ស្បថ

ដោយ អាំង ជូលាន និង ស៊ីយ៉ុន សុភារិទ្ធ

ពីមុនមកខ្មែរជឿរឿងស្បថខ្លាំងណាស់ សូម្បីតែសព្វថ្ងៃក៏នៅតាមតំបន់ផ្សេងៗតែងមានកន្លែងដែលមនុស្សនាំគ្នាទៅស្បថកាលណារកហេតុរកផល រកភស្តុតាងក្នុងវិវាទ ឬសង្ស័យអ្វីមួយពុំឃើញ។ បើនៅតំបន់អង្គរគឺល្បីថាវត្តតាកាំ ជាកន្លែងសក្តិសិទ្ធិក្នុងរឿងស្បថ។ ទីនោះ កាលមុនមានចម្លាក់មួយ ដែលសព្វថ្ងៃគេធ្វើរូបស៊ីម៉ងត៍មកជំនួស ហើយដែលជារូបហនុមាន មានន័យថាគេនាំគ្នាស្បថមុខហនុមាននេះឯងហើយ។ អ្នកខ្លះដែលអះអាងរឿងអ្វីមួយច្បាស់ពីចម្ងាយ លុះមកដល់ជិតពេលត្រូវស្បថហើយ ក៏ប្រកែកលាពាក្យមិនហ៊ានស្បថទៅវិញ ដោយខ្លាចស្លាប់ខ្លួនឯង ឬរហូតដល់កូនចៅផង។

នេះនិយាយពីវិវាទឬការសង្ស័យលើគ្នា ដែលមានក្នុងមជ្ឈដ្ឋានអ្នកស្រុកសុទ្ធសាធ។ បើវិវាទធំឡើងដល់តុលាការ ហើយចៅក្រមនិងក្រុមជំនុំក្តីរកមុខរកបាតមិនឃើញ ពីមុនមកគេតែងឲ្យគូវិវាទនោះស្បថ។ រីឯពាក្យសម្បថនោះវែងឆ្ងាយខ្លាំងណាស់ អ្នកដែលជឿ គ្រាន់តែស្តាប់ទៅក៏ព្រឺក្បាលដែរ ដ្បិតគេសូត្រអន្ទងហៅទេពនិករនានាតាំងពីព្រះឥន្ទ្រ ព្រះព្រហ្ម រហូតដល់កន្ទោងខៀវ ព្រាយក្បាលប្រាំបី ដោយបញ្ជាក់ថា ដែលនៅទីនេះទីនោះជាដើម។

បើពិនិត្យតែពាក្យសម្តីមនុស្ស ដែលគ្រាន់តែនិយាយឲ្យផុតពីមាត់ដោយពុំបានថ្លឹងថ្លែងវែងឆ្ងាយ ក៏ឃើញដែរថាយកពាក្យថា «ស្បថ» មកនិយាយ។ ឧទាហរណ៍ «ខ្ញុំហ៊ានស្បថ», «ខ្ញុំហ៊ានស្បថមុខភ្លើង»... បើពុំនោះទេ ទោះបីមិនប្រើពាក្យថា «ស្បថ» ក៏គង់ថា «ខ្ញុំនិយាយមុខភ្លើង» (អ្នកខ្លះពោលដូច្នេះដោយយកដៃទៅចង្អុលអំពូលអគ្គិសនីផងក៏មាន)។ មួយវិញទៀតច្បាស់ជាខ្មែរបុរាណយល់ថាព្រះអាទិត្យជាដុំភ្លើងមួយយ៉ាងធំប្រមាណទំហំមិនបាន ហើយដែលឆេះសន្ធោរសន្ធៅពុំដែលឈប់។ ហេតុនេះហើយទើបអ្នកខ្លះនិយាយថា «ស្បថ» អ្វីមួយឲ្យតែផុតពីមាត់ទៅ រីឯដៃលើកចង្អុលទៅព្រះអាទិត្យ។ នេះក៏មានន័យថាស្បថមុខភ្លើងដែរ។

