រូបចម្លាក់រកឃើញថ្មីនៅប្រាសាទតាព្រហ្ម

ដោយ  ភឹង តារា

អ្នកដែលសិក្សាប្រាសាទអង្គរតែងដឹងគ្រប់គ្នាហើយថា ពីមុនមកពុំដែលមានការជួសជុលអ្វីឡើយនៅប្រាសាទតាព្រហ្ម។ មូលហេតុធំនោះគឺមានប្រាសាទមួយចំនួននៅតំបន់អង្គរ ដែលមានភិនភាគប្រហាក់ប្រហែលគ្នា ដូចជាប្រាសាទព្រះខ័ន និងបន្ទាយក្តីជាដើម។ ម៉្យាងទៀត បើនិយាយពីប្រាសាទដែលសាងជំនាន់គ្នា ហើយរចនាបថដូចគ្នានោះ គឺមានកាន់តែច្រើនជាងនេះទៅទៀត។ ដូច្នេះអ្នកគ្រប់គ្រងអភិរក្សអង្គរជំនាន់មុន ដែលបានជួសជុលប្រាសាទទាំងអម្បាលម៉ាននោះយល់ថា គួរទុកប្រាសាទតាព្រហ្មឲ្យស្ថិតនៅក្នុងសភាពបក់បែក ហើយមានដើមឈើធំៗ ជាពិសេសដើមស្ពង់ ដែលតែងមានឫសជ្រែកលើជញ្ជាំង ឬកំពូលតួប៉មនានានោះសិនចុះ សម្រាប់ឲ្យអ្នកទស្សនាមានអារម្មណ៍ថា ខ្លួនស្ថិតនៅក្នុងបរិយាកាស ឬពេលមួយផ្សេង ឧទាហរណ៍ នៅស.វ.ទី១៩ ឬក៏ដើមស.វ.ទី២០ ដែលយូរៗម្តងមានមនុស្សទៅទស្សនាដល់ទីនោះ។ គំនិតជាទូទៅនេះប្តូរផ្លាស់ហើយ គឺអាជ្ញាធរអប្សរាដែលមាននាទីគ្រប់គ្រងរមនីយដ្ឋានអង្គរយល់ថា មិនអាចទុកក្នុងសភាពនេះតទៅទៀតទេ ល្មមដល់ពេលត្រូវរៀបចំឲ្យទស្សនិកជនដើរចេញចូលពិនិត្យបានស្រួលបួលហើយ។ ការយល់ឃើញនេះក៏ផ្អែកលើមូលដ្ឋានជាក់ច្បាស់ដែរ ដ្បិតថ្មីៗនេះមានដើមស្ពង់មួយដើមបាក់រលំមកដីមែន។

ការជួសជុលក្នុងកម្មវិធីស្តារស្រោចស្រង់ទាំងមូលនេះធ្វើឡើងដោយសហការជាមួយក្រុមអ្នកឯកទេសឥណ្ឌា ដែលនៅក្នុងស្ថាប័នឈ្មោះ Archeologie survey of india រីឯអាជ្ញាធរអប្សរា ក្រៅពីការផ្គត់ផ្គង់កម្មករ ក៏មានបុរាណវិទូមួយចំនួនដែរ ដូចជាលោក វ៉ែន សោភ័ណ, មូល គំនិត, ទា វ៉ាន់, ហ៊ូ នឡាមុនី, ថូ ថុន ជាដើម។ តទៅនេះខ្ញុំសូមបង្ហាញរូបខ្លះៗដែលប្រទះឃើញក្រោយពីការរលំដើមឈើ ឬតាមកត្តាធម្មជាតិផ្សេងទៀត និងនៅពេលធ្វើកំណាយជួសជុល។ រូបលេខ១ អាចជារូបព្រះលោកេសូរ ដែលឃើញនៅខាងជើងរានហាលខាងលិច។ នៅនោះហើយដែលដើមស្ពុងមួយដើមរលំដួលដោយភ្លៀងធ្លាក់ (រូបលេខ២)។ នៅម្តុំជាមួយគ្នានោះ ជាពិសេសនៅក្រោមឫស យើងប្រមូលបានបំណែករូបចម្លាក់ចំនួន ៤០ដុំ (រូបលេខ៣)។ ក្នុងនេះខ្ញុំលើកយកតែរូបសំខាន់ៗប៉ុណ្ណោះមកបង្ហាញ ដូចជាដងខ្លួនព្រះពុទ្ធទ្រង់សមាធិ, ដងខ្លួនរូបចម្លាក់ទេព ឬមនុស្សភេទប្រុស (រូបលេខ៤) និងស្រី (រូប លេខ៥)។ មានបំណែកជាច្រើនទៀត ដែលប្រហែលជាបែកចេញពីចម្លាក់ព្រះលោកេសូរដែរ ជួនជាដងខ្លួន, ជួនជាភ្នែន, ជួនជាដៃ, ជួនជាជើងជាដើម (រូបលេខ៦-១១)។ ក្នុងចំណោមនេះ ដៃដែលបង្ហាញនៅរូបលេខ៨ ជារបៀបបង្ហាញមួយប្លែក ដែលខ្ញុំពុំធ្លាប់ប្រទះឃើញក្នុងសិល្បៈខ្មែរ។ រូបខ្លះដូចជាបំណែកស្រីស្នំដែលបង្ហាញនៅរូបលេខ១២ ប្រហែលមិនមែនជាចម្លាក់ដែលជាប់នឹងជញ្ជាំងប្រាសាទទេ តែជាចម្លាក់ទោលដាច់តែឯង។ រូបលេខ១៣ ជាបំណែកព្រះពុទ្ធរូបប្រក់នាគ។

