ដោយ អាំង ជូលាន និង ស៊ីយ៉ុន សុភារិទ្ធិ
ក្នុងអត្ថបទខ្លីនេះ យើងខ្ញុំយកតែពាក្យខ្លីមួយដែលធ្លាប់ឮគេសូត្រខ្សឹបៗនៅពេលដែលគេ «ចាប់បាយបិណ្ឌ» ពោលគឺពូតបាយជាពំនូតបិណ្ឌសម្រាប់យកទៅបោះឲ្យប្រេត (រូបលេខ១-២) មកពិចារណា ។ ពាក្យនេះយើងខ្ញុំផ្ទាល់ពុំដែលឃើញមានថាគេចារឬបោះពុម្ពសម្រាប់យកមកទន្ទេញឬអានសូត្រឡើយ។ តែប្រការនេះក៏ពុំប្លែកអ្វីដែរ ដ្បិតជាពាក្យខ្លីហើយងាយចាំណាស់ដែលមានដូចតទៅ ៖
ខ្ញុំសូមចាប់បាយបិណ្ឌ មធុបាយាស
ព្រះពុទ្ធបានត្រាស់ ពោធិសត្វផង
ផ្តាំទៅតាកឹង ឲ្យចាប់ឆ្កែចង
សុំផ្លូវទៅផង យកបាយទៅជូនដូនតា។
អ្នកស្រាវជ្រាវដឹងហើយថាថ្វីដ្បិតតែពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌសព្វថ្ងៃធ្វើឡើងក្នុងក្របខណ្ឌនៃព្រះពុទ្ធសាសនាពេញទីក៏ដោយ តែពីបុរាណកាលមកគឺជាកិច្ចពិធីព្រហ្មញ្ញសាសនាទេ។ សិលាចារឹកច្រើនណាស់ដែលធ្វើឲ្យយើងដឹងរឿងនេះ ហើយបើយកតែមួយសំខាន់មកនិយាយគឺសិលាចារឹក K. 279c ដែលចារឡើងនៅចុង ស.វ.ទី៩ ហើយដែលគេរកឃើញនៅខាងត្បូងថ្នល់បារាយ។ ហេតុដូច្នេះយើងខ្ញុំពុំយកពាក្យព្រះពុទ្ធ, ព្រះពោធិសត្វ, មធុបាយាស…មកនិយាយឡើយ ដ្បិតយើងស្គាល់អស់ហើយ។ តួអង្គដែលមនុស្សភាគច្រើនមិនដឹង ថាជានរណានោះគឺ «តាកឹង»។ តើតាកឹងនេះជានរណា? នៅក្នុងព្រហ្មញ្ញសាសនា កិង្ករ សម្តៅលើក្រុមយម្ភូបាល ដែលមានមុខមាត់គួរឲ្យខ្លាច ហើយអាកប្បកិរិយាកាចសាហាវ វាយដំនិងធ្វើទារុណកម្មគ្រប់បែបយ៉ាងដល់អ្នកដែលធ្លាក់ទៅក្នុងនរកនានា។ កិង្ករ នេះជាក្រុមសេនាឬបាវបម្រើរបស់ព្រះយមរាជ។ សិលាចារឹកនៅកម្ពុជាសម័យបុរាណមាននិយាយពីពួកនេះតាំងពីស.វ.ទី៧មកម្ល៉េះ ឧទាហរណ៍ K. 22។ ក្រោយមកទៀតក៏សិលាចារឹកនៅតែនិយាយ ពេលណាដែលមានរៀបរាប់ពីស្ថាននរក ឧទាហរណ៍ K. 277 ដែលចារនៅស.វ.ទី១១។ ពាក្យសំស្រ្កឹត កិង្ករ ដែលខ្មែរសព្វថ្ងៃអានថា «កឹង» នេះ ជាការអានក្លាយទៅតាមបែបបទស័ព្ទជាធម្មតា។ ម្យ៉ាងទៀតនៅសម័យបច្ចុប្បន្ន គេក៏មានប្រទះឃើញឈ្មោះនេះសរសេរតាមអានដូច្នេះដែរ ដូចមានបង្ហាញនៅក្នុងពាក្យសូត្រស្មាលាទោសមួយដែលបង្ហាញនៅរូប លេខ៣។ ជួនកាល «ព្រះកឹង» ដែលឃើញក្នុងនោះ គេហៅថា «កឹងករុណំ» ក៏មានដែរ។
មិនត្រឹមតែមាននិយាយក្នុងសិលាចារឹកទេ ពួក កិង្ករ នេះមានបង្ហាញនៅតាមចម្លាក់ដែរ។ នៅរូបលេខ ៤-៧ យើងឃើញពួកនេះបណ្ដើរហើយវាយដំសត្វនរក បើនៅរូប៨-១០វិញមិនឃើញវាយដំច្រំធាក់នរណាទេ តែគេបង្ហាញឲ្យឃើញក្នុងទិដ្ឋភាពមួយគួរឲ្យខ្លាច។
រូបលេខ៦
រូបលេខ៧
ប្រការតូចមួយទៀតក្នុងពាក្យសូត្រចាប់បាយបិណ្ឌដែលគួរឲ្យយកមកគិត គឺនៅត្រង់អ្នកសូត្រម្នាក់ៗសុំឲ្យតាកឹង «ចាប់ឆ្កែចង» កុំឲ្យយាយីគេនៅពេលដែលគេយកបាយទៅឲ្យដូនតា។ នេះជាការយល់ក្លាយនៅពេលក្រោយមកប៉ុណ្ណោះ ដ្បិតក្នុងព្រហ្មញ្ញសាសនាគឺព្រះយមរាជអង្គឯងដែលមានឆ្កែកាច ហើយឆ្កែនោះមានដល់ទៅពីរព្រមទាំងមួយៗមានភ្នែកដល់ទៅបួនផង។ ដូច្នេះនេះគ្រាន់តែជាការក្លាយពីព្រះយមរាជមានឆ្កែទៅបាវបម្រើព្រះយមរាជមានឆ្កែតែប៉ុណ្ណោះ។