សូមកើតមកជាខ្មែររទៀត

ដោយ អាំង ជូលាន

ប្រមាណ២០ឆ្នាំកន្លងមកនេះ មិនឆ្ងាយប៉ុន្មានពីទីក្រុងនគររាជ (សព្វថ្ងៃជាទឹកដីប្រទេសថៃឡង់ដ៍) គេបានប្រទះឃើញផ្ទាំងសិលាចារឹកមួយពេញលេញ ឥតមានបាក់បែកអ្វីទាំងអស់ (រូបលេខ ១)។ សិលាចារឹកនោះចារឡើងនៅផ្នែកទីពីរនៃស.វ. ទី១១, ក្រោមរាជ្យព្រះបាទឧទយាទិត្យទី២ ហើយមានពីរភាសា។ ៣០បន្ទាត់ខាងលើជាកាព្យសំស្ក្រឹត ឯ៦បន្ទាត់ចុងក្រោយជាខ្មែរ។ លោក Chirapat Prapandvidya ជាសាស្ត្រាចារ្យនៅ មហាវិទ្យាល័យ បុរាណវិទ្យា នៃសាកលវិទ្យាល័យ សិល្បាករ នៅទីក្រុងបាងកក បានប្រែសិលាចារឹកនេះជាភាសាអង់គ្លេស៍ ហើយចុះផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តី The Journal of the Siam Society, Vol. 78, Part 2 នៅឆ្នាំ១៩៩០។ សេចក្តីនៅក្នុងនោះវែងឆ្ងាយ ពាក់ព័ន្ធនឹងការសាងព្រះពុទ្ធរូបនៅក្នុងនិកាយពេជ្រយាន (ជានិកាយមួយនៅក្នុងមហាយាន) ដោយពុទ្ធសាសនិកម្នាក់នៅលើភ្នំមួយដែលកាលនោះមានឈ្មោះថា “អភ័យគិរី”។ អ្នកដែលចង់ដឹងរឿងនេះឱ្យបានវែងឆ្ងាយ អាចអានអត្ថបទដែលបានជម្រាបមកហើយនេះ។ គោលបំណងខ្ញុំនៅទីនេះ ឥតមានចង់និយាយសេចក្តីទាំងស្រុងដែលលោកសាស្ត្រាចារ្យ Chirapat Prapandvidya បានរៀបរាប់មកហើយទេ តែខ្ញុំសូមលើកយកតែឃ្លាខ្លីមួយក្នុងផ្នែកសំស្ក្រឹតមកបង្ហាញ ដោយចង់ឱ្យអ្នកអានឃើញថាខ្មែរសម័យនោះអាចស្រឡាញ់ជាតិខ្លួនដល់ត្រឹមណា។ មួយវិញទៀតពុំមែនតែខ្ញុំទេដែលចាប់អារម្មណ៍រឿងនេះ ព្រោះខ្ញុំធ្លាប់បានឮការចាប់អារម្មណ៍ដូចគ្នាពីសំណាក់ លោកសាស្ត្រាចារ្យ Kangvol Khatshima (លោកបង្រៀនភាសាខ្មែរនៅសាកលវិទ្យល័យសិល្បាករនោះដែរ) នៅក្នុងបឋកថាមួយនាទីក្រុងបាងកក។ ឃ្លានេះស្រង់ពីបន្ទាត់ទី២៩ (រូបលេខ២) ហើយបើយកមកដាក់ជាអក្សរសព្វថ្ងៃ គឺ ៖ ចេត្ផលំ មេស្តិ បុណ្យានាំ ជាតោហំ កម្វុជេ ទ្រុតម ប្រែសម្រួលមកថា ៖ បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែន [ជាតិក្រោយៗ] សូមឱ្យខ្ញុំឆាប់មកកើតនៅកម្ពុជា [ទៀត]។