សព្វថ្ងៃនេះមានភ្លើងប្រភេទខ្លះដែលខ្មែរប្រើសម្រាប់កំណត់ពេលមួយរយៈវែងឬខ្លីថាជារយៈពេលពិសេស។ យើងខ្ញុំសូមជូនឧទាហរណ៍ពីរ ភ្លើងមួយនោះគឺភ្លើងដែលគេអុជជាប់មិនឲ្យរលត់នៅក្នុងព្រះវិហាររយៈពេលបីខែ ដែលជាភ្លើង “ទៀនព្រះវស្សា” សម្រាប់កំណត់រយៈកាលពិសេសដែលព្រះសង្ឃមានកិច្ចផ្សេងៗត្រូវធ្វើ រាប់តាំងពីសង្វាតរៀន ពុំចេញទៅណាពីវត្តជាដើម។ ឧទាហរណ៍ទីពីរ គឺភ្លើងចង្ក្រានសម្រាប់អ្នកឆ្លងទន្លេ «អាំង»។ បន្ទប់ឬផ្ទៃផ្ទះមួយដែលខ័ណ្ឌដោយវាំងនន ដែលឆ្មបឬគ្រូណាមួយពាត់សីមាហើយ គេហៅថា «ក្រឡាភ្លើង» គឺទីដែលកំណត់ដោយសីមានោះ ហើយដែលមានភ្លើងកំណត់ពេលថា៣ថ្ងៃឬ៧ថ្ងៃជាដើម ទើបទីនោះក្លាយទៅជាធម្មតាវិញ។ ដូច្នោះហើយបានជាពេលដែលឆ្មបមិនទាន់ទម្លាក់ចង្ក្រាន ពោលគឺពន្លត់ភ្លើងនោះទេ មានត្រណមច្រើនដែលត្រូវគោរព រាល់ពេលចូលទៅក្នុងក្រឡានោះហើយ។

បើក្នុងសម័យថ្មីដែលជំនឿនិងប្រពៃណីច្រើនតែថយចុះ ហើយនៅតែឃើញថានៅមានជំនឿលើភ្លើងដូច្នេះ ចុះទំរាំសម័យបុរាណវិញ តើជំនឿអំពីភ្លើងប្រហែលជាខ្លាំងក្លាយ៉ាងណាទៅ? ភ្លើងដែលនៅសម័យបុរាណហៅថា វ្រះវ្លេង (ព្រះភ្លើង) មាននៅតាមចម្លាក់ខ្លះដែរ ដូចជានៅអង្គរវត្តជាដើម (រូបលេខ១-២) ពុំតែប៉ុណ្ណោះមានទាំងចារឹកអក្សរថ្មបញ្ជាក់នៅក្បែរនោះផង (រូបលេខ៣)។ យើងឃើញហើយថា ភ្លើងនេះច្បាស់ជាទីសក្ការៈខ្លាំងណាស់ ដ្បិតគេសែងដង្ហែយ៉ាងអធឹកអធម។ តើព្រះភ្លើងត្រង់នេះសម្រាប់ប្រើក្នុងកិច្ចអ្វីខ្លះ? យើងខ្ញុំពុំក៏ពុំហ៊ានអះអាងថាអ្វីទាំងអស់ តែទោះជាយ៉ាងណាក៏ប្រើក្នុងកិច្ចពិធីដែរ។

