ដោយ ភឹង ដារា
យើងដឹងហើយថា ព្រះនារាយណ៍អាចបង្ហាញខ្លួនក្រោមទិដ្ឋភាព១០យ៉ាងខុសគ្នា ឬនិយាយ ម៉្យាងទៀតថា មាន «អវតារ» ដប់អាស្រ័យទៅតាមទេសកាលផ្សេងៗ។ ក្នុងចំណោមនោះមានអវតារមួយជាមនុស្សតឿ ហើយទេពកថាដែលទាក់ទងនឹងឈុតនោះគេនិយមហៅជាសំស្រ្កឹតថា «វិស្ណុត្រិវិក្រម» ។ រឿងនោះសង្ខេបមានដូចតទៅ ៖ នាសម័យមួយនោះមានស្តេចអសោរមួយអង្គឈ្មោះពាលី (ហៅថា «ក្រុងពាលី» ) មករាតត្បាតយាយីគេឯងនៅលើផែនដីនេះដោយអះអាងថា ដីនេះជារបស់ខ្លួនតែម្នាក់គត់ ហើយក៏ចាប់ផ្តើមបណ្តេញសត្វលោកគ្រប់គ្នាឲ្យចេញពីទីនោះទៅនៅស្ថានណាដទៃទៀត។ អ្នកដែលរស់នៅលើផែនដីទាំងអម្បាលម៉ានកើតទុក្ខភិតភ័យ ហើយក៏នាំគ្នាទៅរកព្រះនារាយណ៍ឲ្យជួយ។ ទេពនេះក៏កាឡាខ្លួនជាព្រាហ្មណ៍ក្មេងម្នាក់ដែលមានរូបរាងតឿ។ នេះហើយជាអាវតារទី៣ក្នុងចំណោមអវតារទាំង១០នៃព្រះនារាយណ៍។ ព្រះអង្គក៏ធ្វើជាទៅអង្វរក្រុងពាលីថា សូមដីក្នុងទំហំបីជំហានប៉ុណ្ណោះគ្រាន់នឹងរស់នៅផង។ ក្រុងពាលីមើលទៅឃើញថា ព្រាហ្មណ៍នេះគ្រាន់តែជាមនុស្សតឿប៉ុណ្ណោះ បើឲ្យដីប្រវែងបីជំហានទៅគ្មានបណ្តាលឲ្យខាតបង់អ្វីប៉ុន្មានឡើយ។ គិតដូច្នេះហើយ ក៏យល់ព្រមឲ្យដើរវាស់ដីបីជំហាននោះចុះ។ ពេលនោះព្រះនារាយណ៍ក៏លែងកាឡាខ្លួនជាមនុស្សតឿ ហើយមិនតែប៉ុណ្ណោះថែមទាំងពង្រីកទំហំខ្លួនឲ្យធំលើសលុប ឈានជើងគ្រប់បីជំហានហើយ ជំហានទីបីនោះបោះផុតផែនដីទៅទៀត។ ទើបព្រះអង្គបង្ហាញទៅប្រាប់ក្រុងពាលីថាឥឡូវនេះផែនដីទាំងមូលជារបស់ព្រះអង្គ ហើយបណ្តេញក្រុងពាលីឲ្យទៅរកទីដទៃផ្សេងរស់នៅ។ ក្រុងពាលីអង្វរព្រះអង្គថា ខ្លួនមិនដឹងជាទៅរកទីណាទៀត ក្រៅពីផែនដីនេះដោយទទូចថា៖ «ព្រះអង្គឲ្យទូលបង្គំទៅណាវិញក្រៅពីលើដីនេះ?»។ ព្រះនារាយណ៍មានបន្ទូលថាបើមិនដឹងទៅណាឲ្យផុតពីដីនេះទេ មានតែមុជខ្លួនទៅនៅជម្រៅផែនដីទើបបាន។ ម្ល៉ោះហើយពីនោះមក ក្រុងពាលីរស់នៅក្នុងផ្ទៃដីរហូតរៀងមក។
