សិក្សាកុលាលភាជន៍

ដោយកញ្ញា ពេជ្រ ធីតា

ពាក្យថាកុលាលភាជន៍សំដៅទៅលើវត្ថុប្រើប្រាស់និងគ្រឿងលម្អផ្សេងៗធ្វើអំពីដីដុត។ សព្វថ្ងៃនេះយើងនៅធ្វើតែក្អម, ឆ្នាំង, ជើងក្រាន…ជាដើមដែលការដុតនោះពុំតម្រូវឲ្យមានឡទេដោយសារតែកម្ដៅដែលត្រូវការពុំបាច់ក្ដៅខ្លាំង(ពាក្យបច្ចេកទេសអង់គ្លេសថា Earthenware) ពោលគឺអាចគចំបើងនិងឪសដុតកណ្ដាលវាលបាន។ ប៉ុន្តែនៅសម័យបុរាណវិញខ្មែរផលិតរហូតដល់កុលាលភាជន៍ដែលរឹងជាសាច់ចាន(ពាក្យបច្ចេក ទេសអង់គ្លេសថា Stoneware)។ របស់របរបុរាណទាំងនោះធ្វើមកដើម្បីប្រើប្រាស់ក៍ពិតមែន ប៉ុន្ដែកម្រិតសិល្បៈឃើញថាខ្ពង់ខ្ពស់ពុំតែប៉ុណ្ណោះមានបុគ្គលិកលក្ខណៈរបស់ខ្លួនពិតប្រាកដមិនច្រឡំនឹងកុលាលភាជន៍នៃប្រទេសដទៃឡើយ។ ដូច្នេះហើយបានជាអ្នកសិក្សាប្រើពាក្យថា Khmer ceramics។ មកទល់ពេលនេះការសិក្សាចាប់ផ្ដើមមានសន្ទុះខ្លាំងហើយទាំងវិស័យសិល្បៈ ទាំងវិស័យបច្ចេកទេសរាប់បញ្ចូលទាំងការសិក្សាអំពីឡព្រមទំាងស្ថានីយផលិតនានានៅក្នុងទឹកដីខ្មែរបច្ចុប្បន្នក្ដីនិងសព្វថ្ងៃនៅទឹកដីប្រទេសជិតខាងក្ដី។

អ្នកដែលមិនដឹងកាលណាប្រទះឃើញបំណែកកុលាលភាជន៍នៅទីនេះទីនោះច្រើនតែយល់ ថាលែងមានតម្លៃអ្វីទៀតឡើយព្រោះបែកបាក់អស់។ ប៉ុន្តែចំពោះអ្នកសិក្សាវិញបំណែកអ្វីក៏ត្រូវរក្សាទុកដែរ ព្រោះជាមរតកដូនតាពីជំនាន់មុន ជាពិសេសទៅទៀតបើមានអំណត់អត់ ធន់បំណែកជាច្រើនអាចរកគ្នាឃើញហើយយកមកផ្ដុំចេញជារូបរាងដើមឡើងវិញ។ សព្វថ្ងៃអ្នកសិក្សាខ្មែរចាប់ផ្ដើមធ្វើការងារនេះនៅតាមស្ថាប័នសិក្សាមួយចំនួន។ ឧទាហរណ៍ដែលខ្ញុំនឹងបង្ហាញគឺជាភាជន៍ខ្លះដែលផ្គុំឡើងនៅមហាវិទ្យាល័យបុរាណវិទ្យា, ក្រុងភ្នំពេញ។ ដំណាក់កាលដំបូងបង្អស់គឺការសម្អាត។ ឯការសម្អាតនេះសោតក៏តម្រូវឲ្យគិតពិចារណាដែរថាតើត្រូវសម្អាតដល់កម្រិតណា។ ក្នុងករណីខ្លះគេអាចសម្រេចថាគ្រាន់តែសម្អាតយកដី, ភក់ស្ងួត, និងឈើជាដើមចេញប៉ុន្តែមិនប៉ះពាល់ដល់ស្នាមម្រែងភ្លើង, ច្រែះនិងសំណល់អ្វីទៀតឡើយព្រោះអាចឲ្យយើងយល់ពីការប្រើប្រាស់ជំនាន់នោះ។ គួរជ្រាបថាបើសម្អាតដល់កម្រិតណាមួយហើយគឺពុំអាចមកត្រឡប់ក្រោយវិញទេ។

វិធីសម្អាតមានពីរយ៉ាង។ ទី១ ជាវិធីស្ងួតពោលគឺមិនយកអ្វីពីក្រៅមកលាងឡើយប្រើតែឧបករណ៍សុទ្ធសាធមានជក់, ច្រាសទន់, ឬស្សី, កូនកាំបិតមុខស្ដើងជាដើម(រូបលេខ១)។ នេះជាវិធីអនុវត្តលើភាជន៍ដែលពុកផុយខ្លាំងដោយសារកាដុតនោះប្រើកម្ដៅទាបនិងជាមួយជាភាជន៍ដែលមានលាបពណ៌(រូបលេខ២-៦)។ ទី២ជាវិធីសើមមានន័យថាយើងអាចប្រើទឹក, អាល់កុល, អាសេតូន…ត្បិតកាលដុតនោះប្រើកម្ដៅខ្ពស់ដូចជាភាជន៍ពពួកព័រសឺឡែន (Porcelain) និងភាជន៍ផ្សេងទៀតដែលគេបានលាបពណ៌(រូបលេខ៧-១០)។

សរុបមកការគិតពិចារណាមុននឹងសម្អាតជាប្រការសំខាន់ត្បិតអីតែជ្រុលហើយពុំអាចត្រឡប់ក្រោយវិញបានឡើយ។