកហើយថា ឈ្មោះដើមនៃរាជធានីនេះ គឺ  ឆោក†គគ៌្យរ† ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃគឺ បឹងគគីរ ឬ ស្រះគគីរ។ ពាក្យ  គគ៌្យរ† នេះឯង ដែលក្លាយមកជា «កោះកេរ្តិ៍ »។

នៅគ.ស.៩២១ ព្រះបាទជ័យវរ្ម័នទី៤ ពុំសោយរាជ្យនៅស្រីយសោធរតាមទម្លាប់ ដែលមានមកនោះទេ តែដូររាជធានីមកនៅកោះកេរ្តិ៍វិញ។ មូលហេតុនៃការដូនេះប្រហែលជាមានច្រើន តែខ្ញុំពុំលើកយកមកវែកញែកនៅទីនេះឡើយ។ ព្រះរាជានេះសុគតនៅគ.ស. ៩៤២។ ព្រះរាជបុត្ររបស់ព្រះអង្គគឺ ព្រះបាទហស៌វរ្ម័នទី២ ក៏ឡើងសោយរាជ្យបន្ត។ ប៉ុន្តែ គ្រងរាជ្យបានតែពីរឆ្នាំក៏សុគតទៅ។ ពេលនោះហើយ ដែលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឡើងស្នងរាជ្យ ក៏សម្រេចព្រះទ័យនាំរាជធានីមកក្រុងស្រីយសោធរដូចដើមវិញ។ គិតទៅអាយុនៃកោះកេរ្តិ៍ក្នុងឋានៈជារាជធានី មានតែ២៣ឆ្នាំប៉ុណ្ណោះ តែការតាំងទីរស់នៅនៃមនុស្សម្នា ច្បាស់ជាមានមុននោះ ហើយការសាងសង់ច្បាស់ជាមានយូរ ក្រោយអំពីនោះមកទៀត ដ្បិតសំណល់ជាបេតិកភណ្ឌនានាមានច្រើនសន្ធឹកសន្ធាប់។ មើលតែខ្សែផ្លូវបុរាណក៏ឃើញ ថា កោះកេរ្តិ៍មានទំនាក់ទំនងជាមួយប្រាសាទបេងមាលា និងប្រាសាទវត្តភូ ដែលកើតឡើងក្រោយៗមកទៀត។ បើទៅខាងកើតត្រង់វិញក៏ដូចគ្នាដែរ គឺមានផ្លូវភ្ជាប់ទៅដល់ប្រាសាទបាកាណ (ដែលអ្នកស្រាវជ្រាវហៅតាមទម្លាប់ខុសថា “ព្រះខ័ន កំពង់ស្វាយ”) ដូចឃើញក្នុងផែនទីនៅរូបលេខ១។

