ស្ថានីយឡកុលាលភាជន៍នៅជើងឯក

ដោយ  ផុន  កសិកា

 ក្រៅអំពីការផលិតកុលាលភាជន៍នៅតាមតំបន់ផ្សេងៗជាច្រើននៃប្រទេសកម្ពុជានាបច្ចុប្បន្ននេះ “បណ្តាញពត៌មានវប្បធម៌ខ្មែរ”  ធ្លាប់បានចុះអត្ថបទមួយចំនួនតូចប៉ុណ្ណោះអំពីឡបុរាណ ដែលពីមុនមកគេផលិតវត្ថុប្រើប្រាស់ធ្វើអំពីកុលាលភាជន៍។ តាមពិតទៅវិជ្ជានិងការស្រាវជ្រាវអំពីកុលាលភាជន៍បុរាណ មានសន្ទុះលឿនទៅមុខគួឲ្យចាប់អារម្មណ៍ខ្លាំងចាប់តាំងពីប្រមាណ១៥ឆ្នាំកន្លងមកនេះ។ ប្រការដែលគួរឲ្យយកមកគិតគឺថា ហេតុអ្វីក៏វិស័យកុលាលភាជន៍ ពោលគឺជាវិស័យបច្ចេកទេសផង ឧស្សាហកម្មផង សិល្បៈយ៉ាងខ្ពង់ខ្ពស់មួយផង បាត់បង់ពីប្រទេសកម្ពុជាទៅតាំងពីចុងសម័យអង្គរមក?  សំណួរនេះ មកទល់សព្វថ្ងៃក៏ពុំទាន់មានចម្លើយអ្វីមួយឲ្យសមរម្យគួរយកមកពន្យល់នៅឡើយ។ អ្នកស្រាវជ្រាវបានធ្វើកំណាយឡមួយចំនួនធំដែរ ជាពិសេសនៅតំបន់អង្គរ ដូចជានៅអន្លង់ធំ, តានី, សសី, ខ្នារពោធិ៍, ទ័ពជ័យ ជាដើម (ចំពោះឡទ័ពជ័យ ដែលជាឡផលិតកុលាលភាជន៍ធំជាងគេនៅអាស៊ីអាគ្នេយ៍នេះ សូមអាននៅជំពូកទី៤ អត្ថបទលេខរៀងទី៥៣)។ ក្រៅអំពីតំបន់អង្គរ បើនិយាយអំពីស្ថានីយដែលមានឡតែម្តងគឺហាក់ដូចជាពុំទាន់ឮថាមានច្បាស់នៅទីណា ឬទីណាឡើយ។ ដែលអ្នកស្រាវជ្រាវតែងប្រទះឃើញយកមកធ្វើវិភាគនោះ គឺគ្រាន់តែជាបំណែកកុលាលភាជន៍នានាដែលមនុស្សសម័យមុនធ្លាប់ប្រើប្រាស់។

ទើបតែប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះទេ ដែលយើងដឹងថាមានតំបន់ឡយ៉ាងសំខាន់មួយនៅក្នុងរាជធានីភ្នំពេញតែម្តង ពោលគឺវាតទីទៅលើសង្កាត់ជើងឯកមួយភាគនិងសង្កាត់ដង្កោមួយ ភាគ។ ក្រុមស្រាវជ្រាវយើងខ្ញុំចាប់ផ្តើមធ្វើការសិក្សាប៉ុន្មានឆ្នាំមុននេះទៅក៏ឃើញថា ទីនេះពុំមែនគ្រាន់តែមានឡមួយពីរគ្រាន់នឹងផលិតវត្ថុប្រើប្រាស់ខ្លួនឯងប៉ុណ្ណោះឡើយ តែប្រហែលអាចជាស្ថានីយមួយដែលមានលក្ខណៈជាឧស្សាហកម្មផងក៏មិនដឹង។ ដូច្នេះហើយបានជានាំគ្នាខំប្រឹងប្រែងធ្វើការស្រាវជ្រាវនោះតទៅទៀត។ ម៉្យាងទៀត បើមិនរួសរាន់ស្រាវជ្រាវទេឃើញថានឹងបាត់ទិន្នន័យអស់ ដោយសារស្ថានីយទាំងមូលរងការបំផ្លិចបំផ្លាញឈូសឆាយគ្រប់បែបយ៉ាងរៀងរាល់ថ្ងៃ។ ត្រង់នេះខ្ញុំសូមបញ្ជាក់ថា តំបន់ទាំងមូលនោះគេស្គាល់ថាជាតំបន់បុរាណមួយដ៏ធំធេងរួចមកហើយ ដ្បិតមានស្លាកស្នាមច្រើនបែបយ៉ាង និងច្រើនសម័យកាលផង (រូបលេខ១-២)។ ដែលដឹងតិចតួចស្តួចស្តើងពីមុនមក គឺខ្ញុំនិយាយតែអំពីកុលាលភាជន៍ប៉ុណ្ណោះ។ អត្ថបទនេះជាសេចក្តីសង្ខេបយ៉ាងខ្លីអំពីលទ្ធផលនៃកំណាយលើកទីពីរ ដែលធ្វើឡើងនៅឆ្នាំ២០១២នេះ។

