របៀបបង្ហាញព្រះក្រឹស្ណាប្លែកមួយ

ដោយ  ភឹង  តារា

តាំងពីមុនសម័យអង្គរមកម៉្លេះ  ខ្មែរនិយមឆ្លាក់រូបព្រះក្រឹស្ណាខ្លាំងណាស់  មានឧទាហរណ៍ដូចជា ចម្លាក់មួយដែលគេយល់ថា ឆ្លាក់នៅស.វ.ទី៦  ហើយឃើញនៅតំបន់អង្គរបុរី ខេត្តតាកែវ  ជារូបទេពនេះលើកភ្នំគោវធ៌នដើម្បីរារាំងព្យុះសង្ឃរា មិនឲ្យបោកបក់លើគង្វាលសត្វ។  ក្នុងទេពកថា យើងដឹងថា  តាមឈុតនានា ព្រះក្រឹស្ណាមានសម្លាប់សត្វផ្សេងៗពីគ្នា  ដែលសុទ្ធសឹងនៅក្នុងពពួកបិសាច។  ដែលធ្លាប់ឃើញញឹកញាប់ជាងគេ គឺរូបព្រះក្រឹស្ណាចាប់ហែកនាគមួយឲ្យរហែកជាពីរ (រូបលេខ១)។  តែក្រៅពីឈុតនេះ  គេអាចប្រទះឃើញព្រះក្រឹស្ណាសម្លាប់សត្វដទៃទៀតដែរ  ដូចជាសេះ (រូបលេខ២),   គោ (រូបលេខ៣),  ដំរី (រូបលេខ៤) ជាដើម។ 

ដោយសារឈុតអស់ទាំងនេះដាច់ពីគ្នា  គេច្រើនបង្ហាញរូបព្រះក្រឹស្ណាសម្លាប់សត្វម្តងតែមួយប៉ុណ្ណោះ។  តែជួនកាលសត្វតែមួយនោះគេបង្ហាញឲ្យឃើញពីរដង  គឺមួយនៅព្រះហស្តស្តាំ  មួយទៀតនៅព្រះហស្តឆ្វេង  ដូចជានៅរូបលេខ៥ (ចម្លាក់នៅប្រាសាទតាព្រហ្ម,  ទន្លេបាទី) ដែលយើងឃើញព្រះអង្គសម្លាប់ដំរីមួយ  តែកាន់យួរនៅព្រះហស្តសងខាង  និងរូបលេខ៦  បង្ហាញពីការសម្លាប់សត្វសេះ  ជាចម្លាក់នៅប្រាសាទបន្ទាយសម្រែ។  ជួនកាលទៀត  ព្រះហស្តទាំងពីរកាន់សត្វពីរខុសគ្នា  តែដែលសុទ្ធសឹងជាសត្វដែលទេពកថានិយាយថាព្រះក្រឹស្ណាសម្លាប់  ថ្វីដ្បិតតែធម្មតានៅក្នុងឈុតផ្សេងគ្នា (រូបលេខ៧ ជាចម្លាក់លើផ្តែរមួយរក្សាទុកក្នុងសារមន្ទីរខេត្តកំពង់ធំ)។

រូបបិសាចបង្ហាញជាសត្វទាំងប៉ុន្មានខាងលើនេះពុំចោទជាបញ្ហាអ្វីទាំងអស់  ដ្បិតគេស្គាល់ជាទូទៅក្នុងទេពកថាឥណ្ឌា។  ប្រការដែលធ្វើឲ្យឆ្ងល់  គឺមានការបង្ហាញក្នុងរបៀបប្រហាក់ប្រហែលគ្នា  តែសត្វដែលសម្លាប់ជាសត្វផ្សេងទៅវិញ  ពោលគឺសត្វតោ។  ត្រង់នេះដូចជាមិនដែលឮថាមានក្នុងទេពកថា  ដែលគេស្គាល់ជាទូទៅឡើយ។  ខ្ញុំយល់ដូចជាអ្នកស្រាវជ្រាវខ្លះទៀតដែរថា  អ្នកសម្លាប់សត្វតោនោះគឺព្រះក្រឹស្ណាតែម្តង  ដ្បិតការសម្លាប់សត្វរបៀបនេះច្រើនឃើញមានតែធ្វើឡើងដោយព្រះក្រឹស្ណា  ហើយម៉្យាងទៀត  របៀបបង្ហាញក៏មិនខុសគ្នាអ្វីពីរបៀបដែលឃើញនៅរូបទាំងប៉ុន្មានដែលបង្ហាញខាងលើនេះដែរ។  នៅរូបលេខ៨ យើងឃើញថា  មនុស្សម្នាក់កាន់យួរសត្វតោនៅដៃម្ខាងមួយ។  សត្វតោហាក់ដូចជាមានចំនួនពីរនេះ ច្បាស់ជាតែមួយទេ  បើយោងទៅប្រការដែលនិយាយមកហើយ។  ចំណុចសំខាន់នៅត្រង់ថា  តើជាព្រះក្រឹស្ណាមែនឬទេ  ដែលសម្លាប់នោះ។  រូបលេខ៩ជាផ្តែរមួយរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង  បង្ហាញថា  ព្រះហស្តស្តាំកាន់យួរដំរី  ឯព្រះហស្តឆ្វេងយួរតោ។  រូបលេខ១០  ជាចម្លាក់នៅប្រាសាទភិមាយ  ដែលយើងឃើញថា  ព្រះហស្តស្តាំយួរតោ  ហើយព្រះហស្តឆ្វេងយួរដំរី។  រូបលេខ១១ ជាចម្លាក់នៅប្រាសាទព្រះវិហារ  បង្ហាញថា  ព្រះហស្តស្តាំយួរដំរី  ឯព្រះហស្តឆ្វេងយួរតោ។  រូបលេខ១២ ជាចម្លាកមួ់យរក្សាទុកនៅមន្ទីរអភិរក្សអង្គរ  ខេត្តសៀមរាប  បង្ហាញថា  ព្រះហស្តស្តាំយួរតោ  ហើយព្រះហស្តឆ្វេងយួរដំរី។