នៅប្រទេសឥណ្ឌាទេពកថានេះច្បាស់ជាមានប្រជាប្រិយភាពហើយ បានជាយើងឃើញមានរូបចម្លាក់បុរាណនៅតាមបូជនីយដ្ឋាននានា ដូចមានរូបលេខ១ជាឧទាហរណ៍។ រីឯខ្មែរបុរាណក៏ស្គាល់ទេពកថានេះច្បាស់ណាស់ដែរ។ រូបលេខ២ បានមកពីប្រាសាទក្រវាន់។ ព្រះនារាយណ៍ឈានជើងស្តាំដោយមានទេពស្រីមួយអង្គយកផ្កាឈូកមកទ្រ។ នៅប្រាសាទ បាភួនមានចម្លាក់ឈុតនេះដែរ ដូចឃើញនៅរូបលេខ៣ស្រាប់។ បើនៅក្រុមប្រាសាទព្រះវិធូរវិញឃើញថា ជើងដែលឈាននោះជាជើងឆ្វេង គឺថាពុំមែនជាជើងស្តាំដូចនៅប្រាសាទពីរមុននោះទេ (រូបលេខ៤)។ នៅប្រាសាទបឹងមាលាក៏មានចម្លាក់ទេពកថានេះដែរ តែជាចម្លាក់តូចនៅគល់សសរផ្អោបមួយ (រូបលេខ៥)។ ប្រាសាទតុបខាងកើត ដែលអ្នកស្រាវជ្រាវហៅថា «មង្គលាថ៌» ហើយដែលស្ថិតនៅក្នុងបរិវេណអង្គរធំប៉ែកខាងឦសាន ជាប្រាសាទព្រាហ្មញ្ញសាសនាដែលសាងក្រោយគេបង្អស់នៅតំបន់អង្គរ។ នៅទីនោះក៏មានចម្លាក់រឿងព្រះនារាយណ៍ត្រិវិក្រមដែរ (រូបលេខ៦)។ ចម្លាក់នៅប្រទេសកម្ពុជាទាំងប៉ុន្មានដែលបង្ហាញមកនេះមានលំនាំទូទៅប្រហាក់ប្រហែលគ្នា ដែលឆ្លុះបង្ហាញពីការនិយមទូទៅរបស់ខ្មែរ។ តែមានករណីមួយពិសេសខុសប្លែកពីគេ ដែលឃើញនៅបុរាណដ្ឋានមួយហៅថា «ពើងឥសី» នៅភ្នំគូលែន។ ផ្ទាំងថ្មធម្មជាតិនោះគេពុំបានសម្អិតសម្អាងឲ្យបានផ្ទៃរលីងស្មើឡើយ តែទោះជាយ៉ាងណាក៏ចម្លាក់នោះមើលទៅឃើញរស់រវើកដែរ (រូបលេខ៧)។ រីឯថ្នាំពណ៌ក្រហមដែលនៅលើនោះ ខ្ញុំពុំសូវជឿថាមានមកតាំងពីសម័យដែលគេឆ្លាក់នោះទេ។ នៅខាងស្តាំយើងឃើញក្រុងពាលីអង្គុយបញ្ឈរជង្គង់ ហើយបើពិនិត្យមើលយូរបន្តិច(សូមមើលរូបលេខ៨) គឺមុខនោះជាមុខស្វា ហាក់បីដូចជាអ្នកឆ្លាក់គិតថា ជាពាលីក្នុងរឿរាមកេរ្តិ៍ដែរ (សូមមើលជំពូកទី៣, លេខរៀងទី៤៨ និងជំពូកទី៦, លេខរៀងទី៤២)។ ពាលីសម្លឹងមក រកព្រាហ្មណ៍តឿដែលជាព្រះនារាយណ៍ក្លែងបន្លំ (សូមមើលរូបពង្រីកលេខ៩)។ បើនៅខាងស្តាំទើបយើងឃើញព្រះនារាយណ៍កំពុងឈានដើរបីជំហាននោះ។ សរុបមក តាមដែលខ្ញុំដឹងមកទល់ពេលនេះមានតែនៅពើងឥសីនេះឯងដែលយើងឃើញថាចម្លាក់ទេពកថាត្រង់ឈុតព្រះនារាយណ៍ត្រិវិក្រមមានបង្ហាញអវតារព្រះនារាយណ៍ជាមនុស្សតឿផងព្រមទាំងក្រុងពាលីទៀតផង។