សូមជ្រាបថាទីតាំងទាំងមូលនោះសម្បូណ៌ទៅដោយទួលឡ ហើយរាប់ទៅឃើញថាមានចំនួនដល់ទៅ៦៧ទួល។ ទួលនីមួយៗមានឡដែលប្រើច្រើដំណាក់កាល ហើយយើងបាន បង់លេខទួលឡទាំងនោះខុសៗគ្នាដើម្បីសម្គាល់។ នៅទីនេះខ្ញុំយកតែទួលលេខ១៧មួយប៉ុណ្ណោះមកបង្ហាញ ដោយសារត្រង់នេះហើយដែលយើងខ្ញុំទើបនឹងធ្វើកំណាយ (រូបលេខ ៣-៤)។ នៅក្បែរៗទួលលេខ១៧នេះមានឡចំនួន៦ តែក្នុងនោះមាន៥ដែលទទួលរងការបំផ្លាញទាំងស្រុងរួចទៅហើយកាលពីឆ្នាំ២០០៦ ដូច្នេះនៅសល់តែឡលើទួលលេខ១៧មួយប៉ុណ្ណោះ (រូបលេខ៥-៧)។ ឡដែលនៅសេសសល់ទោលតែឯងលើទួលនេះ ពីមុនមកគេប្រើប្រាស់ក្នុង៣ដំណាក់កាល ដូច្នោះហើយទើបឃើញមានកម្រាលច្រើនជាន់ (រូបលេខ៨)។ រចនាសម្ព័ន្ធនៅបាតនិងផ្នែកខាងក្រោមនៃជញ្ជាំងធ្វើអំពីឥដ្ឋ ដែលមានរូបរាងពុំខុសអ្វីពីឥដ្ឋដែលកសាងប្រាសាទឡើយ (រូបលេខ៩ បង្ហាញពីបំណែកឥដ្ឋផ្សេងៗរបស់ឡ)។ រីឯផ្នែកដទៃទៀតនៃឡក៏ដូចគ្នា ឧទាហរណ៍ គុកភ្លើងនៅរូបលេខ១០-១១ លុះមកដល់ដំណាក់កាលមួយថ្មីទៀត គេត្រូវធ្វើថ្មី។ ចំណែកឯសសរសម្រាប់ទ្រដំបូលវិញ យើងពុំដឹងថាមានប៉ុន្មានទេកាលដែលឡនោះមានដំណើរការ ប៉ុន្តែយើងឃើញមានសំណល់សសរមួយ (រូបលេខ ១២)។  រីឯកំណល់សម្រាប់ទ្រភាជន៍ក្នុងពេលដុតនោះឃើញមាននៅសេសសល់ខ្លះ ហើយរូបរាងក៏ខុសៗគ្នា ដូចអាចឃើញនៅរូបលេខ១៣។

វត្ថុផលិតដែលយើងរកឃើញនៅក្នុងឡនេះមានជាអាទិ៍ ក្រឡ ឬឪទិន (រូបលេខ១៤-១៥), ថូដែលមានមាត់ធំជាងឪទិន (រូបលេខ១៦), បំណែកមាត់ភាជន៍ (រូបលេខ១៧)។

ដូចបាននិយាយពីខាងលើបន្តិចដែរ បើគិតតាមចំនួនឡដែលមានច្រើនយ៉ាងនេះ ស្ថានីយជើងឯកពុំគ្រាន់តែជាចំណុចសំខាន់មួយ ដែលមានប្រជាជនស្អេកស្កះប៉ុណ្ណោះទេនៅបុរាណកាល គឺច្បាស់ជាយើងអាចគិតថា ជាមណ្ឌលឧស្សាហកម្មដែរ យ៉ាងហោចណាស់ក៏អាចនិយាយក្នុងវិស័យកុលាលភាជន៍បាន។ ថ្វីដ្បិតតែការខូចខាតមានច្រើនក្រាស់ក្រែលមកហើយក្តី ក៏ខ្ញុំនៅតែសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្រទាប់នឹងចាប់អារម្មណ៍ឈឺឆ្អាលក្នុងរឿងនេះ ហើយទប់ស្កាត់កុំឲ្យវិនាសកម្មដែលប៉ះពាល់ទៅលើបុរាណដ្ឋានជាប្រវត្តិសាស្ត្រនេះរាលដាលតទៅទៀត។