ប្រាសាទដែលធំជាងគេនៅកោះកេរ្តិ៍ អ្នកស្រុកហៅថា «ប្រាសាទធំ» ដូច្នេះតែម្តង ដែលជាប្រាង្គមួយមាន៧ថ្នាក់ ហើយកម្ពស់៣៥ម. សាងចប់នៅគ.ស.៩៣១ (រូបលេខ២) ដើម្បីតម្កល់លិង្គព្រះឥសូរមួយហៅថា ត្រីភូវនេ‚រ្វ (សព្វថ្ងៃ លិង្គនោះបត់បង់ទៅហើយ)។ នៅខាងលិចជាប់នោះ មានទួលមួយ សាងឡើងដោយដៃមនុស្ស តែមិនដឹងថា ពីជំនាន់ណាឡើយ (រូបលេខ៣) ហើយដែលអ្នកស្រុកហៅថា «ផ្នូរស្តេចដំរីស» យោងទៅតាមរឿង «នាងទន់សាត្រា» (ឬ «នាងលម្អងរំចេក») ដែលអ្នកស្រុកនៅតំបន់ដ៏ធំនេះស្គាល់ជាទូទៅ។ តាមពិត ប្រាសាទធំនេះស្ថិតនៅក្នុងកំពែងរាងបួនជ្រុងទ្រវែងមួយ ដែលហ៊ុមពាត់ប៉ម និងសំណង់ដទៃជាច្រើនទៀត (រូបលេខ៤) ។ ក្រៅពីប្រាសាទធំនេះ មានប្រាសាទនិងអគារតូចធំច្រើនទៅទៀត មិនត្រឹមតែក្នុងរង្វង់កំពែងទេ គឺនៅជុំវិញនោះរាប់គីឡូម៉ែត្រទៀតផង (រូបលេខ៥-៦)។ រីឯហេដ្ឋារចនាសម្ព័ន្ធសម្រាប់មនុស្សរស់នៅវិញក៏មានច្រើនដែរ ឧទាហរណ៍ មាន រហាល (១២០០ម. X ៥៦០ម.), ចំណុចទឹកមួយហៅថា អណ្តូងព្រេង, ត្រពាំង, ស្រះ, ខ្មារជាច្រើន។ ត្រពាំងមួយហៅថា «ត្រពាំងខ្នារ» នោះ មានរូបចម្លាក់ទៀតផង ក្នុងនោះមានរូបទេពខ្លះៗក្នុងព្រហ្មញ្ញសាសនា (រូបលេខ៧-៨)។

ចម្លាក់ខ្លះមានកម្រិតសិល្បៈខ្ពង់ខ្ពស់ណាស់ ហើយគេយកមករក្សាទុក ឬក៏តាំងបង្ហាញសាធារណជននៅតាមសារមន្ទីរក្នុងប្រទេស និងប្រទេសដទៃផង។ បើសារមន្ទីរជាតិនៅក្រុងភ្នំពេញវិញ គ្រាន់តែយើងចូលទៅភ្លាម ក៏ប្រទះរូបគ្រុឌធំត្រដាងស្លាបយ៉ាងសង្ហាមួយភ្លាម (រូបលេខ៩)។ ក្នុងសារមន្ទីរដដែលនោះក៏មានបំណែករូបមនុស្សគុនចម្បាប់គ្នា គួរឲ្យចាប់អារម្មណ៍ដែរ (រូបលេខ១០)។ ពោលពីសិល្បៈដូច្នេះ គួរបញ្ជាក់ថា «កោះកេរ្តិ៍» ជាឈ្មោះរចនាបថមួយដាច់ដោយឡែក ក្នុងចំណោមរចនាបថទាំង១៤នៃសិល្បៈខ្មែរជំនាន់បុរាណ។ លក្ខណៈពិសេសមួយនៃសិល្បៈនេះ គឺអ្វីៗច្រើនតែមានទំហំធំ។ បើនិយាយទៅដល់សិលាចារឹកក៏ដូចគ្នាដែរ គឺសិលាចារឹកមួយភាគធំសុទ្ធតែមានតួអក្សរដែលមានទំហំធំលើសគេឯង។

មត៌កបុរាណដ៏ធំធេងនេះមិនខុសពីកន្លែងដទៃទៀតក្នុងប្រទេសកម្ពុជាឡើយ គឺអ្នកស្រុកចាត់ទុកថាជាទីសក្ការបូជា។ ការបន់ស្រន់រឿងរ៉ាវផ្ទាល់ខ្លួនក៏ធ្វើនៅទីនេះ (រូបលេខ១១) ធំជាងរឿងផ្ទាល់ខ្លួនក៏ធ្វើនៅទីនេះដូចគ្នា (រូបលេខ១២-១៣)។

និយាយសង្ខេបមកនេះគ្រាន់តែដើម្បីអ្នកអានមានគំនិតថា អ្វីទៅកោះកេរ្តិ៍តែប៉ុណ្ណោះ។ នៅពេលក្រោយណាមួយ ខ្ញុំនឹងបង្ហាញទឹកដីជាមត៌កនេះដោយផែនទីលម្អិតទៀត។