ត្បាល់បុកនៅតាមចម្លាក់បុរាណផ្សេងៗ

ដោយ ភឹង តារា

 ដូចយើងដឹងស្រាប់ ជាទូទៅ ចម្លាក់នៅតាមប្រាសាទបុរាណនានាច្រើនតែជារូប ឬរឿងដែលទាក់ទងនឹងទេព ទោះជាក្នុងព្រះពុទ្ធសាសនា ឬព្រហ្មញ្ញសាសនាក្នុងនិកាយណាមួយក្តី លើកលែងតែប្រាសាទមួយចំនួនតូច ដូចជាប្រាសាទបាយ័ន្ត និងប្រាសាទបន្ទាយឆ្មារជាដើម ដែលយើងអាចឃើញមានចម្លាក់ទាក់ទងនឹងការរស់នៅរបស់អ្នកស្រុក។ នៅទីនេះខ្ញុំច្បិច យកតែចំណុចតូចមួយប៉ុណ្ណោះមកបង្ហាញ គឺចម្លាក់ដែលទាក់ទងទៅនឹងការបុកដោយប្រើអង្រែនិងត្បាល់។ ម៉្យាងទៀតតំបន់ដែលខ្ញុំបង្ហាញមានតែតំបន់អង្គរប៉ុណ្ណោះ។ បានជាខ្ញុំ យកមកបង្ហាញ គឺដោយសារតែធម្មតារូបប្រភេទនេះមានទំហំតូចខ្លាំងណាស់ រមែងតែងតែកន្លងផុតភ្នែកអ្នកទស្សនាដែលពុំបានយកចិត្តទុកដាក់ខ្លាំង។

ខ្ញុំមិនហ៊ានសន្និដ្ឋានថារូបដែលនឹងបង្ហាញទាំងប៉ុន្មាន បញ្ជាក់ថាមនុស្សបុកស្រូវទេ ព្រោះអាចជាបុកធញ្ញជាតិ ឬបុកអ្វីផ្សេងទៀតផង។ រូបលេខ១ មកពីប្រាសាទតាព្រហ្ម បង្ហាញពីមនុស្សពីរនាក់កាន់អង្រែបុក។ អ្នកទាំងពីរនេះជាមនុស្សស្រី បើយើងពិនិត្យមើលទៅសំពត់វែង និងជាពិសេសសក់ដែលបួង។ ចូរយើងប្រៀបធៀបរូបនេះមកនឹងការប្រើប្រាស់អង្រែនិងត្បាល់សព្វថ្ងៃ ដែលមាននៅរូបលេខ២ ដែលឃើញគេកំពុងដាល់អំបុក។ នៅប្រាសាទ តាព្រហ្មដដែលនេះមានចម្លាក់អំពីការបុកត្បាល់មួយកន្លែងទៀត ដូចបង្ហាញនៅរូបលេខ ៣។ នៅកណ្តាល គេឃើញមានរូបស្រីពីរនាក់ស្លៀកសំពត់វែង បួងសក់ កំពុងតែបុកអ្វីមួយដែលប្រហែលជាអង្ករ (រូបលេខ៤)។ នៅផ្នែកខាងឆ្វេងមានស្រីម្នាក់ទៀតកំពុងតែអុំអង្ករក្នុងចង្អេរមួយ (រូបលេខ៥)។ ចម្លាក់នៅចុងខាងឆ្វេងសឹករិចរិលច្រើន តែយើងអាចឃើញមនុស្សប្រុសម្នាក់កំពុងតែលើកអង្ករលីលើស្មា ដោយដៃទាំងពីរលើកទប់ពីក្រោយ។ រីភាគខាងស្តាំនៃរូបទាំងមូលវិញ មានមនុស្សប្រុសពីរនាក់ ដៃកាន់លើកអ្វីមួយនៅដៃស្តាំដូចគ្នា ចំណែកឯដៃឆ្វេងវិញគឺច្រត់ចង្កេះ (រូបលេខ៦)។ តាមស្មានមើលរូបផ្នែកខាងស្តាំនេះប្រហែលទាក់ទងនឹងការបុកស្រូវនោះហើយ ប៉ុន្តែយើងពិបាកសន្និដ្ឋានថាអ្នកទាំងពីរនោះធ្វើអ្វីពិតប្រាកដ ដោយសារថ្មរិចរិលច្រើន។ ចម្លាក់រូបស្រីពីរនាក់កំពុងបុកអ្វីមួយក៏មាននៅទីដទៃដែរ ដូចជានៅប្រាសាទព្រះខ័ន (រូបលេខ៧)។ បើនៅក្លោងទ្វារទន្លេអុំនៃអង្គរធំវិញ (រូបលេខ៨) អ្នកបុកនៅខាងស្តាំហាក់ដូចជាមនុស្សប្រុស បើយោងតាមក្បាលពោះ ចំណែកឯខាងឆ្វេងប្រហែលជាមនុស្សស្រី ដោយសារមាឌតូចជាងនោះ។ នៅប្រាសាទតាសោមវិញ យើងឃើញមានរូបរបៀបនេះដល់ទៅពីរកន្លែង (រូបលេខ៩-១០) ដែលបង្ហាញពីកាយវិការបុកខុសគ្នា ហើយទំនងជាមនុស្សស្រីផង។ រូបលេខ១១ ពិបាកបកស្រាយបន្តិច ដូច្នេះហើយបានជាខ្ញុំព្យាយាមគូរចម្លងមកបង្ហាញជាមួយគ្នា។ សូមជ្រាបថារូបនេះមកពីប្រាសាទ តាព្រហ្មកិល ដែលគេដឹងថាជាហោបន់ស្រន់នៃមន្ទីរពេទ្យមួយសាងឡើងជំនាន់ព្រះបាទ ជ័យវ្ម័នទី៧។ ការបកស្រាយរបស់ខ្ញុំធ្វើឡើងនៅក្នុង    បរិបទនេះ តែគ្រាន់តែជាការស្មានប៉ុណ្ណោះ។ ខ្ញុំយល់ថារូបនៅក្នុងរង្វង់មូលទី១ ដែលយើងឃើញថាមានមនុស្សពីរនាក់កំពុងបុកអ្វីមួយនោះ ប្រហែលជាបុកថ្នាំក៏មិនដឹង ត្បិតយើងនៅក្នុងបរិវេណមន្ទីរពេទ្យ។ នៅក្នុងរង្វង់ទី២ គេឃើញមនុស្សម្នាក់លុតជង្គង់ជូនវត្ថុអ្វីមួយ (ថ្នាំ?) ទៅមនុស្សម្នាក់ទៀត ដែលកំពុងហុចដៃទទួល។ រង្វង់ទី៣ ហាក់ដូចជាបង្ហាញថាអ្នកនោះកំពុងយកថ្នាំទៅព្យាបាលអ្នកជំងឺម្នាក់ ដែលខ្លួនកំពុងគ្រាឱ្យងើបឡើង។

រូបដែលខ្ញុំស្គាល់ហើយបង្ហាញមកនេះ សុទ្ធសឹងនៅបុរាណដ្ឋាននានាដែលសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ តើចំណុចនេះអាចមានន័យអ្វីពិសេស ឬក៏ជាការចៃដន្យប៉ុណ្ណោះ? មកដល់ពេលនេះខ្ញុំពុំហ៊ានធ្វើការអះអាងអ្វីទាំងអស់ គឺគ្រាន់តែលើកចំណុចនេះឱ្យអ្នកអានចាប់អារម្មណ៍។