ដោយ ទាវ ស្រីនាថ
លង្វែក ដែលសព្វថ្ងៃចំណុះឲ្យស្រុកកំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង ស្ថិតនៅខាងលិចដងទន្លេសាប ហើយបើទាញខ្សែបន្ទាត់ត្រង់មួយមកដល់ឧត្តុង្គគឺមានចម្ងាយប្រមាណ៦គ.ម។ ទឹកដីនេះជាទឹកដីចាស់ មិនខុសគ្នាអ្វីពីតំបន់នានាដ៏ច្រើនលើសលប់ក្នុងប្រទេសកម្ពុជាឡើយ។ នៅស.វ.ទី១៦ លង្វែកក្លាយទៅជារាជធានី តែបាក់បែកខ្ចាត់ខ្ចាយទៅវិញនៅចុងស.វ.នោះដោយរងការវាយប្រហារពីសៀម។ បន្តាប់ពីនោះបន្តិចរាជធានីក៏ដូរមកនៅឧត្តុង្គ ហើយតមកទៀតដូរមកនៅភ្នំពេញទល់សព្វថ្ងៃ។ សំណល់ចាស់នានានៅមានច្រើនដូចជា កំពែងដី៣ជាន់, គូទឹក, សំណង់ធ្វើពីថ្មភក់និងថ្មបាយក្រៀមដែលខូចខាតអស់ទៅ, ទួលចាស់ផ្សេងៗ។ ឯវត្តត្រឡែងកែងដែលយើងឃើញសព្វថ្ងៃក៏គេសាងឡើងលើទីតាំងវត្តចាស់ដែរ (រូបលេខ១)។
រូបលេខ១
គេរកឃើញស្ថានីយបុរេប្រវត្តិចំនួន៣កន្លែងស្ថិតនៅតាមបណ្តោយស្ទឹងមួយនៅចន្លោះកំពង់ចាឡោនិងកំពង់ចាំ។ ស្ថានីយដែលនៅចន្លោះស.វ.ទី១២និងទី១៤មានចំនួន១៣, បើនៅចន្លោះស.វ.ទី១៥និងទី១៧
គឺមានចំនួនដល់៤០ ដោយសារក្នុងរយៈពេលនោះមានកំណើនប្រជាជនខ្លាំង។ បើនៅស.វ.ទី១៨-១៩
វិញគឺមានតែ២៨ទេ ដោយសារចំនួនប្រជាជនចុះថយ។ បើយកសំណល់អំបែងកុលាលភាជន៍មកពីនិត្យក៏ឃើញថាត្រូវគ្នានឹងចលនាឡើងចុះនៃប្រជាជនដែរ។ ក្រៅពីនេះមានសិលាចារឹកពីរដែលគេប្រទះឃើញនៅវត្តត្រឡែងកែង ក្នុងនោះមួយចារនៅស.វ.ទី៧ រីឯមួយទៀតចារនៅស.វ.ទី១០-១១។ មានសិលាចារឹកពីរទៀតដែលគេឃើញនៅវត្តបុទុមវតីក្រុងភ្នំពេញដែលគេស្មានថាប្រហែលជាយកមកពីលង្វែកដែរ។ មួយចារនៅមុនសម័យអង្គរ មួយទៀតនៅសម័យអង្គរ។ រីឯទួលចាស់វិញ ខ្ញុំសូមយកបួនមកបង្ហាញ ៖
ទួលវិហារបាក់ក ដែលមានទំហំប្រមាណ៦៥ម. X ៥០ម. ស្ថិតនៅផ្នែកខាងត្បូងនៃកំពែងទី១ខាងក្រៅ។ សព្វថ្ងៃនេះមានសំណង់ថ្មីដែលគេសាងទុកជាទីបូជា (រូបលេខ២) ប៉ុន្តែយើងអាចមើលឃើញបំណែកឥដ្ឋ,ក្បឿងនិងថ្មបាយក្រៀមជាច្រើនដែលនៅរាយប៉ាយ ហើយដែលបង្ហាញថាពីមុនមកជាសំណង់អ្វីមួយរបៀបជាព្រះវិហារ (រូបលេខ៣) ដ្បិតជុំវិញនោះមានស្លឹកសីមា៨ នៅតាមទិសនិងអនុទិស។ រូបលេខ៤ជាឧទាហរណ៍សីមាមួយសន្លឹក។ ឯកុលាលភាជន៍វិញមានច្រើនយ៉ាង ហើយក្នុងនោះមានកុលាលភាជន៍ចិនដែលផលិតតាំងពីស.វ.ទី១៥ដល់១៩។ បានជាទីនេះអ្នកស្រុកហៅថាវិហារបាក់កគឺមកពីទីនេះគេឃើញមានប្រតិមាមួយដែលនៅសល់តែដងខ្លួន (រូបលេខ៥)។
ទួលរាជាដែលមានទំហំប្រមាន៦៥ម. X ៤៥ម.។ អ្នកស្រុកនៅតែទុកទីនេះជាទីបូជាដដែល ព្រោះសំណល់ចាស់នៅមានច្រើនដូចជាបល្ល័ង្គ, ស្លឹកសីមា, គ្រឹះថ្មបាយក្រៀម, ចេតិយចាស់ពីរ។ សព្វថ្ងៃគេសង់បូជនីយដ្ឋានមួយទុកសម្រាប់ធ្វើកិច្ចពីធីផ្សេងៗ (រូបលេខ៦)។ នៅទីនេះក៏ឃើញមានកុលាលភាជន៍ចិនដែរ ដែលផលិតពីស.វ.ទី១៥-១៧។
ទួលតាអុកមានរាងបួនជ្រុងស្មើ មួយជ្រុងៗប្រមាន៦០ម. (រូបលេខ៧)។ ដោយប្រជាជនធ្លាប់គោរពរៀងមកដោយសារជាបុរាណស្ថាន សព្វថ្ងៃនេះមានការតវ៉ាជំទាស់នឹងការឈូសឆាយដីដោយក្រុមហ៊ុនមួយ។ កុលាលភាជន៍មានច្រើនបែបយ៉ាង គឺមានភាជន៍ខ្មែរ មានភាជន៍ចិននិងយួនដែលនាំចូលនៅសតវត្សមុនៗនេះមកផង។
ទួលសើន (ពីមុនមកហៅថាបន្ទាយសើន) សព្វថ្ងៃស្ថិតនៅកណ្តាលស្រែរបស់ប្រជាជន (រូបលេខ៨)។ ឯកុលាលភាជន៍ក៏ប្រហាក់ប្រហែលនឹងទួលខាងលើនេះដែរ។ សំណេរយ៉ាងខ្លីនេះ នាងខ្ញុំគ្រាន់តែចង់បង្ហាញជាដំបូង ហើយយ៉ាងត្រួសៗជាទីបំផុតនូវលទ្ធផលនៃការស្រាវជ្រាវបែបបុរាណវិទ្យាជាក្រុមមួយដែលកំពុងតែមានដំណើរការនៅឡើយ។
រូបលេខ6