ដោយ ហេង សុផាឌី
ប្រទេសខ្មែរមានស្ថានីយបុរេប្រវត្តិសាស្ត្រដែលមានសណ្ឋាននិងរូបរាងច្រើនបែបច្រើនយ៉ាងស្ថិតនៅតាមតំបន់ នានាទូទាំងប្រទេស។ ស្ថានីយខ្លះស្ថិតក្នុងរូងភ្នំ ខ្លះនៅតាមតំបន់ខ្ពង់រាប និងខ្លះទៀតស្ថិតនៅតំបន់ទំនាបតាម បណ្តោយទន្លេមេកុង និងជុំវិញបឹងទន្លេសាប។ ចំណែកនៅតំបន់ខ្ពង់រាបដីក្រហមត្រើយខាងកើតទន្លេមេកុងក្នុងខេត្ត កំពង់ចាម ពិសេសក្នុងស្រុកពញាក្រែកនិងស្រុកមេមត់ មានស្ថានីយបុរេប្រវត្តិសាស្ត្រមួយប្រភេទមានរាងមូលដោយ សារមានកំពែងដីនិងគូទឹកពាត់ជុំវិញ ហើយអ្នកស្រុករស់នៅតំបន់នោះហៅថា “បន្ទាយគូ”។
នៅទសវត្ស១៩៥០និង១៩៦០ មានបុរាណវិទូជាតិបារាំងពីរនាក់បានសិក្សានិងស្រាវជ្រាវខ្លះៗទៅលើស្ថានីយ មួយចំនួនរួចមកហើយ តែការងារនោះបានអាក់ខានទៅវិញដោយសារមូលហេតុច្រើនយ៉ាង។ សព្វថ្ងៃនេះមានក្រុម បុរាណវិទូខ្មែរមួយក្រុម រួមសហការជាមួយអ្នកឯកទេសជាតិអាល្លឺម៉ង់កំពុងបន្តការងារស្រាវជ្រាវអំពីស្ថានីយបន្ទាយគូនេះ ជាបន្តទៀត។ រហូតមកដល់សព្វថ្ងៃមានបន្ទាយគូចំនួន៣៥បានរកឃើញ និងចុះក្នុងបញ្ជីសារពើភណ្ឌបន្តបន្ទាប់។ ស្ថានីយទាំង៣៥នេះស្ថិតនៅផ្តុំគ្នាក្នុងតំបន់បីផ្សេងគ្នា គឺ៥ស្ថិតនៅក្នុងចម្ការកៅស៊ូក្រែក, ២៥ស្ថិតនៅក្នុងចម្ការកៅស៊ូ មេមត់ និងចម្ការដំណាំផ្សេងៗរបស់អ្នកស្រុកមេមត់។ រីឯ៥ទៀតទើបរកឃើញនៅក្នុងចម្ការកៅស៊ូស្នួល ខេត្តក្រចេះ។ ទៅថ្ងៃមុខយើងសង្ឃឹមថានឹងរកឃើញបន្ទាយគូបន្ថែមទៀតក្នុងតំបន់ទាំងនោះ។
ជាទូទៅយើងសង្កេតឃើញបន្ទាយគូស្ថិតផ្តុំគ្នាលើតំបន់ខ្ពង់រាបដីក្រហមក្នុងខេត្តកំពង់ចាម និងមួយចំនួន ទៀតស្ថិតនៅខ្ពង់រាបដីក្រហមភាគខាងត្បូងប្រទេសវៀតណាម។ ស្ថានីយទាំងនោះមានអង្កត់ផ្ចិតចន្លោះ២០០ម.ទៅ ២៨០ម. ជាទូទៅមានច្រកចេញចូលពីរ ហើយស្ថិតនៅក្បែរប្រភពទឹកជានិច្ច។ កំណាយក្នុងបន្ទាយគូកន្លងមកបាន ជួបប្រទះរបស់របរប្រើប្រាស់ផ្សេងៗ ដូចជាឧបករណ៍ធ្វើពីថ្មមានពូថៅឬដឹង, ថ្មសំលៀងពន្លាក, គ្រឿងអលង្ការមានកងដៃ ធ្វើពីថ្ម, កងដៃធ្វើពីកែវ, អង្កាំធ្វើពីថ្ម, ខ្នារអំបោះ, គ្រាប់លុញ, ក្អមឆ្នាំង ព្រមទាំងកម្ទេចកម្ទីរ ថ្មជាច្រើនទៀត។
ឆ្លងតាមការវិភាគទៅលើទិន្នន័យ ដែលបានមកពីការជីកតាមបែបបុរាណវិទ្យា អាចឱ្យយើងសន្និដ្ឋានថា បន្ទាយគូប្រហែលជាកន្លែងតាំងទីលំនៅរបស់សហគមន៍មនុស្សស្ថិតក្នុងយុគលោហៈ។ ដោយសារតំបន់នោះជា តំបន់ដីក្រហមមានជាតិអាស៊ីតខ្ពស់ សារធាតុសរីរាង្គផ្សេងៗដូចជាឆ្អឹង, ឈើ, ក្រណាត់ និងសំណល់ស្ថាបត្យកម្មពុំនៅ គង់វង្សឡើយ។
យើងខិតខំបន្តកិច្ចការស្រាវជ្រាវអំពីស្ថានីយបន្ទាយគូឱ្យបានស៊ីជម្រៅថែមទៀត ដើម្បយល់ដឹងពីជីវភាពរស់នៅ និងអារ្យធម៌របស់សហគមន៍មនុស្ស ដែលបានកសាងនិងរស់នៅក្នុងស្ថានីយទាំងនោះ ។
១ ទិដ្ឋភាពបន្ទាយគូមួយនៅមេមត់ ថតឆ្នាំ១៩៥៩
២ អង្កាំធ្វើពីថ្មហ្គាណេត និងធ្វើពីកែវ, ស្ថានីយក្រែក
៣ ជើងពានធ្វើពីដីដុត, បន្ទាយគូក្រែក
៤ ខ្នារអំបោះធ្វើពីដីដុត, ស្ថានីយក្រែក៥២ / ៦២ (២០០១)
៥ ពូថៅឬដឹងមានពន្លួញ, ស្ថានីយក្រែក៥២ / ៦២
៦ កងដៃធ្វើពីកែវ, ស្ថានីយក្រែក៥២ / ៦២