ឥឡូវចូរយើងក្រលេកភ្នែកមកសិលាចារឹកបន្តិច។ ព្រះបាទសូរ្យវរ្ម័នទី១ ក្រោយពី ដណ្តើមបានរាជ្យអំណាចពេញលេញស្ថាពរហើយ ក៏ឲ្យក្រុមទ័ព ដែលគេហៅមេៗនោះថា «តម្វ្រច» (ពាក្យនេះសៀមខ្ចីទៅជាយូរមកហើយ ហើយត្រឡប់មកក្នុងភាសាខ្មែរវិញទៅជា «តម្រួត») ឲ្យស្បថនៅអង្គរធំថា នឹងមានភក្តីភាពបរិសុទ្ធឥតខ្ចោះជាមួយព្រះអង្គ។ សម្បថជាឱឡារិកនោះធ្វើឡើងនៅមុខបន្ទាល់ជាសក្ការៈបីយ៉ាង គឺមុខព្រះភ្លើង, ព្រះរត្ន និងព្រាហ្មណាចារ្យ (រូបលេខ៤)។ «ព្រះរត្ន» នៅទីនេះយើងខ្ញុំពុំដឹងថាជាអ្វីច្បាស់លាស់ទេ ប្រហែលជាត្បូងពេជ្រអ្វីមួយពិសេសក៏មិនដឹង។ ឯ “ព្រាហ្មណាចារ្យ ” ច្បាស់ជាព្រាហ្មណ៍ធំៗ ដែលគេទទួលស្គាល់ថាយកមកឲ្យធ្វើជាបន្ទាល់បាន។ រីឯព្រះភ្លើងវិញ តាមស្មានមើលទៅប្រហែលជាប្រភេទភ្លើងដែលគេដង្ហែក្នុងរូបនេះក៏សឹងស្មានបាន។ តទៅនេះជាសម្រង់យ៉ាងខ្លីនៃសិលាចារឹកពាក្យសម្បថនោះ ៖

នេះគិរោះហវទ្ធប្រតិជ្ញ។ យេង្តអំបាល្លនេះហនាភាគតម្វ្រច†ឯកស្យង្ត ‚បថ វេលាកាត្តៃថ្វាយអាយុះនុក‡តជ្ញភក្តតី‚ទុ្ធ តធូលិវ្រះបទកម្រតេង†កំត្វន† អញ†ស្រីសូយ៌្យវម៌្មទេវ តសកលស្វេយ†វ្រះធម៌្មរាជ្យនុ ៩២៤‚ក វេ្នក្នតិវ្រះវេ្លង† វ្រះរត្ននុវ្រាហ្មណាចាយ៌្យ។

ប្រែសម្រួលបន្តិចមកគឺ ៖

«នេះគឺពាក្យប្តេជ្ញា ៖ យើងទាំងអស់គ្នាដែលនៅក្រុមតម្វ្រចទីមួយ នៅពេលនេះសូមស្បថកាត់ដៃថ្វាយអាយុះ សម្តែងកត្តញ្ញូនិងភក្តីភាពបរិសុទ្ធចំពោះព្រះករុណាព្រះបាទស្រីសូរ្យវម៌ ដែលឡើងសោយរាជ្យពេញលេញបរិបូណ៌នៅមហាសករាជ៩២៤ ចំពោះមុខព្រះភ្លើង, ព្រះរត្ន និងព្រាហ្មណាចារ្យ។

