រូបពីរ

ដោយ ព្រាប ចាន់ម៉ារ៉ា

សព្វថ្ងៃនេះអ្នកទៅទស្សនាសារមន្ទីរជាតិ ក្រុងភ្នំពេញ តែងតែចាប់អារម្មណ៍លើបំណែកចម្លាក់អំពីសម្រឹត មានរូបដំរី និងមនុស្ស នៅក្នុងធ្លាបរិវេណជុំវិញអាគារសារមន្ទីរ (រូបលេខ១-៥)។ ការខូចខាតក្លាយមកជាបំណែកនេះ កើតឡើងនៅទសវត្ស១៩៧០ប៉ុណ្ណោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺថាគេដាក់គ្រាប់ផ្ទុះ ធ្វើឲ្យខូចហិនហោចដោយចេតនា។ គំនិតដែលនៅពីក្រោយនោះគឺគេយល់ថា រូបទាំងមូលនេះជានិមិត្តរូបនៃភាពខ្ញុំគេ។ សូមជ្រាបថា នៅលើរូបធំទាំងមូល មានរូបទាហានពីរនាក់ដែលម្នាក់រាងខ្ពស់ជាទាហានបារាំង ឯម្នាក់ទៀតតូចជាងនោះបន្តិចជាទាហានខ្មែរ។ ដូច្នេះហើយបានជាគេហៅរូបយ៉ាងធំទាំងមូល ដែលនៅក្នុងសួនតូចមួយខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារសព្វថ្ងៃនេះថា «រូបពីរ» ឬជាភាសាបារាំងថា Monument aux Morts (រូបលេខ៦)។ ម្យ៉ាងទៀត រូបនេះស្ថិតនៅមុខស្ថានទូតបារាំងទៀតផង ដែលធ្វើឲ្យអ្នកកាន់អំណាចរបបនោះកាន់តែងាយបកស្រាយថា ជានិមិត្តរូបខ្មែរខ្ញុំបារាំង។

ការសម្ពោធនៅឆ្នាំ១៩២៥នោះមានភាពឱឡារិក ដ្បិតអ្នកមុខអ្នកការបារាំងយាងព្រះករុណាព្រះបាទស៊ីសុវត្ថិ ព្រមទាំងព្រះរាជបុត្រដែលជាអនាគតព្រះករុណាព្រះបាទមុនីវង្សផង (រូបលេខ៧)។ ឯបដិសណ្ឋារកិច្ចក៏ធំដុំណាស់ដែរ (រូបលេខ៨) មិនតែប៉ុណ្ណោះការរៀបចំហាក់ដូចជាពិធីដែលពាក់ព័ន្ធនឹងស្តេចខ្មែរតែម្តង ដ្បិតក្រៅពីល្ខោនហ្លួងសម្តែងរបាំ (រូបលេខ៩) គេឃើញមានព្រះសង្ឃ (រូបលេខ១០) ព្រមទាំងជនជាតិផ្សេងៗ ដែលសុទ្ធសឹងជាប្រជារាស្ត្រនៃព្រះរាជាខ្មែរទាំងអស់ (សូមមើលអត្ថបទនៅជំពូក៣ លេខរៀងទី២០)។ រូបលេខ១១ បង្ហាញពីជនជាតិកូឡា ឯនៅរូបលេខ១២វិញទំនងជាជាតិកួយ ដ្បិតឃើញមានឧបករណ៍តន្ត្រី និងល្បែងដែលគេប្រើក្នុងល្បែងវាយខែល។