នៅពេលគេជួសជុលអគារដែលនិយមហៅថា “សាលរបំា ” គេប្រទះឃើញរូបចម្លាក់ព្រះពុទ្ធនៅពីរកន្លែង៖ មួយនៅជ្រុងឦសានជាប់នឹងសាលរបំា (រូបលេខ១៤-១៥) និងមួយទៀតនៅខាងជើងសាលរបំា (រូបលេខ១៦-១៧)។ ប្រការត្រង់នេះធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ព្រះពុទ្ធរូបប្រក់នាគហៅថា “ជ័យពុទ្ធមហានាថ” ដែលជាព្រះជីធំជាងគេនៅប្រាសាទបាយ័ន្ត ហើយដែលក្រោយមកបន្តិចគេទម្លាក់ចោលក្នុងអណ្តូងប្រាសាទនោះ ដោយសារពេលនោះខ្មែរដូរមកកាន់ព្រហ្មញ្ញសាសនាមួយរយៈវិញ។ ក្នុងចំណោមរូបទាំងពីរដែលកប់ក្នុងដីនៅប្រាសាទតាព្រហ្មនេះ អាចជារូបណាមួយ ជាពិសេសរូបនៅជ្រុងឦសាន ជាព្រះជីដើមនៃប្រាសាទតាព្រហ្មក៏មិនដឹង។ នេះពុំមែនជាសេចក្តីសន្និដ្ឋានទេ គឺគ្រាន់តែជាចម្ងល់មួយដែលគួរយកទៅពិចារណាឲ្យវែងឆ្ងាយជាងនេះ។ បានជាគិតទៅព្រះអង្គនៅទិសឦសានខ្លាំងជាងព្រះអង្គនៅទិសខាងជើងនោះ គឺមកពីព្រះអង្គនៅទិសឦសានមានទំហំធំ គឺកម្ពស់២,៣៥ម.ទាំងព្រលួញ តែពុំគិតព្រះកេសទេ ដោយសារបាត់ទៅហើយ។

ការប្រទះឃើញដងខ្លួនទាំងមូលនៃព្រះពុទ្ធអង្គដោយពុំឃើញព្រះកេសនោះ ជំរុញឲ្យអ្នកស្រាវជ្រាវធ្វើកំណាយតទៅទៀត តែពុំបានប្រទះព្រះកេសដូចបំណងនោះឡើយ បែរជាឃើញអលង្ការធ្វើពីមាសសម្រាប់ស៊កផ្នួងសក់ទៅវិញ (រូបលេខ១៨-១៩)។ សូមប្រៀបធៀបអលង្ការនេះទៅរូបលេខ២០ ដែលជារូបស្រីស្នំនៅប្រាសាទបន្ទាយក្តី ដែលប្រើអលង្ការបែបនេះនៅនឹងផ្នួងសក់។

ខាងលើនេះជាការរកឃើញដោយសារធ្វើកំណាយ។ ឯក្នុងការរើថ្មដែលនៅរប៉ាត់រប៉ាយដើម្បីរៀបផ្គុំឡើងវិញសម្រាប់ជួសជុលប្រាសាទ គេរៀបផ្គុំបានហោជាងពីរ។ មួយមានចម្លាក់ទេពស្រីនៅចំកណ្តាលអមដោយទេព្តាអមជុំវិញ (រូបលេខ២១)។ យើងដឹងហើយថា ព្រះបាទជ័យវរ្ម័នទី៧ សាងប្រាសាទតាព្រហ្ម  នៅគ.ស.១១៨៦ (ជំនាន់នោះហៅថា “រាជវិហារ”) ឧទ្ទិសទៅព្រះមាតារបស់ព្រះអង្គព្រះនាម “ជ័យរាជចូឌាមណី” ក្រោមរូបភាពជាព្រះប្រាជ្ញាបារមី។ តើនេះជារូបទេពនោះឬអ្វី?  នេះជាការល្បងពិចារណាមួយទៀត។ ឯហោជាងទី២បង្ហាញរូបព្រះលោកេសូរ ដែលមានទេព្តាអមជុំវិញដែរ (រូបលេខ២២)។