ផុតពីនេះទៅទើបសិលាចារឹកនោះរៀបរាប់ពាក្យស្បថថា តម្វ្រចទាំងនោះនឹងមិនធ្វើអ្វីខ្លះជាការប្រទូសរ៉ាយនឹងព្រះរាជា ឬក៏ត្រូវធ្វើអ្វីខ្លះដើម្បីព្រះរាជា។ ចំណុចដែលខ្ញុំចង់យកមកពិចារណាបន្តិច គឺនៅត្រង់ពាក្យថា បថ វេលាកាត្តៃថ្វាយអាយុះ (រូបលេខ៥)។ ពាក្យ «កាត់ដៃថ្វាយអាយុះ» នៅទីនេះច្បាស់ជាគ្រាន់តែជាឃ្លាដែលគេធ្លាប់និយាយរត់មាត់តាមគ្នាក្នុងពាក្យសម្បថហើយ។ ឧបមាពាក្យសព្វថ្ងៃថា «ឈឺរកម៉ែ» ទោះជាមនុស្សថាដូច្នោះមែន ក៏ពុំមែនមានន័យថា ទាល់តែឈឺរហូតដល់ដើររកម៉ែឲ្យជួយមែន ទើបពោលថាដូច្នោះឡើយ។ ប៉ុន្តែមុននឹងក្លាយទៅជាពាក្យរត់មាត់ ក៏ច្បាស់ជាដើមឡើយសំដៅការអ្វីមួយដែលមានពិត គឺថាក្មេងខ្លះយំទៅរកម៉ែឲ្យជួយដូច្នេះមែន។ ឥឡូវត្រឡប់មករឿងកាត់ដៃវិញ។ មុននឹងចេញទៅជាពាក្យរត់មាត់នេះ ច្បាស់ជាមានការកាត់ដៃអ្វីមួយពិតប្រកដហើយ ដែលយើងពុំអាចដឹងច្បាស់។ នៅទីនេះយើងខ្ញុំសូមបង្ហាញរូបចម្លាក់មួយនៅជញ្ជាំងប្រាសាទបាយ័ន្ត ដែលបង្ហាញរូបព្រាហ្មណ៍ម្នាក់កំពុងកាត់ម្រាមដៃខ្លួនឯង (រូបលេខ៦) ហើយបើពិនិត្យមើលរូបលម្អិត ឃើញថាម្រាមដៃពេលនោះកាត់អស់បីហើយ មិនដឹងថានឹងកាត់តទៅទៀត ឬយ៉ាងណាឡើយ (រូបលេខ៧)។ យើងខ្ញុំសូមបញ្ជាក់ឲ្យច្បាស់នៅទីនេះថា ដែលបង្ហាញរូបនេះគឺពុំមែនអះអាងទាល់តែសោះថា ដែលគេស្បថកាត់ដៃថ្វាយអាយុះនោះគឺរបៀបក្នុងរូបព្រាហ្មណ៍នេះទេ ព្រោះរូបនេះមិនដឹងជាបង្ហាញថា ព្រាហ្មណ៍នោះកាត់ដៃខ្លួនឯងក្នុងទេសកាលអ្វីមួយប្រាកដទេ គ្រាន់តែច្បាស់ថាធ្វើឡើងនៅក្នុងកិច្ចពិធីអ្វីមួយសំខាន់ ព្រោះយើងឃើញថាកាត់ឲ្យម្រាមនោះធ្លាក់មកលើភ្លើងដែលគេរៀបចំទុកស្រាប់ ហើយម៉្យាងទៀតមានមនុស្សជ្រោមជ្រែងពីមុខពីក្រោយផង។

ក្នុងអារ្យធម៌ខ្មែរទោះបីជាមិនស្បថក៏ការដែលមនុស្សអះអាងថាខ្លួនពោលពាក្យពិត ជាប្រការសំខាន់ខ្លាំងណាស់។ «ពាក្យពិត» នេះ កាលពីមុនគេនិយមថា «ពាក្យសត្យ» («សត្យ» ជាពាក្យសំស្ក្រឹត ដែលសព្វថ្ងៃច្រើនតែយកពាក្យបាលីមកជំនួសថា «សច្ច» ប្រែថា «ពិត») ហើយបើត្រឡប់ទៅសម័យបុរាណវិញ យើងខ្ញុំសូមជូនសម្រង់យ៉ាងខ្លីអំពីសាធុជនម្នាក់ដែលឲ្យដីខ្លួនមួយកន្លែងដើម្បីគេសង់ប្រាសាទសម្រាប់តម្កល់លិង្គព្រះឥសូរ។ សាធុជននោះធ្វើអំណោយដីខ្លួនចំពោះមុខសាក្សីនៅទីកន្លែងមួយហៅថា “ព្រះមណ្ឌល” ហើយដែលយើងខ្ញុំមិនដឹងថាជាទីអ្វីមួយប្រកដ ហើយនៅកន្លែងណា។ សិលាចារឹកនិយាយថា គាត់ប្រកាស > វោល† នុ សត្យ វេ្នក† វ្រះមន្ទល (រូបលេខ៨) សម្រួលមកថា “ពោលពាក្យពិតនៅចំពោះមុខព្រះមណ្ឌល”។